ការណាត់ជួបនៅហាងកាហ្វេ
តាំងពីហាងកាហ្វេមានអាយុកាលចំណាស់ រហូតដល់ហាងលក់កាហ្វេសាមញ្ញលើចិញ្ចើមថ្នល់ កាហ្វេបានក្លាយជាវប្បធម៌ដ៏ស្និទ្ធស្នាល ក្នុងជីវភាពរស់នៅ របស់ប្រជាជនទីក្រុងហូជីមិញ។ មិនត្រឹមតែជាភេសជ្ជៈប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែនោះជាកន្លែង សម្រាប់មនុស្សគ្រប់គ្នាណាត់ជួបគ្នា អង្គុយលេង ជជែកគ្នា និងសម្របខ្លួនទៅក្នុងចង្វាក់ជីវិតស្វាហាប់ និងបើកចំហនៃទីក្រុង។
នៅទីក្រុងហូជីមិញ ពាក្យអញ្ជើញ “ទៅកាហ្វេណាស៎” តែងតែជាពាក្យណាត់ជួបជុំមិត្តភក្តិ ពិភាក្សាការងារ ឬគ្រាន់តែជាពេលវេលាសម្រាកលំហែកាយ ក្នុងចង្វាក់ជីវិតដ៏មមាញឹក។ ហេតុដូច្នេះហើយ កាហ្វេមិនត្រឹមតែជាភេសជ្ជៈមួយមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទម្លាប់នៃការប្រាស្រ័យទាក់ទងយ៉ាងស្និទ្ធស្នាល របស់ប្រជាជនទីក្រុងផងដែរ។
តាំងពីច្រកផ្លូវតូចៗ រហូតដល់ផ្លូវធំៗដ៏អ៊ូអរ ហាងកាហ្វេមានវត្តមាននៅគ្រប់ទីកន្លែង។ ប្រជាជនអាចចាប់ផ្តើមថ្ងៃថ្មី ដោយកាហ្វេខ្មៅទឹកកកមួយកែវ កាហ្វេទឹកដោះគោ ឬអង្គុយរាប់ម៉ោងក្បែរកែវកាហ្វេ ដើម្បីអង្គុយលេង និងជជែកគ្នា និងធ្វើការ។
នៅកណ្តាលក្រុង ដែលផ្លាស់ប្តូរឥតឈប់ឈរ ហាងលក់កាហ្វេ ដែលឆុងតាមបែបប្រពៃណី នៅតែរក្សាបាននូវ
អត្តសញ្ញាណផ្ទាល់ខ្លួន។ កាហ្វេត្រូវបានឆុងដោយកន្រ្តង តាមវិធីប្រពៃណី ដោយនាំមកនូវបរិយាកាសស្និទ្ធស្នាល និង កក់ក្តៅ។ សម្រាប់មនុស្សជាច្រើននាក់ ការទៅហាងកាហ្វេមិនត្រឹមតែ ដើម្បីពិសារសជាតិកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីស្វែងរកមកវិញ នូវចង្វាក់ជីវិតសាមញ្ញ ដែលបានផ្សារភ្ជាប់ជាច្រើនឆ្នាំមកហើយ។
កាហ្វេលក់លើជ្រុងចិញ្ចើមថ្នល់ និងកាហ្វេអង្គុយផ្ទាល់លើដី ក៏ជារូបភាពដ៏ស្និទ្ធស្នាលនៃទីក្រុងផងដែរ។ ត្រឹមតែកៅអីតូចៗ មួយចំនួន បានដាក់លើចិញ្ចើមថ្នល់ ឬក្នុងសួនច្បារ សាធារណជនអាចអអ្គុយលេងនិងជជែកគ្នា គយគន់ទិដ្ឋភាព និងទទួលយកអារម្មណ៍ នៃចង្វាក់ជីវិតជុំវិញខ្លួន ។ ដោយមិនមានភាពសាំញ៉ាំអំពី លំហ កន្លែងណាត់ជួបទាំងនេះ បានបង្កើតនូវលក្ខណៈទូលំទូលាយ និងស្និទ្ធស្នាល ក្នុងជីវភាពរស់នៅទីក្រុង។
លើសពីនេះ ហាងកាហ្វេទំនើបៗ ដែលមានរចនាបថចម្រុះ កំពុងទាក់ទាញយុវវ័យ និងភ្ញៀវទេសចរអន្តរជាតិយ៉ាងខ្លាំង។ ទោះបីជាជ្រើសរើសហាងតូចមានអាយុកាលចំណាស់ ឬបរិយកាសលំហថ្មី មនុស្សជាច្រើន ក៏នៅតែស្វែងរកកាហ្វេ ដើម្បីតំណភ្ជាប់ ចែក រំលែក និងរីករាយជាមួយពេលវេលាទំនេររបស់ខ្លួន។
នៅទីក្រុងហូជីមិញ វប្បធម៌កាហ្វេមិនត្រឹមតែស្ថិតនៅលើវិធីឆុង ឬវិធីពិសាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញ តាមរយៈការណាត់ជួប ក្នុងជីវិតប្រចាំថ្ងៃ ដែលជាសម្រស់នៃការរស់នៅយ៉ាងសាមញ្ញ រួមចំណែកបង្កើតបានជាភាពរវើក និងបើកចំហនៃទីក្រុង៕
អត្ថបទ ៖ ង្វៀនឡឹន រូបថត៖ ង្វៀនឡឹន / VNP ហុងដាត / VNA















