ទេសចរណ៍

“រដ្ឋធានី ហាណូយ ខ្លោងទ្វារក្រុងទាំង៥” - រថភ្លើងតភ្ជាប់អតីត និងបច្ចុប្បន្ន

រថភ្លើង​ទេសចរណ៍​ពីរ​ជាន់​ដំបូង​គេ​របស់​វៀតណាម​​ដែល​មាន​ឈ្មោះ​ថា ហាណូយ​ ខ្លោងទ្វារក្រុងទាំង​៥​(The Hanoi Train) ​ទើបបានអគ្គ​ក្រុមហ៊ុន​ផ្លូវដែក​វៀតណាម (VNR) ដាក់...រថភ្លើង​ទេសចរណ៍​ពីរ​ជាន់​ដំបូង​គេ​របស់​វៀតណាម​​ដែល​មាន​ឈ្មោះ​ថា ហាណូយ​ ខ្លោងទ្វារក្រុងទាំង​៥​(The Hanoi Train) ​ទើបបានអគ្គ​ក្រុមហ៊ុន​ផ្លូវដែក​វៀតណាម (VNR) ដាក់​ឱ្យ​​ប្រើប្រាស់​ជា​ផ្លូវការ បើក​ទិសដៅ​ថ្មី​ក្នុង​ការចូល​​រួម​រវាង​ការ​ដឹកជញ្ជូន ទេសចរណ៍ និង​វប្បធម៌ ​នៅ​កណ្ដាល​រាជធានី​ដែល​​មាន​​អាយុកាល​​រាប់​ពាន់​​ឆ្នាំ។

រថភ្លើង “ហាណូយ​ ខ្លោង​ទ្វារក្រុងទាំង​៥​” រួម​មាន ៥ ទូ  ដែលបានដាក់ឈ្មោះ តាមខ្លោង​ទ្វារទាំង៥គឺ៖ ទ្វារអូក្វាង​ជឿង​ អូកូវ​យេន អូកូវ​យ៉ី អូចើយឿ និង អូដុង​ម៉ាក់។
ជារៀងរាល់ថ្ងៃ រថភ្លើង “ហាណូយ ​ខ្លោង​ទ្វារក្រុងទាំង​៥​” នឹងមានរថភ្លើងពីរជើង ចេញដំណើរពីស្ថានីយ៍រថភ្លើងហាណូយ ទៅស្ថានីយ៍រថភ្លើងទឺសឺន។

យក​គំនិត​ចេញ​ពី​រូបភាព​នៃ​រាជធានី ថាំង​ឡុង​ កាលពី​សម័យ​មុន ហាណូយ​ ខ្លោងទ្វារក្រុងទាំង​៥​ រំលឹក​​ឃើញ​​នូវទ្វារ​ក្រុង​ប្រវត្តិសាស្ត្រ​ទាំង ៥ ​គឺ៖ ទ្វារអូក្វាង​ជឿង​ អូកូវ​យេន អូកូវ​យ៉ី អូចើយឿ និង អូដុង​ម៉ាក់ - ឈ្មោះ​នីមួយៗ ​ជាស្លាក​​ស្នាម​វប្បធម៌ និង​ជា​ទ្វារ​នៃអនុស្សាវរីយ៍​របស់​​ប្រជាជន​ហាណូយ។

 

ចាប់ពីថ្ងៃទី៣១ ខែសីហា តទៅ រថភ្លើងទេសចរណ៍វប្បធម៌ “ហាណូយ ​ខ្លោង​ទ្វារក្រុងទាំង​៥​” បានចាប់ផ្តើមដំណើរការជាផ្លូវការ ដើម្បីបម្រើភ្ញៀវទេសចរឱ្យទស្សនា និងទទួលបានបទពិសោធន៍ នៅតាមខ្សែផ្លូវរថភ្លើង​ហាណូយ – ទឺសឺន។
ភ្ញៀវទេសចរបានផ្តល់ជូនអាហារសម្រន់ តាមរដូវកាលដោយឥតគិតថ្លៃ។
 

រថភ្លើង​ចេញដំណើរ​ពី​ស្ថានីយ៍​ហាណូយ ឆ្លងកាត់ ឡុង​បៀន - យ៉ា​ឡឹម​ - ងៀន​វៀន​ - ទឺសឺន​ (ខេត្តបាក់និញ​) រួច​វិល​ត្រឡប់​មក​ចំណុច​ចេញដំណើរ​វិញ។ រថភ្លើង​នេះ​ មាន៥ទូ ២​​​ជាន់​  និង​២ទូ​បើក​ចំហរសម្រាប់​ថតរូប (check-in) ដោយ​​​បាន​​រចនា​តាមបែប​​រចនាបថ​បុរាណ​លាយឡំ​នឹង​សហសម័យ ផ្ទៃក្នុងប្រើ​ប្រើ​ឈើ​មាន​លក្ខណៈ​​​កក់ក្ដៅ ពន្លឺ​ស្រទន់ បង្អួច​​ធំ​ទូលាយ​អាច​មើល​ឃើញ​​ទេសភាព​ទីក្រុង ទន្លេ​ក្រហម​ និង​តំបន់​ជាយក្រុង​ទាំងមូល។ រថភ្លើង​នឹង​ឈប់​នៅ​ស្ថានីយ៍ទឺសឺន​ និង​​នាំ​ភ្ញៀវ​ទៅ​ទស្សនាទីស្ការបូជា​ប្រាសាទ​ឌូ (ខេត្តបាក់និញ​) ព្រមទាំង​ទទួល​បទពិសោធន៍​សកម្មភាព​​វប្បធម៌​​មូលដ្ឋាន។ ជា​រៀងរាល់​ថ្ងៃ​​មាន​ពីរ​ជើង គឺ​នៅ​ម៉ោង៨ព្រឹក និង ១រសៀល អាច​ដឹក​​​អ្នកដំណើរ​បាន ២៥៨នាក់ តម្លៃ​​សំបុត្រ​ចាប់ពី ៥៥០.០០០ - ៧៥០.០០០ ដុង/លើក​។

 

ទូរថភ្លើងនីមួយៗនឹងជាទីកន្លែង សម្រាប់តាំងបង្ហាញនូវទិដ្ឋភាពអនុស្សាវរីយ៍ក្រុងហាណូយពីអតីតកាល។
 

មិនមែន​ត្រឹមតែ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ទេ “The Hanoi Train” បាន​ផ្ដល់​ជូន​នូវ​បទពិសោធន៍​វប្បធម៌​ដ៏​រស់រវើក។ នៅ​លើ​រថភ្លើងផ្ទាល់ ភ្ញៀវទេសចរ​អាច​រីករាយ​គយ​គន់​​​បទ​ចម្រៀង ក្វាង​ហ័រ​ ចម្រៀង​សឹម ចម្រៀង​ចែវ​ ឬ កាទ្រូ​ ដែល​​សម្ដែង​ដោយ​សិល្បករ​​ផ្ទាល់​។ ​សិល្បការិនី ធូផឿង​រៀប​រាប់​ថា៖ “យើងខ្ញុំ​​ចង់​នាំយក​​តន្ត្រី​ប្រជាប្រិយ ​ឱ្យ​​កាន់តែ​កៀកជិត​នឹង​ទស្សនិកជន ​តាមរយៈទំនុក​​ថ្មីៗ ​ដែល​មាន​ដង្ហើម​នៃ​​សម័យកាល តែ​នៅ​​រក្សា​បាន​នូវ​ព្រលឹង​​ពី​បុរាណដដែល”។

 

អង្គភាពរៀប​ចំរថយន្តដឹកជញ្ជូនដោយឥតគិតថ្លៃ សម្រាប់ភ្ញៀវទេសចរធ្វើដំណើរទៅមកនៅពេលដែលពួកគាត់​ ទៅទស្សនាប្រាសាទឌូ។
មគ្គុទ្ទេសក៍ទេសចរណ៍ កំពុងចែករំលែករឿងរ៉ាវ អំពីប្រវត្តិសាស្រ្តនៃកន្លែងគោរពបូជាព្រះមហាក្សត្រទាំង ៨ អង្គ នៃរាជវង្សលី ដល់ភ្ញៀវទេសចរ។
 

ទូ​រថភ្លើង​មួយ​ចំនួន ​បាន​​រចនា​ដូច​ជាការតាំង​ពិព័រណ៍​ខ្នាតតូច តាំង​បង្ហាញ​រូបភាព និង​​វត្ថុ​នានា​រំលឹក​ដល់​​ទីក្រុង​ហាណូយ​​ពី​អតីតកាល។ ទូ​ផ្សេង​ទៀត​ក្លាយ​ជា​ភោជនីយដ្ឋាន​កាហ្វេ​ចល័ត ដែល​ជា​កន្លែង​សម្រាប់​អ្នកដំណើរ​អង្គុយ​ពិសា​​​តែ​ផង រីករាយពិសា​ភើកួន​ បាយ​ដំណើប​អំបុក​ នំក្រៀប​ តែឈូក​​ផង ក្នុងបរិយាកាស​​សំឡេង​​កង់​ដែក​រំកិល​លើ​ផ្លូវដែក - ជា​សំឡេង​ដែល​រំលឹក​​ដល់​ការ​ធ្វើដំណើរ​តាម​រថភ្លើង​ កាលពី​​កុមារភាព។

 

 

ភ្ញៀវទេសចរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ​សុទ្ធតែ​បង្ហាញ​នូវ​ចំណាប់​អារម្មណ៍។ លោកស្រី ផាម​ ទូ​អាញ​ (ហាណូយ) បាន​ចែករំលែក​ថា៖ “ទូ​រថភ្លើង​នីមួយៗ ​ប្រៀប​ដូច​ជា​ចំណែក​មួយ​នៃ​ទីក្រុង​ហាណូយ ដែល​ធ្វើឱ្យ​​ខ្ញុំ​មាន​អារម្មណ៍​​បាន​ត្រឡប់​ទៅ​អតីតកាល​វិញ”។ បងស្រី​ Lena ជា​ភ្ញៀវទេសចរ​មកពី​ទីក្រុង Sydney (អូស្ត្រាលី) បានពោល​​ថា៖ “ខ្ញុំ​ធ្លាប់​ជិះ​រថភ្លើង​ពីរ​ជាន់​នៅ​ប្រទេស​ខ្ញុំ​ដែរ ប៉ុន្តែ​គ្មាន​កន្លែង​​ណា​មាន​​បរិយាកាស​វប្បធម៌​ពិសេស​ដូច​នៅ​ទីនេះ​ទេ”។

 

រថភ្លើង “ហាណូយ ​ខ្លោង​ទ្វារក្រុងទាំង​៥​” មិនត្រឹមតែជាការបោះជំហានថ្មី ក្នុងវិស័យទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងជាកន្លែងត​ភ្ជាប់ប្រពៃណី ជាមួយភាពទំនើប ដោយនាំមកនូវការ​ពិសោធន៍ជាច្រើន ដែលមានលក្ខណៈវប្បធម៌ប្រពៃណី។

ជាមួយនឹង​ការ​រួម​បញ្ចូល​​រវាង​សិល្បៈ ម្ហូបអាហារ និង​​បច្ចេកវិទ្យា The Hanoi Train គឺជា​និមិត្តសញ្ញា​​ថ្មី​សម្រាប់​​ស្មារតី​ច្នៃប្រតិដ្ឋ​ ​នៃ​វិស័យ​ទេសចរណ៍​វៀតណាម។ សំឡេង​កង់​ដែក​រំកិល​លើ​ផ្លូវដែក​ឥឡូវ​នេះ ​មិនមែន​​គ្រាន់តែ​ជា​សំឡេង​នៃ​អតីតកាល​ទេ នៅទាំង​​​ជាទំនុកណូត​នៃ​រដ្ឋធានី​​ហាណូយដ៏​ទំនើប ​ដែល​កំពុង​​បន្ត​ពង្រីក​​តម្លៃ​រាប់​ពាន់​ឆ្នាំទៀត​ផង៕

អត្ថបទ៖ ង៉ឹន​ហា រូបថត៖ ខាញ់ឡុង​/VNP

ប្រែសម្រួល៖ រីកើង​