អ្នកស្រាវជ្រាវវប្បធម៌បូព៌ា លោក Cai Yujie (ជនជាតិតៃវ៉ាន់) បច្ចុប្បន្នគាត់ជាគ្រូបង្រៀននៅសាកលវិទ្យាល័យពាណិជ្ជកម្មអន្តរជាតិ ហាណូយ (Ha Noi) ។
អ្នកស្រាវជ្រាវវប្បធម៌បូព៌ា លោក Cai Yujie (ជនជាតិតៃវ៉ាន់) បច្ចុប្បន្នគាត់ជាគ្រូបង្រៀននៅសាកលវិទ្យាល័យពាណិជ្ជកម្មអន្តរជាតិ ហាណូយ (Ha Noi) ។ លោក Cai Yujie ចេះស្ទាត់ ៤ភាសាគឺ ចិន អង់គ្លេស ជប៉ុន ជាពិសេសគឺភាសាវៀតណាម លោក Cai Yujie កំពុងសិក្សាថ្នាក់បណ្ឌិតផ្នែកប្រវត្តិសាស្ត្រនៅប្រទេសវៀតណាម។ គាត់មានសេចក្តីស្រឡាញ់ពិសេសចំពោះវប្បធម៌តែវៀតណាម ដូច្នេះហើយ គាត់បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការស្រាវជ្រាវផ្នែកនេះនៅវៀតណាម។
អ្នកស្រាវជ្រាវវប្បធម៌បូព៌ា លោក Cai Yujie បានផ្ដោតការស្រាវជ្រាវយ៉ាងស៊ីជម្រៅអំពីតែវៀតណាម និងវប្បធម៌ហូបតែ នៅវៀតណាម។ រូបថត៖ វៀតគឿង
លោក Cai Yujie កើតនៅឆ្នាំ ១៩៨៩ បានបញ្ចប់ការសិក្សាផ្នែកសង្គមវិទ្យានៅសាកលវិទ្យាល័យតៃប៉ិ (NTPU) ផ្នែកការទូតនៃសាកលវិទ្យាល័យនយោបាយតៃវ៉ាន់ និងជាអនុបណ្ឌិតគ្រូបង្រៀន ភាសាចិន និងវប្បធម៌ចិននៅសកលវិទ្យាល័យគរុកោសល្យជាតិតៃវ៉ាន់ (២០១៤-២០១៩)។ សិក្សាភាសាវៀតណាមតាំងពីឆ្នាំ ២០១០ លោក Cai Yujie ជាអ្នកមានទេពកោសល្យក្នុងការរៀនភាសាបរទេស ជាពិសេសគឺការស្រឡាញ់ភាសាវៀតណាម ដូច្នេះលោក Cai Yujie បានក្លាយជាគ្រូបង្រៀនភាសាវៀតណាម និងវប្បធម៌ វៀតណាម នៅសាកលវិទ្យាល័យវប្បធម៌តៃប៉ិ និងសកលវិទ្យាល័យពាណិជ្ជកម្មតៃប៉ិ។ លោកបាnបង្រៀនភាសាវៀតណាមដល់និស្សិត និងមន្ត្រីជនជាតិតៃវ៉ាន់ជាច្រើននាក់ដែលបាន និងនឹងមកធ្វើការនៅប្រទេសវៀតណាម។
នៅក្នុងឆ្នាំ ២០១៤ ពាណិជ្ជករតៃវ៉ាន់ជាច្រើននាក់បានចាប់អារម្មណ៍លើទីផ្សារតែវៀតណាម និងវប្បធម៌ហូបតែរបស់វៀតណាម ពីព្រោះមានផលិតផលតែវៀតណាមជាច្រើនប្រភេទដែលត្រូវបាននាំចេញទៅកាន់ទីផ្សារតៃវ៉ាន់។ នេះគឺជាវិស័យដ៏ទាក់ទាញមួយ ដែលលោក Cai Yujie ចូលចិត្ត ដូច្នេះហើយគាត់បានចំណាយពេលច្រើនក្នុងការស្រាវជ្រាវលើវិស័យវប្បធម៌តែវៀតណាម ដើម្បីសរសេរសារណាថ្នាក់អនុបណ្ឌិតរបស់គាត់។
លោក Cai Yujie ធ្លាប់ធ្វើការក្នុងកសិដ្ឋានផលិតតែ Đong Phuong My Nhan នៅទីក្រុង Taoyuan តៃវ៉ាន់ ដែលជារោងកែច្នៃតែជាច្រើនប្រភេទគុណភាពល្អ និងទទួលបានពានរង្វាន់ថ្នាក់ជាតិ។ ការងារនៅទីនេះបានជួយលោក Cai Yujie យល់ដឹងកាន់តែស៊ីជម្រៅអំពីទ្រឹស្តី និងការពិតអំពីតែ។ នៅឆ្នាំ ២០២០ លោកបានទទួលវិញ្ញាបនបត្រនៃសមត្ថភាពកែច្នៃ និងការវិភាគតែ (កម្រិត C) ដែលផ្តល់ដោយក្រសួងកសិកម្មតៃវ៉ាន់។
ដើម្បីអនុវត្តសារណាថ្នាក់អនុបណ្ឌិតដោយប្រធានបទ៖ ពីលក្ខណៈម្ចាស់វប្បធម៌ និងឧស្សាហ៍កម្មតែ ពិភាក្សាអំពីវប្បធម៌តែវៀតណាម។ នាឆ្នាំ ២០១៧ លោក Cai Yujie បានមកប្រទេសវៀតណាមអស់រយៈពេល ៦ ខែ ដើម្បីស្វែងយល់អំពីតំបន់វត្ថុធាតុដើមនៃតែវៀតណាម របៀបដែល កសិករវៀតណាមដាំតែ បេះតែ ហើយឆ្នៃជាផលិតផលតែសម្រាប់នាំចេញ។ អស់រយៈពេល ៦ខែជាប់ៗគ្នា គាត់បានធ្វើដំណើរទៅកាន់គ្រប់ទីកន្លែងពីទីក្រុង សាយហ្គន (Sai Gon) ខេត្តឡឹមដុង (Lam Dong) ទីក្រុងហ្វេ (Hue) ខេត្ត ដាណាំង (Da Nang) ទីក្រុងហូយអាន (Hoi An) ខេត្តថាយង្វៀន (Thai Nguyen) ខេត្តទៀនក្វាង (Tuyen Quang) ខេត្តឡាវកាយ (Lao Cai) ខេត្តហាយ៉ាង (Ha Giang) ស្រុកតាសួ (Ta Xua) (ខេត្ត សើនឡា (Son La)) និង សួយយ៉ាង (Suoi Giang) (ខេត្ត អៀនបាយ (Yen Bai)) ដើម្បីទទួលបទពិសោធន៍អំពីតែវៀតណាមពីតំបន់វត្ថុធាតុដើមរហូតដល់តុហូបតែ។
ត្រឡប់ទៅតៃវ៉ាន់វិញដោយនាំយកនូវមនោសញ្ចេតនា និងចំណាប់អារម្មណ៍អំពីតំបន់ដាំតែដែលគាត់ធ្លាប់ទៅដល់នៅប្រទេសវៀតណាម លោក Cai Yujie បានបញ្ចប់ដោយជោគជ័យនូវសារណាថ្នាក់អនិបណ្ឌិត របស់គាត់។ ជាពិសេស គាត់បានសរសេរអត្ថបទវិទ្យាសាស្រ្តអំពីវប្បធម៌តែវៀតណាមជាច្រើនដោយភាសាចិន។ ស្នាដៃ "រសជាតិពីពែងតែ" គាត់បានសរសេរជាពីរភាសា (វៀតណាម និងចិន) លើកឡើងអំពីទំនាក់ទំនងរវាងឪពុក-កូនតាមរយៈពែងតែ បានជ្រើសរើសចូលក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតប្រឡងអក្សរសិល្ប៍ថ្នាក់ជាតិនៃប្រទេសតៃវ៉ាន់ក្នុងឆ្នាំ ២០១៦។ លោក Cai Yujie ក៏បានសរសេរអត្ថបទវិទ្យសាស្រ្តអំពីតែជាច្រើនផ្ញើទៅទស្សនាវដ្ដីវិទ្យាសាស្ត្រជាភាសាវៀតណាម និងភាសា អង់គ្លេស។
នៅឆ្នាំ ២០២១ លោក Cai Yujie បានសម្រេចចិត្តមកប្រទេសវៀតណាម ដើម្បីបន្តការសិក្សាថ្នាក់បណ្ឌិតផ្នែកប្រវត្តិសាស្ត្រ នៅមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ សកលវិទ្យាល័យជាតិហាណូយ (Ha Noi) ហើយក៏មានឱកាសស្រាវជ្រាវបន្ថែមអំពីតែវៀតណាម ក៏ដូចជាវប្បធម៌ហូបតែរបស់ប្រជាជនវៀតណាមផងដែរ។ គាត់ត្រូវបានក្រុមហ៊ុនតែ ទៀនថៀន (Tien Thien) អញ្ជើញទៅទទួលបទពិសោធន៍នៅតំបន់តែសានទៀត ( San Tuyet) នៅតាថាង (Ta Thang) ខេត្ត ឡាវកាយ (Lao Cai) ។
ក្នុងឆ្នាំ ២០២៣ លោក Cai Yujie បានរៀបចំ workshop "សន្ទនានឹងតុតែវៀតណាម" ជាមួយមិត្តភក្តិអន្តរជាតិ (ចិន តៃវ៉ាន់ ជប៉ុន...) ដោះដូររឿងចំណាប់អារម្មណ៍អារម្មណ៍អំពីវប្បធម៌ហូបតែរបស់ប្រជាជនវៀតណាម ក៏ដូចជាចែករំលែកចំណេះដឹងអំពីដើមតែ និងរបៀបហូបតែដល់មនុស្សទាំងអស់គ្នា។ ភាពសាមញ្ញ ការចង់ស្វែងយល់ និងបេះដូងបើកទូលាយ សុទ្ធតែជាចរិតគួរឲ្យស្រលាញ់របស់លោក Cai Yujie ។ មិត្តភ័ក្តិ និងសហការីជនជាតិតៃវ៉ាន់ជាច្រើននាក់បានហៅគាត់ជាស្ពានវប្បធម៌វៀតណាម-តៃវ៉ាន់។/.
អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ វៀតគឿង ឯកសារ កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង
អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ វៀតគឿង ឯកសារ កាសែតរូបភាពវៀតណាម ប្រែសម្រួលដោយង្វៀនយ៉ាង