នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបលោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ និងបណ្ដាប្រធានតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម ក្នុងឱកាសដែលលោកប្រធានរដ្ឋនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅចូលរួមកិច្ចពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨០ នៅទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក។
ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបលោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម។ (រូបថត៖ Viet Cuong/VOV)
ក្នុងជំនួបនេះ លោកប្រធានរដ្ឋ លឿង គឿង បានពិភាក្សាអំពីអាទិភាពអភិវឌ្ឍន៍របស់វៀតណាម ដោយអះអាងថា វៀតណាមកំពុងខិតខំប្រឹងប្រែងបង្កើនសមាហរណកម្មអន្តរជាតិ កំណើនបៃតង អភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ផ្លាស់ប្តូរឌីជីថល កសាងនិងអនុវត្តន៍ច្បាប់ ជំរុញសេដ្ឋកិច្ចឯកជន ការអប់រំ និងបណ្តុះបណ្តាល និងការថែទាំសុខភាពសម្រាប់ប្រជាជនទាំងមូល។
អំពីកិច្ចពិភាក្សាជាន់ខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨០ លោកប្រធានរដ្ឋបានចែករំលែកសារសំខាន់ៗមួយចំនួនរបស់វៀតណាមនៅឯកិច្ចពិភាក្សា ក្នុងនោះមាន "រឿងរ៉ាវរបស់វៀតណាម" ដែលបានជំនះពុះពារលើការលំបាក ការផ្សះផ្សារបួសស្នាមនៃសង្គ្រាម ការផ្លាស់ប្តូរថ្មីនិងឈានឡើងយ៉ាងខ្លាំងក្លា ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ ហើយអំពាវនាវឱ្យប្រទេសនានាគោរពតម្លៃនៃសន្តិភាព រួមគ្នាផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លាដើម្បីកសាងអនាគតប្រកបដោយនិរន្តរភាព។
រីឯខ្លួនវិញ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោកស្រី Pauline Tamesis បានវាយតម្លៃខ្ពស់ចំពោះតួនាទីដឹកនាំ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមក្នុងការគាំទ្រពហុភាគីនិយម និងអង្គការសហប្រជាជាតិ; សង្កត់ធ្ងន់ថា មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨០ គឺជាពេលវេលាដ៏សំខាន់មួយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិអំពីសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស ព្រមទាំងបានទទួលស្គាល់សមិទ្ធិផលដ៏គួរអោយចាប់អារម្មណ៍របស់វៀតណាមក្នុងវិស័យទាំងនេះ ជាពិសេសការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការកែទម្រង់ស្ថាប័ន សមភាពយេនឌ័រ ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងមិនទុកនរណាម្នាក់នៅពីក្រោយឡើយ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម