រក្សាព្រលឹងរបរឆ្លាក់ត្រា នៅកណ្តាលក្រុងបុរាណហាណូយ

រក្សាព្រលឹងរបរឆ្លាក់ត្រា នៅកណ្តាលក្រុងបុរាណហាណូយ

កណ្តាលចង្វាក់​ជីវិតអ៊ូអរ​ នៃក្រុងបុរាណ​ហាណូយ ហាងឆ្លាក់ត្រាឈើ ភុកឡើយ (Phuc Loi) នៅលើវិថី ហាងក្វាត (Hang Quat) នៅតែ​បន្តរស់នៅដោយ​ស្ងៀមស្ងាត់ ហាក់បី​ដូច​ជា​ចន្លោះមួយនៃ​ពេលវេលា​។ នៅលំហតូច​ចង្អៀត ដែល​ពោរពេញទៅ​ដោយ​ពណ៌សម្បុរ​ចាស់​បុរាណ សំឡេងដាប់​ឆ្លាក់បន្លឺ​ឡើង​​ទៀង​ទាត់​ជា​រៀងរាល់ថ្ងៃ ​រក្សា​​ដង្ហើម​នៃ​របរ​សិប្បកម្ម​ប្រពៃណី​មួយ ដែល​កំពុងតែ​កម្របាន​ជួបប្រទះ​ នៅក្នុងជីវភាព​រស់នៅ នា​សម័យទំនើប​នេះ។​

ហាងតូចមួយតែងតែទាក់ទាញភ្ញៀវមកទស្សនា ចាប់តាំងពីអ្នកស្រុក​ រហូត​ដល់ភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ។ រូបថត៖ ខាញ់ឡុង/VNP

ម្ចាស់ហាងនេះ គឺលោក ផាម ង៉ុកត្វ័ន (Pham Ngoc Toan) ដែល​ជា​សិប្បករ​ម្នាក់បាន​ផ្សារភ្ជាប់​ជីវិត​ជាមួយ​របរឆ្លាក់ត្រា​ឈើដោយ​ដៃ​នេះ អស់​រយៈពេល​ជាង៤០ឆ្នាំ​មកហើយ​។ មានមនុស្សតិចណាស់​ដឹងថា មុន​ពេលបន្ត​វេន​ពី​គ្រួសារ លោក​ធ្លាប់​ជា​គ្រូបង្រៀន​ម្នាក់​។ ប៉ុន្តែ ដោយ​ក្តីស្រឡាញ់​ចំពោះ​របរ​ប្រពៃណី បាន​ធ្វើ​ឱ្យ​លោក​សម្រេចចិត្ត​ចាក​ចេញ​ពី​តុ​បង្រៀន ដើម្បី​ត្រឡប់​មក​ចាប់កាន់​ពន្លាក កាំបិត និង​កំណាត់​​ឈើ ​ដែលលោកធ្លាប់​ស្គាល់​​តាំង​ពីកុមារ​ភាព​។​

តាម​សម្តី​របស់​លោក ត្វ័ន (Toan) របរឆ្លាក់ត្រានេះ បានបន្សល់ទុកពី​លោកតា រួច​មកដល់​ឪពុក​របស់​លោក វា​បាន​ក្លាយជាផ្នែកមួយ​នៃកម្រង​អនុស្សាវរីយ៍ និង​ជីវិតរស់​នៅរបស់​គ្រួសារ​។ តាំងពីតូច លោកបានស៊ាំទៅ​នឹងក្លិន​ឈើថ្មី ជាមួយ​នឹង​ស្នាមឆ្លាក់​ដោយដៃ​យ៉ាង​ផ្ចិត​ផ្ចង់​។ លោក​បាន​ចែករំលែក​ថា៖ “របរនេះ វាបាន​ជ្រាបចូល​ក្នុងខ្លួនខ្ញុំ តាំងពី​ពេល​ណាក៏​មិន​ដឹង​ដែរ”។

ក្នុងដំណើរការធ្វើត្រា ដំណាក់កាល​ឆ្លាក់ ជាដំណាក់កាល​ដែលទាមទារ​ពេល​វេលាច្រើន​ និង​ភាពផ្ចិតផ្ចង់​បំផុត។ ជាងចម្លាក់​ ត្រូវប្រើប្រាស់​ឧបករណ៍​តូចៗ ដើម្បី​បង្កើត​ជារូបភាព​លម្អិតនីមួយៗ នៅលើផ្ទៃឈើ។ ចំពោះគំរូសាមញ្ញៗ ពេលវេលាធ្វើ​បញ្ចប់ត្រឹមតែ​ប្រហែល ១៥ ទៅ ២០នាទី​ប៉ុណ្ណោះ ប៉ុន្តែ​ចំពោះការកម្មង់​ដែល​មាន​ក្បូរក្បាច់​ពិបាក​ៗ អាចត្រូវ​ចំណាយពេល​រហូតដល់​ពេញមួយ​សប្តាហ៍​។

ភ្ញៀវទេសចរអន្តរជាតិជាច្រើន បានស្វែងរកមក​ដល់ហាង របស់លោក ផាម ង៉ុកត្វ័ន ដើម្បី​កុម្ម៉ង់ធ្វើកាដូ​អនុស្សាវរីយ៍ ជូនសាច់ញាតិ និងមិត្តភក្តិ។ រូបថត៖ ខាញ់ឡុង/VNP
ជ្រុងតូចមួយនៃវិថី ហាងក្វាត - ជាកន្លែងដែលហាងឆ្លាក់ត្រា ភុកឡឺយ ​នៃ​គ្រួសារលោក ផាម ង៉ុកត្វ័ន នៅតែបន្តរស់ដោយ​ភាព​ស្ងៀមស្ងាត់ នៅ​ចំកណ្តាលចង្វាក់ជីវិតដ៏មមាញឹក។ រូបថត៖ ខាញ់​ឡុង/VNP

មិនត្រឹមតែជាកន្លែងធ្វើការនោះ​ទេ ហាងឆ្លាក់​ត្រាឈើ ភុក​ឡើយ ក៏ប្រៀបដូចជា​លំហមួយ សម្រាប់​រក្សាទុក​អនុស្សាវរីយ៍ នៃរបរជំនាន់ដើម​ផងដែរ​។ រៀងរាល់​ថ្ងៃ មាន​ភ្ញៀវទេសចរ​​ជាតិ និងអន្តរជាតិជាច្រើន បានអញ្ជើញ​មក​ទស្សនា ដើម្បី​ឃើញផ្ទាល់ភ្នែក​នូវដំណើរ​ការ​បង្កើតត្រា​ដោយដៃ ឬស្វែងរកទិញដូចជា​កាដូមួយ ដែល​មានស្លាកស្នាម​វប្បធម៌​វៀត​ណាម​។

តាម​សម្តី​​លោក ត្វ័ន រយៈពេលប្រហែលពីរឆ្នាំថ្មីៗ​នេះ​ អាស្រ័យ​ដោយ​ការ​ផ្សព្វផ្សាយ​នៃ​បណ្តាញ​សង្គម និង​អ៊ីនធឺណិត មួយថ្ងៃៗ​កាន់តែ​មាន​យុវជនជាច្រើនបានចាប់អារម្មណ៍លើ​របរ​ឆ្លាក់​ត្រាប្រពៃណី​នេះ។​ ដើម្បីឱ្យស្របទៅនឹងតម្រូវការថ្មី លោកក៏បានច្នៃប្រតិដ្ឋ​បន្ថែម​ម៉ូដចម្រុះ​ជាច្រើនទៀត ប៉ុន្តែនៅតែរក្សា​បាន​លក្ខណៈពិសេស នៃការ​ធ្វើ​ដោយដៃ។

ត្រា របស់គ្រួសារលោក ផាម ង៉ុកត្វ័ន។ រូបថត៖ ខាញ់ឡុង/VNP

កណ្តាលដំណើរការនគរូបនីយកម្មយ៉ាងឆាប់រហ័ស របរឆ្លាក់ត្រាឈើធ្លាប់មានពេលខ្លះ ហាក់ដូចជាត្រូវបានគេបំភ្លេចចោលទៅហើយ។ ក៏ប៉ុន្តែ​ ដោយ​ការ​អត់ធ្មត់​តស៊ូព្យាយាម និង​ក្តីស្រឡាញ់ចំពោះរបររបស់សិប្បករដូចជា​លោក ត្វ័ន​ ត្រា​តូចៗ​ទាំងនោះ នៅតែ​បន្តនាំយក​​រឿងរ៉ាវ អំពីវប្បធម៌ និងអនុស្សាវរីយ៍ នៃក្រុងបុរាណ​ហាណូយ ទៅ​កាន់​មិត្តភក្តិ​ជិតឆ្ងាយនៅ​គ្រប់ទិសទី៕

អត្ថបទ និងរូបថត៖ ខាញ់ឡុង/VNP

ប្រែសម្រួល៖ រីកើង​


Top