នៅយប់ថ្ងៃទី ២៨ ខែមិថុនា និងព្រឹកព្រលឹមថ្ងៃទី ២៩ ខែមិថុនា មន្ត្រី និងយុទ្ធជននៃកងទ័ពប្រជាជនវៀតណាម និងនគរបាលប្រជាជនវៀតណាមបានចេញដំណើរទៅកាន់ប្រទេសវេណេស៊ុយអេឡា ដើម្បីចូលរួមក្នុងការស្វែងរក ជួយសង្គ្រោះ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយផលវិបាក់នៃគ្រោះរញ្ជួយដី។
កងកម្លាំងភស្តុភារ និងបច្ចេកទេសកំពុងរៀបចំដឹកជញ្ជូនទំនិញ ស្បៀងអាហារ និងសម្ភារៈទៅកាន់ប្រទេសវេណេស៊ុយអេឡា។ រូបថត៖ VNA
មន្ត្រី និងយុទ្ធជនអាជីពចំនួន ៨២ នាក់នៃកងទ័ពវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ឯក Pham Van Ty អនុប្រធាននាយកដ្ឋានជួយសង្គ្រោះគ្រោះមហន្តរាយ (អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម)។ ក្នុងនោះ មានវិស្វករចំនួន ៣១ នាក់ កម្លាំងពេទ្យយោធាចំនួន ៣០ នាក់ រួមជាមួយក្រុមមនុស្ស ១០ នាក់ប្រើប្រាស់សត្វឆ្កែ ៨ ក្បាលដើម្បីស្វែងរក និងជួយសង្គ្រោះ។ លើសពីនេះ ក្រុមការងារបាននាំយកសម្ភារៈប្រមាណ ៨៨ តោន រួមទាំងអាហារស្ងួតចំនួន ៥០ តោន តង់ចំនួន ១.៦០០ និងម៉ាស៊ីនភ្លើងចំនួន ១៥ គ្រឿង។ បេសកកម្មផ្តល់ជំនួយមនុស្សធម៌ និងជួយសង្គ្រោះគ្រោះមហន្តរាយនេះមានរយៈពេល ២០ ថ្ងៃ។
ដោយមានបទពិសោធន៍ជាក់ស្តែងយ៉ាងទូលំទូលាយ ឧត្តមសេនីយ៍ឯក Pham Van Ty បានឱ្យដឹងថា៖ «ក្រុមសត្វឆ្កែស្វែងរកត្រូវបានដាក់ពង្រាយដើម្បីស្វែងរកជនរងគ្រោះ និងសាកសពនៅក្នុងគំនរបាក់បែក។ បន្ទាប់មក នឹងប្រគល់ទៅឱ្យកងវិស្វកម្ម និងកងកម្លាំងក្នុងស្រុកផ្សេងទៀតសម្រាប់ជួយសង្គ្រោះ។ ដោយប្រើប្រាស់កងវិស្វកម្ម ឧបករណ៍ស្វែងរកដោយរូបថតនិងសំឡេង ជាមួយប្រព័ន្ធរ៉ាដា ដែលយើងបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពក្នុងការស្វែងរកនិងជួយសង្គ្រោះជនរងគ្រោះដោយការរញ្ជួយដីនៅក្នុងប្រទេសទួរគី និងមីយ៉ាន់ម៉ា។ ដាក់ពង្រាយក្រុមពេទ្យយោធាមួយដើម្បីទទួល ពិនិត្យ ព្យាបាល និងផ្តល់ថ្នាំដោយឥតគិតថ្លៃដល់ប្រជាជន និងកងកម្លាំងដែលកំពុងបំពេញបេសកកម្មនៅទីនោះ»។
នេះជាលើកទីបីហើយដែលកងទ័ពប្រជាជនវៀតណាមបានដាក់ពង្រាយកងកម្លាំង និងឧបករណ៍នៅបរទេសដើម្បីអនុវត្តបេសកកម្មផ្តល់ជំនួយមនុស្សធម៌ និងជួយសង្គ្រោះគ្រោះមហន្តរាយ។ ក្នុងចំណោមយុទ្ធជនដែលចូលរួមក្នុងបេសកកម្មនេះ មានមនុស្សជាច្រើនធ្លាប់បានជួយរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទួរគី និងមីយ៉ាន់ម៉ា ក្នុងការដោះស្រាយផលវិបាក់នៃគ្រោះរញ្ជួយដីនៅឆ្នាំ ២០២៣ និង ឆ្នាំ ២០២៥។
ទន្ទឹមនឹងនេះ នៅយប់ថ្ងៃទី ២៨ ខែមិថុនា ក្រុមជួយសង្គ្រោះនៃកងកម្លាំងនគរបាលប្រជាជនវៀតណាម បានចេញដំណើរទៅកាន់ប្រទេសវេណេស៊ុយអេឡា។ ក្រុមការងារនេះមានសមាជិក ៤២ នាក់ រួមជាមួយយានយន្តឯកទេស ឧបករណ៍ស្វែងរក សម្ភារៈវេជ្ជសាស្ត្រ និងការគាំទ្រចាំបាច់៕
តាម vovworld.vn/km-KH