ប្រសិនបើ អ្នកធ្លាប់សាកល្បងជាមួយមុខកីឡាជាច្រើន ដែលមានលក្ខណៈគ្រោះថ្នាក់ ប៉ុន្តែមិនទាន់អស់ពីចិត្តនូវអារម្មណ៍ដែលខ្លួនចង់ទទួលបាន ដូចនេះចូរអ្នកទៅកាន់ទីក្រុងដាណាំងស្វែងយល់ភ្លាមចុះ ល្បែងលោតឆត្រយោងលើឧបទ្វីបកោះសឺនត្រា (Son Tra) ដើម្បីគយគន់ផ្ទៃមេឃ ផ្ទៃទឹក ព្រៃភ្នំមហិមា សមុទ្របៃតង ខ្សាច់ស ពន្លឺថ្ងៃពណ៌មាស ទិដ្ឋភាពទូកនាវា និងដងផ្លូវស្រស់ស្អាត កំពុងរង់ចំាំអ្នក។
ប្រសិនបើ អ្នកធ្លាប់សាកល្បងជាមួយមុខកីឡាជាច្រើន ដែលមានលក្ខណៈគ្រោះថ្នាក់ ប៉ុន្តែមិនទាន់អស់ពីចិត្តនូវអារម្មណ៍ដែលខ្លួនចង់ទទួលបាន ដូចនេះចូរអ្នកទៅកាន់ទីក្រុងដាណាំងស្វែងយល់ភ្លាមចុះ ល្បែងលោតឆត្រយោងលើឧបទ្វីបកោះសឺនត្រា (Son Tra) ដើម្បីគយគន់ផ្ទៃមេឃ ផ្ទៃទឹក ព្រៃភ្នំមហិមា សមុទ្របៃតង ខ្សាច់ស ពន្លឺថ្ងៃពណ៌មាស ទិដ្ឋភាពទូកនាវា និងដងផ្លូវស្រស់ស្អាត កំពុងរង់ចំាំអ្នក។
ក្រុមហោះឆត្រយោងវៀតណាម និង ឡាវ ហោះសម្តែងនៅលើលំហអាកាសទីក្រុងដាណាំង។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ឆត្រយោង (មានម៉ាស៊ីន និងគ្មានម៉ាស៊ីន) ជាមុខកីឡាគ្រោះថ្នាក់ តែងនាំមកអារម្មណរន្ធត់ក្តុកក្តួរ ផុតភ័យ ប៉ុន្តែពោរពេញទៅដោយអារម្មណ៍រំភើបចំពោះអ្នកលេង។ ចំពោះនរណាដែលចូលរួមសាកលើកដំបូង ក្រោយពេលឆ្លងកាត់ព្រំដែនកំណត់របស់ខ្លួន អ្នកនឹងយកជំនះបានលំហអាកាសដ៏ធំល្វឹងល្វើយ គយគន់ពិភពជុំវិញ ពីទីកម្ពស់ហូសប្រមាណ ព្រមជាមួយអារម្មណ៍ស្រើបស្រាល ខុសប្លែកទាំងស្រុង បើប្រៀបនឹងការគយគន់សំឡឹងតាមបង្អួចតូចនៃយន្តហោះមួយគ្រឿង។
ហោះហើរលើលំហសមុទ្រទីក្រុងដាណាំង។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ពីឧបទ្វីបកោះសឺនត្រា (Son Tra) នៅកម្ពស់ជិត៧០០ម៉ែត្រ បើប្រៀបនឹងកម្រិតទឹកសមុទ្រ ក្នុងលក្ខណៈខ្យល់អាកាសធាតុអំណោយផល អ្នកនឹងហោះដោយឆត្រយោងគ្មានម៉ាស៊ីន ឆ្វៀលឆ្វាត់នៅលើលំហអាកាស ដើម្បីអាចឃើញបានទីក្រុងដាណាំមួយយ៉ាងប្លែក។ ខាងក្រោមឆត្រហោះហើរ លេចធ្លោដោយព្រំព្រៃបៃតងលោតរលក អោបខ្នងភ្នំខ្ពស់ នៃឧបទ្វីបកោះសឺនត្រា (Son Tra) ខាងក្រោមបន្តិច គឺវត្តឡិញអ៊ឺង (Linh Ung) មានបដិមាពោធិសត្វ បែរព្រះភត្រទៅទិសសមុទ្រ ខាងក្រោមទៀតជាឆ្នេរសមុទ្រម៉ឹនថៃ (Man Thai) ឆ្នេរសមុទ្រមីខេ (My Khe) ជាមួយទូកនេសាទពោរពេញទៅដោយពណ៌សម្បុរ ផ្លូវខ្នាន់ខ្នាប់ រួមនឹងទិដ្ឋភាពខ្នងភ្នំហាយវឹន (Hai Van) កោះគូឡាវចាម (Cu Lao Cham) ដ៏មហិមាពីចម្ងាយ។
ឆ្នេរសមុទ្រទីក្រុងដាណាំ ជាទីកន្លែងប្រពៃ សម្រាប់សកម្មភាពហោះឆត្រយោង។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ហេតុដែលជ្រើសរើសឧបទ្វីបកោះសឺនត្រា (Son Tra) ដើម្បីហោះឆត្រយោង ដោយសារទីនេះមានកម្ពស់ជិត៧០០ម៉ែត្រ បើប្រៀបនឹងកម្រិតទឹកសមុទ្រ អាកាសធាតុល្អ ជាពិសេសទៀតគឺមានខ្យល់ច្រើន ងាយស្រួលសម្រាប់អាកាសយានិកហោះហើរ លើសពីនោះទៀតខាងក្រោមគឺមានឆ្នេរចត់ម៉ឺនថៃ (Man Thai) មីខេ (My Khe) សុវត្ថិភាព រាបស្មើ ទំហំទេសភាពហោះហើរស្រស់ស្អាតផង។ ហេតុនេះ កោះសឺនត្រា (Son Tra) ជាទីតាំងប្រសើរសម្រាប់ហោះឆត្រយោង។
ក្រៅពីការហោះឆត្រយោងគ្មានម៉ាស៊ីន នៅលើឧបទ្វីបកោះសឺនត្រា (Son Tra) អ្នកក៏អាចសាកកម្លាំងជាមួយប្រភេទឆត្រយោងមានម៉ាស៊ីនហោះពីឆ្នេរសមុទ្រម៉ឺនថៃ ដែលនៅត្រង់ក្រោមជើងឧបទ្វីបមិនឆ្ងាយនោះ ក៏ទទួលបានអាម្មរណ៍មិនចាញ់ប្រៀបផងដែរ។ ឆត្រយោងមានម៉ាស៊ីនរោទិ៍ បង្កើនល្បឿនរត់យកកម្លាំងផ្លោះនៅលើឆ្នេរខ្សាច់រាបស្មើ នៅក្បែរឆ្នេរសមុទ្របៃតង ស្លាបឆត្របើកសំកាំងទទួលខ្យល់ រួចហោះហើរចេញទៅកាន់លំហសមុទ្រ។
ហោះឆត្រយោងគ្មានម៉ាស៊ីននៅលើកំពូលភ្នំសឺនត្រា (Son Tra) ទីតាំងមានកម្ពស់ជិត៧០០ម៉ែត្រ បើប្រៀបនឹងកម្រិតទឹកសមុទ្រ។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ដើម្បីលេងបានមុខកីឡាគ្រោះថ្នាក់នេះ ធម្មតាមានតែអាកាសយានិក ដែលបានហ្វឹកហាត់តាមក្បួនខ្នាត។ ក៏ប៉ុន្តែ ភ្ញៀវទេសចរដែលមិនទាន់ឆ្លងកាត់វគ្គហ្វឹកហាត់ ក៏អាចសាកអារម្មណ៍រន្ធត់នេះបាន ដោយហោះហើរជាគូ ជាមួយអាកាសយានិកចំណាស់ៗ។
ជាមួយភាពប្រៀបខាងទីតាំងចុះចត់ លក្ខណៈអាកាសធាតុខ្យល់អំណោយផល ហាក់ដូចជាអាចលេងពេញមួយឆ្នាំ ក្រោមទេសភាពស្រស់ស្អាត។ល។ ទីក្រុងដាណាំង កំពុងក្លាយខ្លួនជាមជ្ឈមណ្ឌលហោះឆត្រយោងមួយល្បីឈ្មោះនៅទូទាំងប្រទេស។ រៀងរាល់ឆ្នាំ ទីក្រុងតែងរៀបចំការប្រឡងហោះឆត្រយោងទាក់ទាញចំនួនមនុស្សក្នុងស្រុកនិងអន្តរជាតិចូលរួមសម្តែងកុះករ។ ក្រៅពីនោះ សេវាកម្មឆត្រយោងបម្រើភ្ញៀវទេសចរ ក៏កំពុងបានក្លឹបមួយចំនួនបានបង្ហាញខ្លួនដើម្បីរៀបចំឡើង។ ឧទារហណ៍ដូចក្លឹបឆត្រយោងទីក្រុងដាណាំង - Danang Paragliding នៅទីក្រុងដាណាំងមានកម្មវិធីបម្រើការហោះហើរ ជាមួយតម្លៃឡើងចុះពី១លាន៨រយពាន់ដុង ដល់២លានដុងក្នុងម្នាក់ ក្នុងរយៈពេលពី១៥នាទី ដល់២០នាទី /១លើក។
ផ្សងព្រេងនឹងស្លាបហោះហើរ។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ដើម្បីអាចចូលរួមដំណើរហោះហើរនេះ ភ្ញៀវទេសចរត្រូវមានផែនការចុះបញ្ជីហោះហើរមុនពីរបីថ្ងៃ ឬពីរបីអាទិត្យ ដើម្បីគណៈកម្មការរៀបចំគិតមើល ពេលវេលាដែលអាចហោះហើរបានដោយសុវត្ថិភាព។ ជាមួយចំណូលចិត្តខាងអារម្មណ៍រន្ធត់ខ្លាំង នឹងការត្រៀមបម្រុងដ៏ហ្មត់ចត់ អ្នកនៅអែរអង់ដល់អង្កាលទៀត ម៉េចមិនសម្ពាយកាតាប់ធ្វើដំណើរមកកាន់ទីក្រុងដាណាំង ដើម្បីរំសាយអារម្មណ៍ តាមដំណើរហោះហើរ ដែលពោរពេញដោយភាពទាក់ទាញ នៅលើរលកសមុទ្របៃតង៕
កំពូលសឺនត្រា (Son Tra)ស្ថិតនៅកម្ពស់ជិត៧០០ម៉ែត្រ បើប្រៀបនឹងកម្រិតទឹកសមុទ្រ អាចគយគន់ពេញកែវភ្នែក ដោយលក្ខណៈខ្យល់អំណោយផល ដូចនេះសមស្រប់នឹងការហោះឆត្រយោងគ្មានម៉ាស៊ីន។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
អត្ថបទ៖ តឹតសើន - រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង
អត្ថបទ៖ តឹតសើន - រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម ប្រែសម្រួល៖ រីកើង