សិល្បៈគូរដោយក្រមួនឃ្មុំលើក្រណាត់គឺជាបច្ចេកទេសមួយដ៏ពេញនិយម និងពិសេសរបស់ជនជាតិ ម៉ុង (Mong) (H'Mong) នៅឃុំ ចេគូញ៉ា ( Che Cu Nha) ស្រុក មូកាំងចាយ (Mu Cang Chai) ខេត្ត អៀនបាយ (Yen Bai)។
សិល្បៈគូរដោយក្រមួនឃ្មុំលើក្រណាត់គឺជាបច្ចេកទេសមួយដ៏ពេញនិយម និងពិសេសរបស់ជនជាតិ ម៉ុង (Mong) (H'Mong) នៅឃុំ ចេគូញ៉ា ( Che Cu Nha) ស្រុក មូកាំងចាយ (Mu Cang Chai) ខេត្ត អៀនបាយ (Yen Bai)។ ដោយថ្វីដៃទាំងពីរដ៏ប៉ិនប្រសប់ រួមផ្សំនឹងគំនិតដ៏សម្បូរបែប ស្ត្រីជនជាតិម៉ុង (Mong) បានប្រើប្រាស់ក្រមួនឃ្មុំ ដើម្បីបង្កើតក្បាច់រចនាប្លែកៗ ដើម្បីបង្កើនសោភ័ណភាពនៃផលិតផលប្រពៃណី ដូចជាកាបូបយួរ កាបូប កន្សែង សម្លៀកបំពាក់...។
ឃុំ ចេគូញ៉ា ( Che Cu Nha) ស្រុក មូកាំងចាយ (Mu Cang Chai) ខេត្ត អៀនបាយ (Yen Bai) ជាភូមិសិប្បកម្មប៉ាក់ និងត្បាញក្រណាត់ជនជាតិភាគតិច។ ប្រជាជនភាគច្រើននៅទីនេះ បានស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីដែលបានប៉ាក់លើក្រណាត់ rayon ដែលមានក្បាច់រចនាបានគូរដោយក្រមួនឃ្មុំ ការជ្រលក់ត្រុំរួមផ្សំ ជាមួយនឹងការប៉ាក់ និងការតភ្ជាប់ក្រណាត់។
ក្នុងដំណាក់កាលទាំងអស់នេះ វិធីសាស្ត្រគូរដោយក្រមួនឃ្មុំតែងតែបង្កើតនូវភាពពិសេស ព្រោះនេះគឺជាលក្ខណៈពិសេសមួយដែលត្រូវបានផ្ទេរបន្តដល់ជំនាន់ក្រោយ ៗ ក្នុងគ្រួសារជនជាតិម៉ុង (Mong)។ ជនជាតិម៉ុង (Mong) ប្រើក្រមួនឃ្មុំរលាយ ដើម្បីគូរលើផ្ទៃក្រណាត់ សំដៅចង់បិទបាំងទីតាំងមួយចំនួនលើក្រណាត់។ បន្ទាប់ពី គូររួច ក្រណាត់នេះនឹងត្រូវជ្រលក់ពណ៌ ហើយស្ងោរក្នងទឹកពុះ។ ខណៈពេលស្ងោរ ក្រមួនឃ្មុំនឹងរលាយក្នុងទឹកពុះ ហើយបង្ហាញក្បាច់រចនា។ ក្រណាត់មានក្បាច់រចនាដែលត្រូវបានប៉ាក់ដោយដៃ និងក្លាយទៅជាផលិតផលផ្សេងៗ ជាច្រើន ដែលលក់នៅក្នុងទីផ្សារ។
លោកស្រី លីធីនីញ (Ly Thi Ninh) គឺជាស្រ្តីម្នាក់ក្នុងចំណោមបណ្តាស្ត្រីមានបច្ចេកទេសប៉ាក់ ត្បាញ់ និងគូរក្បាច់រចនាដោយក្រមួនឃ្មុំបានល្អបំផុត នៅភូមិ ត្រុងតុង (Trong Tong) ឃុំ ចេគូញ៉ា (Che Cu Nha) ស្រុក មូកាំងចាយ (Mu Cang Chai) ខេត្ត អៀនបាយ (Yen Bai)។ លោកស្រី នីញ (Ninh) បានចាប់ផ្តើមរៀននូវរបៀបគូរក្បាច់រចនាលើក្រណាត់ដោយក្រមួនឃ្មុំពីជីដូន និងម្តាយរបស់គាត់ នៅពេលនោះគាត់ទើបមានអាយុ ៥ ឆ្នាំ ដូច្នេះលោកស្រី នីញ (Ninh) មានជំនាញល្អ។ គាត់បានចែករំលែកថា៖ ក្បាច់រចនាគូរដោយក្រមួនឃ្មុំលើសំពត់ អាវ និងសម្ពាយស្ពាយទារករបស់ជនជាតិ ម៉ុង (Mong) មិនត្រឹមតែបង្ហាញជីវភាពរស់នៅតែប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាមោទនភាព និងសេចក្តីស្រឡាញ់របស់ជនជាតិ ម៉ុង (Mong) នៅទីនេះផងដែរ។
លោកស្រី នីញ (Ninh) បានបន្ថែមថា៖ ក្រណាត់ដែលជ្រើសរើសគឺក្រណាត់ cotton ឬក្រណាត់ rayon បានបោកគត់ស្អាត ធ្វើឲ្យត្រង់រហូន ហើយបានក្រាលលើក្តាររាបស្មើរ រួចច្បូតឲ្យរាបស្មើដោយចង្កូមជ្រូកព្រៃ។ ប៊ិចគូរមានដងធ្វើពីឫស្សី និងក្បាលស្រួចធ្វើពីស្ពាន់តូចៗពីរបន្ទះដែលមានគែមមូល និងរលោង ទល់មុខចូលគ្នា ដើម្បីផ្ទុកក្រមួនឃ្មុំក្តៅនៅខាងក្នុង។ ក្រមួនឃ្មុំត្រូវបានយកនៅក្នុងព្រៃ។ គេបានទុកក្រមួនឃ្មុំក្នុងស្ថានភាពរលាយនិងក្តៅ ដើម្បីគូរក្បាច់រចនា។ ដូច្នេះហើយ នៅពេលគូរដោយក្រមួនឃ្មុំ សិប្បករត្រូវអង្គុយក្បែរចង្ក្រានធ្យូង។ ស្នាមគូរនឹងបានសិប្បករគូរតាមគំនិតរបស់ខ្លួន។ បន្ទាប់ពីគូររួច ផ្ទាំងក្រណាត់មើលទៅដូចជាស្នាដៃដ៏ស្មុគ្រស្មាញដែលមានក្បាច់រចនាគូរដោយក្រមួនឃ្មុំមានពណ៌មាស ពណ៌ត្នោត នៅលើផ្ទៃផ្ទាំងក្រណាត់ពណ៌ស។
ផលិតផលធ្វើពីក្រណាត់របស់ជនជាតិរបស់ជនជាតិម៉ុង (Mong)។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
ដើម្បីមានពណ៌ខៀវត្រុំទុំ និងរក្សាបានពណ៌ ក្នុងរយៈពេលយូរ ក្រណាត់នេះបានជ្រលក់ពណ៌ជាច្រើនដង។ ត្រាំក្រណាត់ក្នុងទឹកត្រុំ បន្ទាប់មកហាលកម្ដៅឲ្យស្ងួត បន្ទាប់មកត្រាំ និងហាលបន្តជាច្រើនលើកច្រើនសារ... ក្នុងដំណើរការជ្រលក់ពណ៌ ត្រូវប្រុងប្រយ័ត្នធ្វើយ៉ាងស្រាល និងហ្មត់ចត់ ដើម្បីកុំឱ្យក្រមួនឃ្មុំប្រេះដើម្បីរក្សាក្បួនរចនា។ជាពិសេសនាពេលថ្មីៗនេះ ដោយមានបំណងចង់ណែនាំបច្ចេកទេសពិសេសរបស់ជនជាតិម៉ុង (Mong) ដល់មនុស្សគ្រប់គ្នា លោកស្រី លីធីនីញ (Ly Thi Ninh) បានបង្ហាញពីការគូរក្បាច់រចនាដោយក្រមួនឃ្មុំលើក្រណាត់ និងការងារជ្រលក់ពណ៌ត្រុំរបស់ជនជាតិម៉ុង (Mong) នៅទីស្ថាន Craft Link លេខ ៥១ ផ្លូវ វ៉ាន់មៀវ (Van Mieu) រដ្ឋធានី ហាណូយ (Ha Noi)។ ការតាំងពិព័រណ៌ និងការណែនាំបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងប្រជាជនជាច្រើននៃរដ្ឋធានីហាណូយ (Ha Noi) បានចូលរួម និងទទួលបទពិសោធន៍។
ក្រណាត់ទាំងនេះត្រូវបានក្រុមសហករណ៍ប៉ាក់ និងត្បាញក្រណាត់ជនជាតិភាគតិចប្រពៃណីរបស់ជនជាតិម៉ុង (Mong) របស់ភូមិ ចេគូញ៉ា (Che Cu Nha) ធ្វើទៅជាផលិតផលជាច្រើន ដូចជា កាបូបស្ពាយ ខ្សែក្រវាត់ កម្រាលតុ អាវ... ហើយត្រូវបានដាក់លក់នៅតាមហាងជាច្រើននៃ Craft Link លេខ ៥១ ផ្លូវ វ៉ាន់មៀវ (Van Mieu) រដ្ឋធានី ហាណូយ (Ha Noi)។
លោកស្រី ត្រឹនទៀតឡាន (Tran Tuyet Lan) នាយិកា Craft Link បានឲ្យដឹងថា៖ បន្ទាប់ពីរយៈពេល ៣ ឆ្នាំនៃការអនុវត្តគម្រោង “អភិវឌ្ឍផលិតផលទេសចរណ៌ពិសេសនៅភាគខាងលិច ខេត្ត អៀនបាយ (Yen Bai) ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៣០” ភាពស្រស់ស្អាតនៃវប្បធម៌ក្រណាត់ជនជាតិភាកតិចប្រពៃណីរបស់ជនជាតិ ម៉ុង (Mong) ក្នុងឃុំ ចេគូញ៉ា (Che Cu Nha) បាននិងកំពុងអភិរក្ស អភិវឌ្ឍ និងណែនាំយ៉ាងទូលំទូលាយដល់សហគមន៍អន្តរជាតិ។ Workshop ស្តីពីសិល្បៈគូរដោយក្រមួនឃ្មុំលើក្រណាត់ត្រូវបានសិប្បការិនី លីធីនីញ (Ly Thi Ninh) បង្ហាញ នៅរដ្ឋធានីហាណូយ (Ha Noi) គឺជាសកម្មភាពតភ្ជាប់សហគមន៍ ដើម្បីឧទ្ទេសនាមអំពីភាពស្រស់ស្អាតនៃវប្បធម៌ជនជាតិដើមភាគតិចដល់ភ្ញៀវទេសចរអន្តរជាតិកំពុងធ្វើដំណើរ ឬរស់នៅ និងធ្វើការនៅរដ្ឋធានីហាណូយ (Ha Noi) ។/.
លោកស្រី លីធីនីញ (Ly Thi Ninh) បង្រៀនអំពីរបៀបរគូរក្បាច់រចនាដោយក្រមួនឃ្មុំ នៅលើក្រណាត់ rayon ប្រពៃណីរបស់ជនជាតិម៉ុង (Mong) នៅឃុំ ចេគូញ៉ា (Che Cu Nha) នៅលំហរ Craft Link space លេខ ៥១ ផ្លូវវ៉ាន់មៀវ (Van Mieu) រដ្ឋធានី ហាណូយ (Ha Noi)។ រូបថត៖ វៀតគឿង /កាសែតរូបភាពវៀតណាម
អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ វៀតគឿង ឯកសាររបស់ Craft link/កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង
អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ វៀតគឿង ឯកសាររបស់ Craft link/កាសែតរូបភាពវៀតណាម ប្រែសម្រួលដោយង្វៀនយ៉ាង