ព័ត៌មាន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ បញ្ហាដែលមជ្ឈិមបានសម្រេច ត្រូវប្រែក្លាយទៅជាកម្មវិធី ភារកិច្ច ផលិតផល និងលទ្ធផលជាក់ស្តែង

នាព្រឹកថ្ងៃទី ២៩ ខែកក្កដា នៅសាលប្រជុំ ឌៀនហុង ក្នុងអគាររដ្ឋសភា (ហាណូយ) បានប្រព្រឹត្តិទៅសន្និសីទទូទាំងប្រទេស ស្តីពីការស្រាវជ្រាវ សិក្សា ជ្រួតជ្រាប និងអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាតលើកទី ៣ គណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤។
សាលប្រជុំ ឌៀនហុង ក្នុងអគាររដ្ឋសភា (ហាណូយ)។ រូបថត៖ Phuong Hoa/VNA

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង និងប្រធានរដ្ឋសភា លោក ត្រឹន ថាញ់មិនបានអញ្ជើញ​ចូលរួមសន្និសីទនេះ​។ សន្និសីទត្រូវបានត​ភ្ជាប់ទៅ​កាន់​​បណ្តា​គណៈកម្មាធិការបក្សខេត្តនិងទី​ក្រុង គណៈកម្មាធិការបក្សស្ថាប័ន​ចំណុះមជ្ឈិម និងទីតាំងថ្នាក់មូលដ្ឋាន​; ហើយ​ត្រូវបានផ្សាយផ្ទាល់តាម​ប៉ុស្តិ៍វិទ្យុសំឡេងវៀតណាម និងទូរទស្សន៍វៀតណាម។

ថ្លែងសុន្ទរកថាដឹកនាំសន្និសីទ លោក​អគ្គលេខា​បក្ស ប្រធានរដ្ឋ​ តូ ឡឹម បានសង្កត់ធ្ងន់ថា សន្និបាតមជ្ឈិមលើកទី៣ បាន​ឯកភាពខ្ពស់លើបញ្ហាជាច្រើន និងបានសម្រេចចិត្តលើគោលនយោបាយសំខាន់ៗជាច្រើន ស្តីពីការកសាងបក្ស ប្រព័ន្ធនយោបាយ ការអភិវឌ្ឍ និងការពារជាតិ។ បក្សទាំងមូល និងប្រព័ន្ធនយោបាយទាំងមូលត្រូវឯកផាពការយល់ដឹង៖ ការអនុវត្តត្រូវតែកំណត់ភារកិច្ចច្បាស់លាស់ មនុស្សច្បាស់លាស់ កាលបរិច្ឆេទ ប្រសិទ្ធភាព និងទំនួលខុសត្រូវច្បាស់លាស់​។ គុណភាពនៃការអនុវត្តគឺជារង្វាស់នៃសមត្ថភាពភាពដឹកនាំ អភិបាលកិច្ច និងប្រសិទ្ធភាពប្រតិបត្តិការនៃប្រព័ន្ធ; ត្រូវប្រែក្លាយ​ការ​យល់ដឹង​ទៅជាសកម្មភាព និងការតាំងចិត្តទៅជាលទ្ធផល។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ​បានសង្កត់ធ្ងន់ថា៖

«​ប្រការដែលត្រូវយល់ដឹងឱ្យបានជ្រាលជ្រៅនោះ គឺ រាល់សេចក្តីសម្រេចចិត្តរបស់មជ្ឈិម គឺជាប្រព័ន្ធតែ​មួយដែលមានការតភ្ជាប់យ៉ាងជិតស្និទ្ធ ឆ្ពោះទៅរកការផ្លាស់ប្តូរថ្មីនូវវិធីសាស្ត្រដឹកនាំ អភិបាលកិច្ច ការអភិវឌ្ឍ និងការការពារប្រទេសជាតិ​។ ការងារកសាងបក្ស រៀបចំក្បាលម៉ាស៊ីន និងជួរកម្មាភិបាល ត្រូវតែជួយលើកកម្ពស់សមត្ថភាពដឹកនាំ ការកាន់អំណាច និងគុណភាពប្រតិបត្តិការ។ លំហអភិវឌ្ឍន៍ និងធនធានជាតិ ត្រូវការអភិបាល​កិច្ចជាឯកច្ឆ័ន្ទ និងប្រើប្រាស់ឱ្យមានប្រសិទ្ធភាព​; គំរូអភិវឌ្ឍ ត្រូវតែផ្អែកលើផលិតភាព ចំណេះដឹង បច្ចេកវិទ្យា នវានុវត្តន៍ និងកត្តាមនុស្ស និងច្បាមជាប់តថភាពជាក់ស្តែងរបស់វៀតណាម; វិស័យ​ការពារជាតិ សន្តិសុខ កិច្ចការបរទេស និងបរិស្ថាន ត្រូវម្ចាស់ការក្នុងការ​ទប់ស្កាត់ លើកកម្ពស់ភាពធន់ និងការពារប្រទេសជាតិឱ្យបានរឹងមាំ។ ភារកិច្ចទាំងនេះគឺជាប្រព័ន្ធតែមួយ ការងារណាមួយដែលអនុវត្តយឺតយ៉ាវ ឬមិនមានប្រសិទ្ធភាព សុទ្ធតែប៉ះពាល់ដល់លទ្ធផលរួម​»​។

លោក​អគ្គលេខា​បក្ស ប្រធានរដ្ឋ តូ ឡឹម ក៏បានស្នើឱ្យ​លើកក​ម្ពស់សមត្ថភាពរៀបចំការអនុវត្ត និងធានាលក្ខខណ្ឌ​គ្រប់​គ្រាន់សម្រាប់ការអនុវត្ត ដើម្បីឱ្យប្រព័ន្ធនយោបាយដំណើរការបានយ៉ាង​រលូន និងមានអន្តរកម្មប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវបន្តកសាង​ជួរកម្មាភិបាលដែលមានគុណភាព សមត្ថភាព និងកិត្យានុភាពគ្រប់គ្រាន់ ស្របតាមភារកិច្ច; លើក​កម្ពស់ទំនួលខុសត្រូវក្នុងការធ្វើជាគំរូ និងតួនាទីសម្រេចចិត្តរបស់អ្នកដឹកនាំ; បង្កើតវិន័យ​អនុវត្តយ៉ាងតឹងរ៉ឹង; បង្កើនការត្រួតពិនិត្យ ផ្តល់ព័ត៌មាន និងឃោសនា ដោយយកផលប្រយោជន៍ និងការពេញចិត្តរបស់ប្រជាជន​ ជារង្វាស់ចុងក្រោយ។

«​នៅក្នុងកម្មវិធីសកម្មភាពទាំងអស់ ត្រូវ​ដាក់​ប្រជាជននៅ​មជ្ឈមណ្ឌល ជាគោលដៅ និងជាកម្លាំងចលករ។ ប្រសិទ្ធភាពសេដ្ឋកិច្ចត្រូវតែសម​ស្របនឹងប្រសិទ្ធភាពសង្គម; កំណើនដើរទន្ទឹមនឹងវឌ្ឍនភាព យុត្តិធម៌ វប្បធម៌ បរិស្ថាន ការពារជាតិ និងសន្តិសុខ។ មិនប្តូរ​អត្ថប្រយោជន៍រយៈពេលវែង ដើម្បីយកស្នាដៃរយៈពេលខ្លីនោះទេ ហើយក៏មិនទុកឱ្យក្រុម​ងាយរងគ្រោះ ទទួលរ៉ាប់រងការ​ចំណាយមិនសមហេតុផលដែរ។ តម្លៃពិតប្រាកដនៃសេចក្តីសម្រេចចិត្ត ត្រូវឆ្លុះបញ្ចាំងតាមរយៈគុណភាពជីវភាពរស់នៅ ឱកាសអភិវឌ្ឍ សុវត្ថិភាព ទំនុកចិត្ត និងសុភមង្គលរបស់ប្រជាជន»​។​

លោក​អគ្គលេខា​បក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា បញ្ហាដែលមជ្ឈិមបានសម្រេចចិត្តរួចហើយ ត្រូវប្រែក្លាយទៅជាកម្មវិធី ភារកិច្ច និងផលិត​ផល​ជាក់ស្តែង​។ លទ្ធផលនៃការងារ ត្រូវការត្រួតពិនិត្យ និងបញ្ជាក់តាមរយៈការផ្លាស់ប្តូរជាក់ស្តែង ប្រសិទ្ធភាពនៃការបម្រើ និងកម្រិតពេញចិត្តរបស់ប្រជាជន៕​


top