ម្ចាស់ហាងនេះ គឺលោក ផាម ង៉ុកត្វ័ន (Pham Ngoc Toan) ដែលជាសិប្បករម្នាក់បានផ្សារភ្ជាប់ជីវិតជាមួយរបរឆ្លាក់ត្រាឈើដោយដៃនេះ អស់រយៈពេលជាង៤០ឆ្នាំមកហើយ។ មានមនុស្សតិចណាស់ដឹងថា មុនពេលបន្តវេនពីគ្រួសារ លោកធ្លាប់ជាគ្រូបង្រៀនម្នាក់។ ប៉ុន្តែ ដោយក្តីស្រឡាញ់ចំពោះរបរប្រពៃណី បានធ្វើឱ្យលោកសម្រេចចិត្តចាកចេញពីតុបង្រៀន ដើម្បីត្រឡប់មកចាប់កាន់ពន្លាក កាំបិត និងកំណាត់ឈើ ដែលលោកធ្លាប់ស្គាល់តាំងពីកុមារភាព។
តាមសម្តីរបស់លោក ត្វ័ន (Toan) របរឆ្លាក់ត្រានេះ បានបន្សល់ទុកពីលោកតា រួចមកដល់ឪពុករបស់លោក វាបានក្លាយជាផ្នែកមួយនៃកម្រងអនុស្សាវរីយ៍ និងជីវិតរស់នៅរបស់គ្រួសារ។ តាំងពីតូច លោកបានស៊ាំទៅនឹងក្លិនឈើថ្មី ជាមួយនឹងស្នាមឆ្លាក់ដោយដៃយ៉ាងផ្ចិតផ្ចង់។ លោកបានចែករំលែកថា៖ “របរនេះ វាបានជ្រាបចូលក្នុងខ្លួនខ្ញុំ តាំងពីពេលណាក៏មិនដឹងដែរ”។
ក្នុងដំណើរការធ្វើត្រា ដំណាក់កាលឆ្លាក់ ជាដំណាក់កាលដែលទាមទារពេលវេលាច្រើន និងភាពផ្ចិតផ្ចង់បំផុត។ ជាងចម្លាក់ ត្រូវប្រើប្រាស់ឧបករណ៍តូចៗ ដើម្បីបង្កើតជារូបភាពលម្អិតនីមួយៗ នៅលើផ្ទៃឈើ។ ចំពោះគំរូសាមញ្ញៗ ពេលវេលាធ្វើបញ្ចប់ត្រឹមតែប្រហែល ១៥ ទៅ ២០នាទីប៉ុណ្ណោះ ប៉ុន្តែចំពោះការកម្មង់ដែលមានក្បូរក្បាច់ពិបាកៗ អាចត្រូវចំណាយពេលរហូតដល់ពេញមួយសប្តាហ៍។
ភ្ញៀវទេសចរអន្តរជាតិជាច្រើន បានស្វែងរកមកដល់ហាង របស់លោក ផាម ង៉ុកត្វ័ន ដើម្បីកុម្ម៉ង់ធ្វើកាដូអនុស្សាវរីយ៍ ជូនសាច់ញាតិ និងមិត្តភក្តិ។ រូបថត៖
ខាញ់ឡុង/VNP
ជ្រុងតូចមួយនៃវិថី ហាងក្វាត - ជាកន្លែងដែលហាងឆ្លាក់ត្រា ភុកឡឺយ នៃគ្រួសារលោក ផាម ង៉ុកត្វ័ន នៅតែបន្តរស់ដោយភាពស្ងៀមស្ងាត់ នៅចំកណ្តាលចង្វាក់ជីវិតដ៏មមាញឹក។
រូបថត៖ ខាញ់ឡុង/VNP
មិនត្រឹមតែជាកន្លែងធ្វើការនោះទេ ហាងឆ្លាក់ត្រាឈើ ភុកឡើយ ក៏ប្រៀបដូចជាលំហមួយ សម្រាប់រក្សាទុកអនុស្សាវរីយ៍ នៃរបរជំនាន់ដើមផងដែរ។ រៀងរាល់ថ្ងៃ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន បានអញ្ជើញមកទស្សនា ដើម្បីឃើញផ្ទាល់ភ្នែកនូវដំណើរការបង្កើតត្រាដោយដៃ ឬស្វែងរកទិញដូចជាកាដូមួយ ដែលមានស្លាកស្នាមវប្បធម៌វៀតណាម។
តាមសម្តីលោក ត្វ័ន រយៈពេលប្រហែលពីរឆ្នាំថ្មីៗនេះ អាស្រ័យដោយការផ្សព្វផ្សាយនៃបណ្តាញសង្គម និងអ៊ីនធឺណិត មួយថ្ងៃៗកាន់តែមានយុវជនជាច្រើនបានចាប់អារម្មណ៍លើរបរឆ្លាក់ត្រាប្រពៃណីនេះ។ ដើម្បីឱ្យស្របទៅនឹងតម្រូវការថ្មី លោកក៏បានច្នៃប្រតិដ្ឋបន្ថែមម៉ូដចម្រុះជាច្រើនទៀត ប៉ុន្តែនៅតែរក្សាបានលក្ខណៈពិសេស នៃការធ្វើដោយដៃ។
ត្រា របស់គ្រួសារលោក ផាម ង៉ុកត្វ័ន។ រូបថត៖ ខាញ់ឡុង/VNP
កណ្តាលដំណើរការនគរូបនីយកម្មយ៉ាងឆាប់រហ័ស របរឆ្លាក់ត្រាឈើធ្លាប់មានពេលខ្លះ ហាក់ដូចជាត្រូវបានគេបំភ្លេចចោលទៅហើយ។ ក៏ប៉ុន្តែ ដោយការអត់ធ្មត់តស៊ូព្យាយាម និងក្តីស្រឡាញ់ចំពោះរបររបស់សិប្បករដូចជាលោក ត្វ័ន ត្រាតូចៗទាំងនោះ នៅតែបន្តនាំយករឿងរ៉ាវ អំពីវប្បធម៌ និងអនុស្សាវរីយ៍ នៃក្រុងបុរាណហាណូយ ទៅកាន់មិត្តភក្តិជិតឆ្ងាយនៅគ្រប់ទិសទី៕
អត្ថបទ និងរូបថត៖ ខាញ់ឡុង/VNP
ប្រែសម្រួល៖ រីកើង