នាព្រឹកថ្ងៃទី ២៩ ខែកក្កដា នៅសាលប្រជុំ ឌៀនហុង ក្នុងអគាររដ្ឋសភា (ហាណូយ) បានប្រព្រឹត្តិទៅសន្និសីទទូទាំងប្រទេស ស្តីពីការស្រាវជ្រាវ សិក្សា ជ្រួតជ្រាប និងអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាតលើកទី ៣ គណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤។
សាលប្រជុំ ឌៀនហុង ក្នុងអគាររដ្ឋសភា (ហាណូយ)។ រូបថត៖ Phuong Hoa/VNA
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង និងប្រធានរដ្ឋសភា លោក ត្រឹន ថាញ់មិនបានអញ្ជើញចូលរួមសន្និសីទនេះ។ សន្និសីទត្រូវបានតភ្ជាប់ទៅកាន់បណ្តាគណៈកម្មាធិការបក្សខេត្តនិងទីក្រុង គណៈកម្មាធិការបក្សស្ថាប័នចំណុះមជ្ឈិម និងទីតាំងថ្នាក់មូលដ្ឋាន; ហើយត្រូវបានផ្សាយផ្ទាល់តាមប៉ុស្តិ៍វិទ្យុសំឡេងវៀតណាម និងទូរទស្សន៍វៀតណាម។
ថ្លែងសុន្ទរកថាដឹកនាំសន្និសីទ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា សន្និបាតមជ្ឈិមលើកទី៣ បានឯកភាពខ្ពស់លើបញ្ហាជាច្រើន និងបានសម្រេចចិត្តលើគោលនយោបាយសំខាន់ៗជាច្រើន ស្តីពីការកសាងបក្ស ប្រព័ន្ធនយោបាយ ការអភិវឌ្ឍ និងការពារជាតិ។ បក្សទាំងមូល និងប្រព័ន្ធនយោបាយទាំងមូលត្រូវឯកផាពការយល់ដឹង៖ ការអនុវត្តត្រូវតែកំណត់ភារកិច្ចច្បាស់លាស់ មនុស្សច្បាស់លាស់ កាលបរិច្ឆេទ ប្រសិទ្ធភាព និងទំនួលខុសត្រូវច្បាស់លាស់។ គុណភាពនៃការអនុវត្តគឺជារង្វាស់នៃសមត្ថភាពភាពដឹកនាំ អភិបាលកិច្ច និងប្រសិទ្ធភាពប្រតិបត្តិការនៃប្រព័ន្ធ; ត្រូវប្រែក្លាយការយល់ដឹងទៅជាសកម្មភាព និងការតាំងចិត្តទៅជាលទ្ធផល។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា៖
«ប្រការដែលត្រូវយល់ដឹងឱ្យបានជ្រាលជ្រៅនោះ គឺ រាល់សេចក្តីសម្រេចចិត្តរបស់មជ្ឈិម គឺជាប្រព័ន្ធតែមួយដែលមានការតភ្ជាប់យ៉ាងជិតស្និទ្ធ ឆ្ពោះទៅរកការផ្លាស់ប្តូរថ្មីនូវវិធីសាស្ត្រដឹកនាំ អភិបាលកិច្ច ការអភិវឌ្ឍ និងការការពារប្រទេសជាតិ។ ការងារកសាងបក្ស រៀបចំក្បាលម៉ាស៊ីន និងជួរកម្មាភិបាល ត្រូវតែជួយលើកកម្ពស់សមត្ថភាពដឹកនាំ ការកាន់អំណាច និងគុណភាពប្រតិបត្តិការ។ លំហអភិវឌ្ឍន៍ និងធនធានជាតិ ត្រូវការអភិបាលកិច្ចជាឯកច្ឆ័ន្ទ និងប្រើប្រាស់ឱ្យមានប្រសិទ្ធភាព; គំរូអភិវឌ្ឍ ត្រូវតែផ្អែកលើផលិតភាព ចំណេះដឹង បច្ចេកវិទ្យា នវានុវត្តន៍ និងកត្តាមនុស្ស និងច្បាមជាប់តថភាពជាក់ស្តែងរបស់វៀតណាម; វិស័យការពារជាតិ សន្តិសុខ កិច្ចការបរទេស និងបរិស្ថាន ត្រូវម្ចាស់ការក្នុងការទប់ស្កាត់ លើកកម្ពស់ភាពធន់ និងការពារប្រទេសជាតិឱ្យបានរឹងមាំ។ ភារកិច្ចទាំងនេះគឺជាប្រព័ន្ធតែមួយ ការងារណាមួយដែលអនុវត្តយឺតយ៉ាវ ឬមិនមានប្រសិទ្ធភាព សុទ្ធតែប៉ះពាល់ដល់លទ្ធផលរួម»។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក៏បានស្នើឱ្យលើកកម្ពស់សមត្ថភាពរៀបចំការអនុវត្ត និងធានាលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ការអនុវត្ត ដើម្បីឱ្យប្រព័ន្ធនយោបាយដំណើរការបានយ៉ាងរលូន និងមានអន្តរកម្មប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវបន្តកសាងជួរកម្មាភិបាលដែលមានគុណភាព សមត្ថភាព និងកិត្យានុភាពគ្រប់គ្រាន់ ស្របតាមភារកិច្ច; លើកកម្ពស់ទំនួលខុសត្រូវក្នុងការធ្វើជាគំរូ និងតួនាទីសម្រេចចិត្តរបស់អ្នកដឹកនាំ; បង្កើតវិន័យអនុវត្តយ៉ាងតឹងរ៉ឹង; បង្កើនការត្រួតពិនិត្យ ផ្តល់ព័ត៌មាន និងឃោសនា ដោយយកផលប្រយោជន៍ និងការពេញចិត្តរបស់ប្រជាជន ជារង្វាស់ចុងក្រោយ។
«នៅក្នុងកម្មវិធីសកម្មភាពទាំងអស់ ត្រូវដាក់ប្រជាជននៅមជ្ឈមណ្ឌល ជាគោលដៅ និងជាកម្លាំងចលករ។ ប្រសិទ្ធភាពសេដ្ឋកិច្ចត្រូវតែសមស្របនឹងប្រសិទ្ធភាពសង្គម; កំណើនដើរទន្ទឹមនឹងវឌ្ឍនភាព យុត្តិធម៌ វប្បធម៌ បរិស្ថាន ការពារជាតិ និងសន្តិសុខ។ មិនប្តូរអត្ថប្រយោជន៍រយៈពេលវែង ដើម្បីយកស្នាដៃរយៈពេលខ្លីនោះទេ ហើយក៏មិនទុកឱ្យក្រុមងាយរងគ្រោះ ទទួលរ៉ាប់រងការចំណាយមិនសមហេតុផលដែរ។ តម្លៃពិតប្រាកដនៃសេចក្តីសម្រេចចិត្ត ត្រូវឆ្លុះបញ្ចាំងតាមរយៈគុណភាពជីវភាពរស់នៅ ឱកាសអភិវឌ្ឍ សុវត្ថិភាព ទំនុកចិត្ត និងសុភមង្គលរបស់ប្រជាជន»។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា បញ្ហាដែលមជ្ឈិមបានសម្រេចចិត្តរួចហើយ ត្រូវប្រែក្លាយទៅជាកម្មវិធី ភារកិច្ច និងផលិតផលជាក់ស្តែង។ លទ្ធផលនៃការងារ ត្រូវការត្រួតពិនិត្យ និងបញ្ជាក់តាមរយៈការផ្លាស់ប្តូរជាក់ស្តែង ប្រសិទ្ធភាពនៃការបម្រើ និងកម្រិតពេញចិត្តរបស់ប្រជាជន៕
តាម vovworld.vn/km-KH