លោក Cai Yujie - ក្តីស្រលាញ់តែវៀតណាម

លោក Cai Yujie - ក្តីស្រលាញ់តែវៀតណាម

អ្នកស្រាវជ្រាវវប្បធម៌បូព៌ា លោក Cai Yujie (ជនជាតិតៃវ៉ាន់) បច្ចុប្បន្នគាត់​ជាគ្រូបង្រៀននៅសាកលវិទ្យាល័យពាណិជ្ជកម្មអន្តរជាតិ ហាណូយ (Ha Noi) ។ លោក Cai Yujie ចេះស្ទាត់ ៤ភាសាគឺ ចិន អង់គ្លេស ជប៉ុន ជាពិសេសគឺភាសាវៀតណាម លោក Cai Yujie កំពុងសិក្សាថ្នាក់បណ្ឌិតផ្នែកប្រវត្តិសាស្ត្រ​នៅប្រទេសវៀតណាម។ គាត់មានសេចក្តីស្រឡាញ់ពិសេសចំពោះវប្បធម៌តែវៀតណាម ដូច្នេះហើយ គាត់បានយក​ចិត្តទុក​ដាក់យ៉ាងខ្លាំងលើការស្រាវជ្រាវផ្នែកនេះនៅវៀតណាម។

អ្នកស្រាវជ្រាវវប្បធម៌បូព៌ា លោក Cai Yujie  បានផ្ដោតការស្រាវជ្រាវយ៉ាង​ស៊ី​ជម្រៅអំពី​តែវៀតណាម និងវប្បធម៌ហូបតែ នៅវៀតណាម។ រូបថត៖ វៀតគឿង

លោក Cai Yujie កើតនៅឆ្នាំ ១៩៨៩ បានបញ្ចប់ការសិក្សាផ្នែកសង្គមវិទ្យានៅសាកលវិទ្យាល័យតៃប៉ិ (NTPU) ផ្នែកការទូតនៃសាកលវិទ្យាល័យនយោបាយតៃវ៉ាន់ និងជាអនុបណ្ឌិតគ្រូបង្រៀន ភាសា​ចិន និងវប្បធម៌ចិននៅសកលវិទ្យាល័យគរុកោសល្យជាតិតៃវ៉ាន់ (២០១៤-២០១៩)។ សិក្សាភាសាវៀតណាមតាំងពីឆ្នាំ ២០១០ លោក Cai Yujie ជាអ្នកមានទេពកោសល្យក្នុងការរៀនភាសាបរទេស ជាពិសេសគឺការស្រឡាញ់ភាសាវៀតណាម ដូច្នេះលោក Cai Yujie បានក្លាយជាគ្រូបង្រៀនភាសាវៀតណាម និងវប្បធម៌ វៀតណាម នៅសាកលវិទ្យាល័យវប្បធម៌តៃប៉ិ និងសកលវិទ្យាល័យពាណិជ្ជកម្មតៃប៉ិ។ លោក​បាnបង្រៀន​ភាសា​វៀតណាម​ដល់​និស្សិត និង​មន្ត្រី​ជនជាតិតៃវ៉ាន់​​ជាច្រើន​នាក់​ដែល​បាន​ និង​នឹងមកធ្វើការ​នៅ​ប្រទេស​វៀត​ណាម។


នៅក្នុងឆ្នាំ ២០១៤ ពាណិជ្ជករតៃវ៉ាន់ជាច្រើននាក់បានចាប់អារម្មណ៍លើទីផ្សារតែវៀតណាម និងវប្បធម៌ហូបតែរបស់វៀតណាម ពីព្រោះមានផលិតផលតែវៀតណាមជាច្រើនប្រភេទដែលត្រូវបាននាំចេញទៅកាន់ទីផ្សារតៃវ៉ាន់។ នេះគឺជាវិស័យដ៏ទាក់ទាញមួយ ដែលលោក Cai Yujie ចូលចិត្ត ដូច្នេះហើយគាត់បានចំណាយពេលច្រើនក្នុងការស្រាវជ្រាវលើវិស័យវប្បធម៌​តែវៀតណាម ដើម្បីសរសេរសារណាថ្នាក់អនុបណ្ឌិតរបស់គាត់។

លោក Cai Yujie ធ្លាប់ធ្វើការក្នុងកសិដ្ឋាន​ផលិតតែ Đong Phuong My Nhan  នៅទីក្រុង Taoyuan តៃវ៉ាន់ ដែលជារោងកែច្នៃតែជាច្រើន​ប្រភេទគុណភាពល្អ និងទទួលបានពានរង្វាន់ថ្នាក់ជាតិ។ ការងារនៅទីនេះបានជួយលោក Cai Yujie យល់ដឹងកាន់តែស៊ីជម្រៅអំពីទ្រឹស្តី និងការពិតអំពីតែ។ នៅឆ្នាំ ២០២០ លោកបានទទួលវិញ្ញាបនបត្រនៃសមត្ថភាពកែច្នៃ និងការវិភាគតែ (កម្រិត C) ដែលផ្តល់ដោយក្រសួងកសិកម្មតៃវ៉ាន់។


ដើម្បីអនុវត្តសារណាថ្នាក់អនុបណ្ឌិតដោយប្រធានបទ៖ ពីលក្ខណៈម្ចាស់វប្បធម៌ និងឧស្សាហ៍កម្មតែ​ ពិភាក្សាអំពីវប្បធម៌តែវៀតណាម។ នាឆ្នាំ ២០១៧ លោក Cai Yujie បានមកប្រទេសវៀតណាមអស់រយៈពេល ៦ ខែ ដើម្បីស្វែងយល់អំពីតំបន់វត្ថុធាតុដើមនៃតែវៀតណាម របៀបដែល កសិករវៀតណាមដាំតែ បេះតែ ហើយឆ្នៃជាផលិតផលតែសម្រាប់នាំចេញ។ អស់រយៈពេល ៦ខែជាប់ៗគ្នា គាត់បានធ្វើដំណើរទៅកាន់គ្រប់ទីកន្លែងពីទីក្រុង សាយ​ហ្គន (Sai Gon) ខេត្តឡឹម​ដុង (Lam Dong) ទីក្រុង​ហ្វេ (Hue) ខេត្ត ដាណាំង (Da Nang) ទីក្រុង​ហូយ​អាន (Hoi An) ខេត្តថាយ​ង្វៀន (Thai Nguyen) ខេត្ត​ទៀន​ក្វាង (Tuyen Quang)  ខេត្ត​ឡាវកាយ (Lao Cai) ខេត្តហាយ៉ាង (Ha Giang) ស្រុក​តាសួ (Ta Xua) (ខេត្ត​ សើន​ឡា (Son La)) និង សួយ​យ៉ាង (Suoi Giang) (ខេត្ត អៀន​បាយ (Yen Bai)) ដើម្បីទទួលបទពិសោធន៍អំពីតែវៀតណាមពីតំបន់វត្ថុធាតុដើមរហូតដល់តុហូប​តែ។

ត្រឡប់ទៅតៃវ៉ាន់វិញដោយនាំយកនូវមនោសញ្ចេតនា និងចំណាប់អារម្មណ៍អំពីតំបន់ដាំតែដែលគាត់ធ្លាប់​ទៅ​ដល់នៅប្រទេសវៀតណាម  លោក Cai Yujie បានបញ្ចប់ដោយជោគជ័យនូវសារណាថ្នាក់អនិបណ្ឌិត របស់គាត់។ ជាពិសេស គាត់បានសរសេរអត្ថបទវិទ្យាសាស្រ្តអំពីវប្បធម៌តែវៀតណាមជាច្រើនដោយភាសាចិន។ ស្នាដៃ "រសជាតិ​ពីពែងតែ" គាត់បានសរសេរជាពីរភាសា (វៀតណាម និងចិន) លើកឡើងអំពីទំនាក់ទំនងរវាងឪពុក-កូនតាមរយៈពែងតែ បានជ្រើសរើស​ចូល​ក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតប្រឡងអក្សរសិល្ប៍ថ្នាក់ជាតិនៃប្រទេសតៃវ៉ាន់​ក្នុងឆ្នាំ ២០១៦។ លោក Cai Yujie ក៏បានសរសេរអត្ថបទវិទ្យសាស្រ្តអំពីតែជាច្រើនផ្ញើទៅទស្សនាវដ្ដីវិទ្យាសាស្ត្រជាភាសាវៀតណាម និងភាសា អង់គ្លេស។


នៅឆ្នាំ ២០២១ លោក Cai Yujie បានសម្រេចចិត្តមកប្រទេសវៀតណាម ដើម្បីបន្តការសិក្សាថ្នាក់បណ្ឌិតផ្នែកប្រវត្តិសាស្ត្រ នៅមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ សកលវិទ្យាល័យជាតិហាណូយ (Ha Noi) ហើយក៏មានឱកាសស្រាវជ្រាវបន្ថែមអំពីតែវៀតណាម ក៏ដូចជាវប្បធម៌​ហូបតែរបស់​ប្រជាជនវៀតណាមផងដែរ។ គាត់​ត្រូវ​បាន​ក្រុមហ៊ុនតែ ទៀន​ថៀន (Tien Thien)  អញ្ជើញទៅទទួល​បទពិសោធន៍នៅ​តំបន់​តែសានទៀត ( San Tuyet) ​នៅតាថាង (Ta Thang) ខេត្ត​ ឡាវ​កាយ (Lao Cai) ។ 


ក្នុងឆ្នាំ ២០២៣ លោក Cai Yujie បានរៀបចំ workshop "សន្ទនានឹងតុតែវៀតណាម" ជាមួយមិត្តភក្តិអន្តរជាតិ (ចិន តៃវ៉ាន់ ជប៉ុន...) ដោះដូររឿងចំណាប់អារម្មណ៍អារម្មណ៍អំពីវប្បធម៌ហូបតែរបស់ប្រជាជនវៀតណាម ក៏ដូចជាចែករំលែកចំណេះដឹងអំពីដើមតែ និងរបៀបហូបតែដល់​មនុស្សទាំងអស់គ្នា។ ភាពសាមញ្ញ ការ​ចង់​ស្វែងយល់ និងបេះដូងបើកទូលាយ សុទ្ធតែជាចរិតគួរឲ្យស្រលាញ់របស់លោក Cai Yujie ។ មិត្តភ័ក្តិ និងសហការីជនជាតិតៃវ៉ាន់ជាច្រើននាក់បានហៅគាត់ជាស្ពានវប្បធម៌វៀតណាម-តៃវ៉ាន់។/.

អត្ថបទ៖ ប៊ិច​វ៉ឹន​ រូបថត៖ វៀតគឿង ឯកសារ កាសែតរូបភាពវៀតណាម

ប្រែសម្រួល​ដោយ​ង្វៀន​យ៉ាង

 


top