ពិធីបុណ្យអំណរស្រូវថ្មី របស់ជនជាតិ Raglai
ជនជាតិRaglaiជាសហគមន៍ជនជាតិភាគតិច រស់នៅតំបនខាងត្បូងនៃភាគកណ្តាលជាយូរមកហើយ (ភាគច្រើននៅតំបន់ភ្នំនៃខេត្ត ខាញហ្វ័រ (Khanh Hoa) និង ខេត្ត និញធ្វឹន (Ninh Thuan))។ ពួកគេមានឃ្លាំងចំណេះប្រជាប្រិយដ៏សម្បូរបែប រួមមានវីរកថា រឿងព្រេង ចម្រៀងប្រជាប្រិយ ទំនៀមទម្លាប់ និងពិធីបុណ្យពិសេសៗជាច្រើន ដែលបង្កប់ដោយអត្តសញ្ញាណវប្បធម៌។ ក្នុងចំណោមនោះ ពិធីបុណ្យអំណរស្រូវថ្មី គឺជាពិធីបុណ្យដ៏សំខាន់បំផុតមួយ ដែលបង្ហាញពីការដឹងគុណរបស់ប្រជាជន Raglai ចំពោះធម្មជាតិ អាទិទេព និងបុព្វការីជន។ ជាពិសេស នៅឆ្នាំ ២០២៣ ពិធីបុណ្យនេះត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។
ពិធីអំណរស្រូវថ្មីតែងតែបានប្រារព្ភឡើងនៅខណៈពេលបញ្ចប់ការប្រមូលផល (ប្រហែលខែមីនា ឬមេសាជារៀងរាល់ឆ្នាំ)។ ប្រជាជន Raglai សម្គាល់ថា បន្ទាប់ពីប្រមូលផលស្រូវ និងពោតរួច គេមិនបរិភោគភ្លាមៗទេ ដំបូង គេត្រូវរៀបចំពិធីមួយ ដើម្បីអរគុណចំពោះមេឃ និងដី អាទិទេព និងបុព្វការីជន ដែលបានផ្តល់ផលច្រើនដល់ពួកគេ។ នេះក៏ជាឱកាសមួយសម្រាប់ប្រជាជនគ្រប់គ្នាបានជួបជុំគ្នា និងចែករំលែកក្ដីសប្បាយរីករាយ និងទទួលសមិទ្ធផលពលកម្មបន្ទាប់ពីធ្វើkảនឿយហត់ពេញមួយឆ្នាំ។
មុនពេលប្រារព្ភពិធីបុណ្យនេះ ប្រជាជន Raglai ដំឡើងបង្គោលនេវ (neu) មួយ និង រៀបចំគ្រឿងសំណែនយ៉ាងហ្មត់ចត់។ បង្គោល នេវ (neu) ត្រូវបានតុបតែងយ៉ាងស្អាត ព្រោះគេជឿថានេះជាកន្លែងដែលអាទិទេពស្ថិតនៅ។ គ្រឿងសំណែនរួមមាន បាយបានដាំពីអង្ករដែលឆ្ងាញ់បំផុត សាច់ជ្រូក សាច់មាន់ ស្រាពាង ពងមាន់ ... ជាពិសេស គឺប្រជាជន Raglai ថ្វាយមាន់ឈ្មោល មិនថ្វាយមាន់មេដូចជនជាតិដទៃឡើយ ហើយលើស្ពកសំណែនមិនអាចខ្វះព្រះអគ្គីស័ក្តិសិទ្ធិ ដែលជានិមិត្តរូបនៃការតភ្ជាប់ជាមួយបុព្វការីជន។
ជាធម្មតាពិធីបុណ្យបានរៀបចំក្នុងរយៈពេល ២ - ៣ថ្ងៃ ដោយមានសកម្មភាពសំខាន់ៗជាច្រើន។ ជាដំបូងបង្អស់គឺពិធីអញ្ជើញព្រលឹងដូនតាមក និងចូលរួមក្នុងពិធីនេះជាមួយកូនចៅ។ បន្ទាប់មកទៀតគឺពិធីបុណ្យតបគុណ និងពិធីបួងសួងសុំឲ្យមានសុខភាពល្អ សំណាងល្អដល់គ្រប់គ្នា ។ ពិធីថ្វាយត្រូវបានធ្វើឡើងក្រោមបង្គោលនេវ (neu) និងមានលោកអាចា្យជាអធិបតី ។ លោកអាចារ្យជំនួសប្រជាជនទាំងមូលក្នុងភូមិបួងសួង និងរៀបចំពិធីដ៏ពិសិដ្ឋមួយចំនួន។ ប្រជាជន Raglai ប្រកាន់របបមាតាធិបតេយ្យ ដូច្នេះស្ត្រីដើរតួនាទីសំខាន់ក្នុងគ្រួសារ និងសហគមន៍។ ក្នុងពិធីបុណ្យអំណរស្រូវថ្មីនេះ ស្ត្រីជាអ្នកចូលរួមពិធីមុនគេ ហើយក៏ជាអ្នកទទួលយកសមិទ្ធផលដំបូងគេដែរ។ នេះបង្ហាញពីតួនាទីពិសេសរបស់ស្ត្រីក្នុងវប្បធម៌របស់ប្រជាជន Raglai ។ បន្ទាប់ពីពិធីកិច្ចរួច សកម្មភាពបានប្រព្រឹត្តទៅ ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង ជាមួយនឹងសកម្មភាពលេងកំសាន្ត ដូចជា ច្រៀងរាំជាដើម។ គេគ្រប់គ្នារីករាយហូបស្រាពាង ច្រៀង និងរាំតាមភ្លេងស្គរដៃ ស្គរធំ និងត្រែ sarakel ។ សម្លេងសំណើចដ៏រីករាយ រួមនឹងរសជាតិស្រាដ៏ឈ្ងុយឆ្ងាញ់ បានធ្វើឱ្យបរិយាកាសនៃពិធីបុណ្យកាន់តែរំភើប និងអ៊ូអរក្រៃលែង។
ពិធីបុណ្យអំណរស្រូវថ្មី គឺជាឱកាសមួយសម្រាប់ប្រជាជន Raglai ដើម្បីសម្តែងការដឹងគុណចំពោះអាទិទេព និងបុព្វការីជន ហើយទន្ទឹមនឹងនោះ គឺពង្រឹងសាមគ្គីភាពក្នុងសហគមន៍ផងដែរ។ ក្នុងបរិយាកាសអ៊ូអរនៃសម្លេងច្រៀង រសជាតិស្រា និងរបាំប្រពៃណីដ៏រស់រវើក ពិធីបុណ្យនេះបានក្លាយជានិមិត្តរូបនៃវប្បធម៌ដែលភ្ជាប់ទៅនឹងធម្មជាតិ ឆ្ពោះទៅរកប្រភពដើម។ ពិធីបុណ្យនេះត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ បានរួមចំណែករក្សាអត្តសញ្ញាណជនជាតិ Raglai និងបន្ថែមភាពសម្បូរបែបនៃខឿនវប្បធម៌វៀតណាម៕
អត្ថបទ និងរូបថត៖ វៀតគឿង / VNP