លោកសាស្ត្រាចារ្យ Sugihara Kokichi និងការតាំងពិព័រណ៍នៃកម្មវិធីគណិតវិទ្យា ដោយគំរូបំភាន់ភ្នែក
ការគិតបែបវិទ្យាសាស្ត្រ និងភាពថ្មីថ្មោងក្នុងការស្រាវជ្រាវគណិតវិទ្យាដោយគំរូបំភាន់ភ្នែក បានលោកសាស្រ្តាចារ្យ Sugihara Kokichi រចនាក្លាយជាស្នាដៃសិល្បៈ តាំងបង្ហាញក្នុងពិព័រណ៍ "ការបំភាន់ភ្នែក" នៅប្រទេសវៀតណាម។ រឿងរ៉ាវនៃ "ការបំភាន់ភ្នែក" នេះ ប្រៀបដូចជាជំនោរខ្យល់ថ្មីមួយ ដើម្បីឱ្យប្រជាជនវៀតណាមមានការពិសោធន៍ពិសេសអំពីគណិតវិទ្យា សិល្បៈ នៅក្នុងជីវភាពរស់នៅសហសម័យ។
សាស្រ្តាចារ្យ Sugihara Kokichi (វិទ្យាស្ថានស្រាវជ្រាវគណិតវិទ្យាកម្រិតខ្ពស់ សកលវិទ្យាល័យ Meiji ប្រទេសជប៉ុន) ជាអ្នកដែលធ្លាប់បានឈ្នះក្នុងការប្រកួត "ភាពបំភាន់ភ្នែក" អន្តរជាតិចំនួនបួនលើក។ លោកជាអ្នកជំនាញជួរមុខនៃប្រទេសជប៉ុន ក្នុងវិស័យគណិតវិទ្យាអនុវត្ត និងការយល់ដឹងអំពីលំហ។ ទឹកចិត្តរបស់លោក គឺជួយសាធារណជន និងយុវជនវៀតណាមស្វែងយល់អំពីភាពអស្ចារ្យនៃគណិតវិទ្យាតាមទស្សនៈចក្ខុ រូបរាង 3D និងភាពបំភាន់ភ្នែក ដើម្បីរចនាជាស្នាដៃ ដែលមានសិល្បៈវិធីខ្ពស់ អាចអនុវត្តបានក្នុងជីវភាពរស់នៅ។
តាំងពិព័រណ៍សិល្បៈ "ភាពបំភាន់ភ្នែក" របស់សាស្រ្តាចារ្យ Sugihara Kokichi តាំងបង្ហាញនៅមជ្ឈមណ្ឌលផ្លាស់ប្តូវប្បធម៌វៀតណាម-ជប៉ុន ចាប់ពីខែមិថុនា ដល់ខែសីហា ឆ្នាំ២០២៥ នាំមកជូនអ្នកទស្សនាវៀតណាមនូវការពិសោធន៍បែបថ្មី ព្រមទាំងពង្រីកស្ពានវប្បធម៌រវាងប្រទេសជប៉ុន និងវៀតណាម តាមរយៈគណិតវិទ្យា សិល្បៈ និងវិទ្យាសាស្ត្រ។ នេះជាលើកទីមួយហើយ ដែលសាធារណជនវៀតណាម បានស្វែងយល់អំពីពិភពចក្ខុបសាទ ពោរពេញដោយភាពភ្ញាក់ផ្អើល និងបញ្ហាប្រឈមគ្រប់ដែនកំណត់ នៃការយល់ឃើញធម្មតា។ ជាមួយនឹងស្នាដៃចំនួន៥៣គំរូ សុទ្ធតែធ្លាប់បានតាំងពិព័រណ៍ និងឈ្នះរង្វាន់នៅប្រទេសជប៉ុន និងអន្តរជាតិ ដែលបានរចនាឡើងដោយសាស្រ្តាចារ្យ Sugihara Kokichi។
តាំងពិព័រណ៍ "ភាពបំភាន់ភ្នែក" និងសិក្ខាសាលា "ពិភពបំភាន់ភ្នែក 3D តែងអត្ថិភាពទោះបីដឹងការពិត" ដោយសាស្រ្តាចារ្យ Sugihara Kokichi ធ្វើបទបង្ហាញ។ ឥរិយាបទរួសរាយរាក់ទាក់ និងទេពកោសល្យជ្រៅជ្រះ ក្នុងការសិក្សាគណិតវិទ្យារបស់លោក បានជំរុញបំផុសគំនិតអ្នកចូលរួមជាច្រើន រួមគ្នាទទួលការពិសោធន៍អស្ចារ្យនៃការបំភាន់ភ្នែកក្នុងគណិតវិទ្យា។
ស្នាដៃ "ជណ្ដើរបង្វិលគ្មានដែនកំណត់ - អាចធ្វើដំណើរបាន" (ឆ្នាំ២០២១) បានដាក់តាំងបង្ហាញនៅសារមន្ទីរវិចិត្រសិល្បៈ Saga (ឆ្នាំ២០២២) និងសារមន្ទីរ Miyagi (ឆ្នាំ២០២៣)។ ស្នាដៃ "ស្ពានរំអិល៤ទិស បឺតគ្រប់វត្ថុ" ឈ្នះរង្វាន់លេខមួយក្នុងការប្រកួតរូបភាពបំភាន់ភ្នែក ប្រចាំទ្វីបអាស៊ីឆ្នាំ២០១០។ ទម្រង់រូបភាពស្ពានរំអិល ប្រឆាំងទំនាញផែនដី ក៏បានដាក់តាំងនៅបរិវេណ Nakano នៃសកលវិទ្យាល័យ Meiji (ខែឧសភា ឆ្នាំ២០១៨)។ ស្នាដៃអនុវត្ត "ប្លុកផ្លាស់ប្ដូររាង" ទទួលបានជ័យលាភីលេខពីរក្នុងការប្រកួតបំភាន់ភ្នែកឆ្នាំ២០១៦។
សាស្រ្តាចារ្យ Sugihara Kokichi បានតែងតាំងជាសាស្រ្តាចារ្យកិត្តិយសឆ្នើម វិទ្យាស្ថានស្រាវជ្រាវគណិតវិទ្យាកម្រិតខ្ពស់ សកលវិទ្យាល័យ Meiji ផ្នែកជំនាញរបស់លោកគឺគណិតវិទ្យាបច្ចេកទេស។ ធ្លាប់ឈ្នះរង្វាន់ជើងឯក៤លើក និងជើងឯករង២លើក ក្នុងការប្រកួត បំភាន់ភ្នែកអន្តរជាតិ ស្នាដៃបំភាន់ភ្នែករបស់លោក បានដាក់តាំងបង្ហាញនៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងសារមន្ទីរជាច្រើនលើពិភពលោក។
ក្រៅពីនេះ ស្នាដៃរបស់សាស្រ្តាចារ្យ Sugihara Kokichi ដូចជា៖ "មាតុនិវត្តន៍" (ឆ្នាំ២០២២) បានជ្រើសរើសជាផ្នែកចម្លាក់នៅក្នុងការតាំងពិព័រណ៍ Nikaten លើកទី១០៦ "គ្រួសារ ៤ នាក់" (ឆ្នាំ២០១៩) ដាក់តាំងបង្ហាញនៅខែមករា ឆ្នាំ២០២៣ នាសារមន្ទីរវិចិត្រសិល្បៈអនុស្សាវរីយ៍ Ikeda (ទីក្រុង Minami Uonuma ខេត្ត Niigata)។ ស្នាដៃ "ហោះហើរមិនងាកក្រោយ" បានឈ្នះរង្វាន់ឆ្នើមក្នុងការប្រកួតទម្រង់រូបភាពឌីជីថលលើកទី១៤ នៃសមាគមវិទ្យាសាស្រ្តក្រាហ្វិកជប៉ុន។
ក្រៅពីសិក្ខាសាលា បរិយាកាសតាំងពិព័រណ៍ "ភាពបំភាន់ភ្នែក" នៅទាំងជារឿងវិទ្យាសាស្ត្រមួយ ដែលជួយសាធារណជនវៀតណាម មានចំណេះដឹងអំពីរូបប្លុកគណិតវិទ្យា ភាពស្រមើលស្រមៃបង្កើតជាស្នាដៃសិល្បៈ។ ជាពិសេស អនុវត្តក្នុងការស្រាវជ្រាវបំភាន់ភ្នែកនោះ នៅមានតម្លៃសម្រាប់ជីវិតរស់នៅជាក់ស្ដែងនៅវៀតណាមផងដែរ។ ឧទាហរណ៍៖ នៅពេលបើកបរ (មានកំណាត់ផ្លូវចំណោត បំភាន់ភ្នែកឃើញផ្លូវចំណោតរាបស្មើ ទៅជាចំណោតខ្ពស់ភ្លាមៗ)។ ការយល់ដឹង និងចំណេះដឹងផ្នែករូបភាព ជួយអ្នកបើកបរធានាបរិស្ថានរស់នៅប្រកបដោយសុវត្ថិភាព ដោយលុបបំបាត់ចោលមូលហេតុដែលបណ្ដាលមកពីការបំភាន់ភ្នែក។ល៕
អត្ថបទ៖ វឹនត្រឹន រូបថត៖ ថាញយ៉ាង
ប្រែសម្រួល៖ រីកើង