ពិធីប្រគល់មេដាយរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដល់កងពេទ្យកម្រិត២ លេខ៧ របស់វៀតណាម បានធ្វើឡើងនៅថ្ងៃទី២៦ ខែមិថុនា នៅតំបន់ Bentiu ប្រទេសស៊ូដង់ខាងត្បូង។ មេដាយនេះ ត្រូវបានផ្តល់ជូនដល់បុគ្គលិកយោធាដែលបានបំពេញកាតព្វកិច្ចយ៉ាងល្អឥតខ្ចោះ នៅក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
កងពេទ្យកម្រិត២ លេខ៧ របស់វៀតណាម ទទួលបានមេដាយរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ រូបថត៖ daibieunhandan
នៅក្នុងពិធីនេះ ឧត្តមសេនីយ៍ត្រី Junhui WU មេបញ្ជាការនៃបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS) បានបញ្ជាក់ថា ចាប់តាំងពីការដាក់ពង្រាយកងពេទ្យកម្រិត២ ដំបូងគេទៅកាន់តំបន់ Bentiu ក្នុងឆ្នាំ២០១៨ មន្ទីរពេទ្យកម្រិត២ របស់វៀតណាមបានបង្ហាញពីវិជ្ជាជីវៈ ជំនាញខ្ពស់ និងស្មារតី ខិតខំប្រឹងប្រែងក្នុងការអនុវត្តបេសកកម្ម។ ដោយកោតសរសើរយ៉ាងខ្លាំងចំពោះការរួមចំណែករបស់កម្លាំងពេទ្យយោធាវៀតណាម ឧត្តមសេនីយ៍ត្រី Syed Wajahat Hussain NAQVI មេបញ្ជាការតំបន់ភាគខាងជើងនៃ UNMISS បានបញ្ជាក់ថា៖ «កងពេទ្យកម្រិត ២ របស់វៀតណាមបានបញ្ជាក់តួនាទីជាសសរស្តម្ភដ៏សំខាន់នៃបេសកកម្មអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង។ ដោយមានជំនាញវិជ្ជាជីវៈខ្ពស់ និស្មារតីខិតខំប្រឹងប្រែង អ្នកបានផ្តល់ការថែទាំសុខភាពគុណភាពខ្ពស់ រួមចំណែកដល់ការធានាសុខភាពនិងសមត្ថភាពត្រៀមខ្លួនបំពេញបេសកកម្មរបស់កងកម្លាំងទាំងអស់ ដែលកំពុងធ្វើការនៅក្នុងបរិយាកាសស្មុគស្មាញ និងពោរពេញទៅដោយបញ្ហាប្រឈមនេះ។ តួនាទីរបស់វៀតណាមលើសពីសមិទ្ធផលផ្នែកវេជ្ជសាស្ត្រផងដែរ។ ការរួមចំណែករបស់មន្ទីរពេទ្យដល់សហគមន៍ក្នុងតំបន់ក៏ជាសញ្ញាសម្គាល់មួយក្នុងការអនុវត្តបេសកកម្មរបស់ខ្លួនផងដែរ។ តាមរយៈកម្មវិធីពិនិត្យ និងព្យាបាលសុខភាព ការគាំទ្រដល់ក្រុមងាយរងគ្រោះ និងការអប់រំអំពីការថែទាំសុខភាព អ្នកមិនត្រឹមតែផ្តល់ការថែទាំសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតក្តីសង្ឃឹម និងក្តីមេត្តាធម៌សម្រាប់ប្រជាជននៅតំបន់ Bentiu ផងដែរ»។
ពិធីនេះមិនត្រឹមតែជាឱកាសដើម្បីលើកតម្កើងដល់ការរួមចំណែករបស់កងពេទ្យកម្រិត ២ លេខ ៧ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងដោយឥតឈប់ឈររបស់វៀតណាមក្នុងរយៈពេលជិតមួយទសវត្សរ៍នៃការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕
តាម vovworld.vn/km-KH