“រដ្ឋធានី ហាណូយ ខ្លោងទ្វារក្រុងទាំង៥” - រថភ្លើងតភ្ជាប់អតីត និងបច្ចុប្បន្ន

ទេសចរណ៍

“រដ្ឋធានី ហាណូយ ខ្លោងទ្វារក្រុងទាំង៥” - រថភ្លើងតភ្ជាប់អតីត និងបច្ចុប្បន្ន

រថភ្លើង​ទេសចរណ៍​ពីរ​ជាន់​ដំបូង​គេ​របស់​វៀតណាម​​ដែល​មាន​ឈ្មោះ​ថា ហាណូយ​ ខ្លោងទ្វារក្រុងទាំង​៥​(The Hanoi Train) ​ទើបបានអគ្គ​ក្រុមហ៊ុន​ផ្លូវដែក​វៀតណាម (VNR) ដាក់...

រថភ្លើង​ទេសចរណ៍​ពីរ​ជាន់​ដំបូង​គេ​របស់​វៀតណាម​​ដែល​មាន​ឈ្មោះ​ថា ហាណូយ​ ខ្លោងទ្វារក្រុងទាំង​៥​(The Hanoi Train) ​ទើបបានអគ្គ​ក្រុមហ៊ុន​ផ្លូវដែក​វៀតណាម (VNR) ដាក់​ឱ្យ​​ប្រើប្រាស់​ជា​ផ្លូវការ បើក​ទិសដៅ​ថ្មី​ក្នុង​ការចូល​​រួម​រវាង​ការ​ដឹកជញ្ជូន ទេសចរណ៍ និង​វប្បធម៌ ​នៅ​កណ្ដាល​រាជធានី​ដែល​​មាន​​អាយុកាល​​រាប់​ពាន់​​ឆ្នាំ។

រថភ្លើង “ហាណូយ​ ខ្លោង​ទ្វារក្រុងទាំង​៥​” រួម​មាន ៥ ទូ  ដែលបានដាក់ឈ្មោះ តាមខ្លោង​ទ្វារទាំង៥គឺ៖ ទ្វារអូក្វាង​ជឿង​ អូកូវ​យេន អូកូវ​យ៉ី អូចើយឿ និង អូដុង​ម៉ាក់។
ជារៀងរាល់ថ្ងៃ រថភ្លើង “ហាណូយ ​ខ្លោង​ទ្វារក្រុងទាំង​៥​” នឹងមានរថភ្លើងពីរជើង ចេញដំណើរពីស្ថានីយ៍រថភ្លើងហាណូយ ទៅស្ថានីយ៍រថភ្លើងទឺសឺន។

យក​គំនិត​ចេញ​ពី​រូបភាព​នៃ​រាជធានី ថាំង​ឡុង​ កាលពី​សម័យ​មុន ហាណូយ​ ខ្លោងទ្វារក្រុងទាំង​៥​ រំលឹក​​ឃើញ​​នូវទ្វារ​ក្រុង​ប្រវត្តិសាស្ត្រ​ទាំង ៥ ​គឺ៖ ទ្វារអូក្វាង​ជឿង​ អូកូវ​យេន អូកូវ​យ៉ី អូចើយឿ និង អូដុង​ម៉ាក់ - ឈ្មោះ​នីមួយៗ ​ជាស្លាក​​ស្នាម​វប្បធម៌ និង​ជា​ទ្វារ​នៃអនុស្សាវរីយ៍​របស់​​ប្រជាជន​ហាណូយ។

 

ចាប់ពីថ្ងៃទី៣១ ខែសីហា តទៅ រថភ្លើងទេសចរណ៍វប្បធម៌ “ហាណូយ ​ខ្លោង​ទ្វារក្រុងទាំង​៥​” បានចាប់ផ្តើមដំណើរការជាផ្លូវការ ដើម្បីបម្រើភ្ញៀវទេសចរឱ្យទស្សនា និងទទួលបានបទពិសោធន៍ នៅតាមខ្សែផ្លូវរថភ្លើង​ហាណូយ – ទឺសឺន។
ភ្ញៀវទេសចរបានផ្តល់ជូនអាហារសម្រន់ តាមរដូវកាលដោយឥតគិតថ្លៃ។
 

រថភ្លើង​ចេញដំណើរ​ពី​ស្ថានីយ៍​ហាណូយ ឆ្លងកាត់ ឡុង​បៀន - យ៉ា​ឡឹម​ - ងៀន​វៀន​ - ទឺសឺន​ (ខេត្តបាក់និញ​) រួច​វិល​ត្រឡប់​មក​ចំណុច​ចេញដំណើរ​វិញ។ រថភ្លើង​នេះ​ មាន៥ទូ ២​​​ជាន់​  និង​២ទូ​បើក​ចំហរសម្រាប់​ថតរូប (check-in) ដោយ​​​បាន​​រចនា​តាមបែប​​រចនាបថ​បុរាណ​លាយឡំ​នឹង​សហសម័យ ផ្ទៃក្នុងប្រើ​ប្រើ​ឈើ​មាន​លក្ខណៈ​​​កក់ក្ដៅ ពន្លឺ​ស្រទន់ បង្អួច​​ធំ​ទូលាយ​អាច​មើល​ឃើញ​​ទេសភាព​ទីក្រុង ទន្លេ​ក្រហម​ និង​តំបន់​ជាយក្រុង​ទាំងមូល។ រថភ្លើង​នឹង​ឈប់​នៅ​ស្ថានីយ៍ទឺសឺន​ និង​​នាំ​ភ្ញៀវ​ទៅ​ទស្សនាទីស្ការបូជា​ប្រាសាទ​ឌូ (ខេត្តបាក់និញ​) ព្រមទាំង​ទទួល​បទពិសោធន៍​សកម្មភាព​​វប្បធម៌​​មូលដ្ឋាន។ ជា​រៀងរាល់​ថ្ងៃ​​មាន​ពីរ​ជើង គឺ​នៅ​ម៉ោង៨ព្រឹក និង ១រសៀល អាច​ដឹក​​​អ្នកដំណើរ​បាន ២៥៨នាក់ តម្លៃ​​សំបុត្រ​ចាប់ពី ៥៥០.០០០ - ៧៥០.០០០ ដុង/លើក​។

 

ទូរថភ្លើងនីមួយៗនឹងជាទីកន្លែង សម្រាប់តាំងបង្ហាញនូវទិដ្ឋភាពអនុស្សាវរីយ៍ក្រុងហាណូយពីអតីតកាល។
 

មិនមែន​ត្រឹមតែ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ទេ “The Hanoi Train” បាន​ផ្ដល់​ជូន​នូវ​បទពិសោធន៍​វប្បធម៌​ដ៏​រស់រវើក។ នៅ​លើ​រថភ្លើងផ្ទាល់ ភ្ញៀវទេសចរ​អាច​រីករាយ​គយ​គន់​​​បទ​ចម្រៀង ក្វាង​ហ័រ​ ចម្រៀង​សឹម ចម្រៀង​ចែវ​ ឬ កាទ្រូ​ ដែល​​សម្ដែង​ដោយ​សិល្បករ​​ផ្ទាល់​។ ​សិល្បការិនី ធូផឿង​រៀប​រាប់​ថា៖ “យើងខ្ញុំ​​ចង់​នាំយក​​តន្ត្រី​ប្រជាប្រិយ ​ឱ្យ​​កាន់តែ​កៀកជិត​នឹង​ទស្សនិកជន ​តាមរយៈទំនុក​​ថ្មីៗ ​ដែល​មាន​ដង្ហើម​នៃ​​សម័យកាល តែ​នៅ​​រក្សា​បាន​នូវ​ព្រលឹង​​ពី​បុរាណដដែល”។

 

អង្គភាពរៀប​ចំរថយន្តដឹកជញ្ជូនដោយឥតគិតថ្លៃ សម្រាប់ភ្ញៀវទេសចរធ្វើដំណើរទៅមកនៅពេលដែលពួកគាត់​ ទៅទស្សនាប្រាសាទឌូ។
មគ្គុទ្ទេសក៍ទេសចរណ៍ កំពុងចែករំលែករឿងរ៉ាវ អំពីប្រវត្តិសាស្រ្តនៃកន្លែងគោរពបូជាព្រះមហាក្សត្រទាំង ៨ អង្គ នៃរាជវង្សលី ដល់ភ្ញៀវទេសចរ។
 

ទូ​រថភ្លើង​មួយ​ចំនួន ​បាន​​រចនា​ដូច​ជាការតាំង​ពិព័រណ៍​ខ្នាតតូច តាំង​បង្ហាញ​រូបភាព និង​​វត្ថុ​នានា​រំលឹក​ដល់​​ទីក្រុង​ហាណូយ​​ពី​អតីតកាល។ ទូ​ផ្សេង​ទៀត​ក្លាយ​ជា​ភោជនីយដ្ឋាន​កាហ្វេ​ចល័ត ដែល​ជា​កន្លែង​សម្រាប់​អ្នកដំណើរ​អង្គុយ​ពិសា​​​តែ​ផង រីករាយពិសា​ភើកួន​ បាយ​ដំណើប​អំបុក​ នំក្រៀប​ តែឈូក​​ផង ក្នុងបរិយាកាស​​សំឡេង​​កង់​ដែក​រំកិល​លើ​ផ្លូវដែក - ជា​សំឡេង​ដែល​រំលឹក​​ដល់​ការ​ធ្វើដំណើរ​តាម​រថភ្លើង​ កាលពី​​កុមារភាព។

 

 

ភ្ញៀវទេសចរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ​សុទ្ធតែ​បង្ហាញ​នូវ​ចំណាប់​អារម្មណ៍។ លោកស្រី ផាម​ ទូ​អាញ​ (ហាណូយ) បាន​ចែករំលែក​ថា៖ “ទូ​រថភ្លើង​នីមួយៗ ​ប្រៀប​ដូច​ជា​ចំណែក​មួយ​នៃ​ទីក្រុង​ហាណូយ ដែល​ធ្វើឱ្យ​​ខ្ញុំ​មាន​អារម្មណ៍​​បាន​ត្រឡប់​ទៅ​អតីតកាល​វិញ”។ បងស្រី​ Lena ជា​ភ្ញៀវទេសចរ​មកពី​ទីក្រុង Sydney (អូស្ត្រាលី) បានពោល​​ថា៖ “ខ្ញុំ​ធ្លាប់​ជិះ​រថភ្លើង​ពីរ​ជាន់​នៅ​ប្រទេស​ខ្ញុំ​ដែរ ប៉ុន្តែ​គ្មាន​កន្លែង​​ណា​មាន​​បរិយាកាស​វប្បធម៌​ពិសេស​ដូច​នៅ​ទីនេះ​ទេ”។

 

រថភ្លើង “ហាណូយ ​ខ្លោង​ទ្វារក្រុងទាំង​៥​” មិនត្រឹមតែជាការបោះជំហានថ្មី ក្នុងវិស័យទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងជាកន្លែងត​ភ្ជាប់ប្រពៃណី ជាមួយភាពទំនើប ដោយនាំមកនូវការ​ពិសោធន៍ជាច្រើន ដែលមានលក្ខណៈវប្បធម៌ប្រពៃណី។

ជាមួយនឹង​ការ​រួម​បញ្ចូល​​រវាង​សិល្បៈ ម្ហូបអាហារ និង​​បច្ចេកវិទ្យា The Hanoi Train គឺជា​និមិត្តសញ្ញា​​ថ្មី​សម្រាប់​​ស្មារតី​ច្នៃប្រតិដ្ឋ​ ​នៃ​វិស័យ​ទេសចរណ៍​វៀតណាម។ សំឡេង​កង់​ដែក​រំកិល​លើ​ផ្លូវដែក​ឥឡូវ​នេះ ​មិនមែន​​គ្រាន់តែ​ជា​សំឡេង​នៃ​អតីតកាល​ទេ នៅទាំង​​​ជាទំនុកណូត​នៃ​រដ្ឋធានី​​ហាណូយដ៏​ទំនើប ​ដែល​កំពុង​​បន្ត​ពង្រីក​​តម្លៃ​រាប់​ពាន់​ឆ្នាំទៀត​ផង៕

អត្ថបទ៖ ង៉ឹន​ហា រូបថត៖ ខាញ់ឡុង​/VNP

ប្រែសម្រួល៖ រីកើង​

អត្ថបទ៖ ង៉ឹនហា - រូបថត៖ ខាញ់ឡុង/VNP ប្រែសម្រួល៖ រីកើង

ភូមិ Lo Lo Chai និងផ្ទះបុរាណ Trinh Tuong

ភូមិ Lo Lo Chai និងផ្ទះបុរាណ Trinh Tuong

ភូមិ Lo Lo Chai ស្ថិតនៅចម្ងាយ ១.៥ គីឡូម៉ែត្រពីបង្គោលទង់ជាតិ Lung Cu ភូមិ Lo Lo Chai ក្នុងឃុំ Lung Cu (ខេត្ត Tuyen Quang វៀតណាម) បង្កប់ខ្លួននៅជើងភ្នំ Rong។

Top