យ៉ាងហោចណាស់ មានអ្នកទេសចរ ២៦ នាក់ រួមទាំងជនបរទេសពីរនាក់ដែលមានសញ្ជាតិអ៊ីតាលី និងអ៊ីស្រាអែល បានស្លាប់ និងប្រហែល ២០ នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារភេរវកម្មនៅទីរួមស្រុក Pahalgam តំបន់ Jammu និង Kashmir ភាគខាងជើងប្រទេសឥណ្ឌា កាលពីរសៀលថ្ងៃទី ២២ មេសា។ នេះត្រូវបានចាត់ទុកជាការវាយប្រហារភេរវកម្មដ៏អាក្រក់បំផុតនៅជ្រលង Kashmir ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា លោក Amit Shah ដឹកនាំកិច្ចប្រជុំសន្តិសុខជាន់ខ្ពស់ជាមួយកងកម្លាំងសន្តិសុខទាំងអស់នៅក្នុងទីក្រុង Srinagar កាលពីថ្ងៃទី ២២ ខែមេសា។ រូបថត៖ Phan Tung/VOV-New Delhi
ប្រភពព័ត៌មានក្នុងតំបន់បានឲ្យដឹងថា ភេរវករយ៉ាងហោចណាស់៦នាក់ រួមទាំងអ្នកស្រុកចំនួនពីរនាក់ ដែលបានទទួលការបណ្តុះបណ្តាលនៅប៉ាគីស្ថាន បានបែកជាពីរក្រុម ហើយបើកការបាញ់រះទៅលើហ្វូងភ្ញៀវទេសចរដែលប្រមូលផ្តុំគ្នាជុំវិញភោជនីយដ្ឋាន ជិះសេះ ឬដើរលេងកម្សាន្ត។ ក្រោយពីប្រព្រឹត្តបទល្មើស ភេរវករទាំងនេះបានរត់គេចខ្លួនពីកន្លែងកើតហេតុ។
រណសិរ្សតស៊ូ ដែលជាសាខាក្នុងតំបន់នៃក្រុមភេរវករ Laskhar-e-Taiba នៅប៉ាគីស្ថាន បានសារភាពទទួលខុសត្រូវចំពោះការវាយប្រហារនេះ។
នៅរសៀលថ្ងៃទី ២២ ខែមេសា ប្រធានាធិបតីឥណ្ឌា លោក Droupadi Murmu និងនាយករដ្ឋមន្ត្រី លោក Narendra Modi បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ; ស្នើឱ្យវិស័យសន្តិសុខឥណ្ឌាចាត់វិធានការសមស្របទាំងអស់ដើម្បីដាក់ទណ្ឌកម្មពួកភេរវជន។ លោក Modi បានសម្រេចចិត្តកាត់បន្ថយដំណើរទស្សនកិច្ចរបស់លោកទៅកាន់អារ៉ាប៊ីសាអូឌីត ហើយត្រឡប់មកប្រទេសវិញនៅយប់ថ្ងៃទី ២២ ខែមេសា ដើម្បីដោះស្រាយឧប្បត្តិហេតុនេះដោយផ្ទាល់៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម