ពិធីបុណ្យអំណរបាយថ្មី របស់ជនជាតិថៃ ក្នុងស្រុក មឿងឡាត (Muong Lat)
ពិធីបុណ្យអំណរបាយថ្មីរបស់ជនជាតិថៃ នៅស្រុក មឿងឡាត (Muong Lat) (ខេត្ត ថាញហ្វ័រ (Thanh Hoa)) ជាឱកាសមួយសម្រាប់ជនជាតិថៃ ថ្លែងអំណរគុណដល់មេឃ និងដី រំលឹក និងបង្ហាញពីការដឹងគុណចំពោះអ្នកចែកឋាន។
សម្រាប់ជនជាតិថៃ ពិធីបុណ្យអំណរបាយថ្មី គឺជាឱកាសមួយ ដើម្បីបង្ហាញពីការដឹងគុណចំពោះធម្មជាតិ ដែលបាននាំមកនូវរដូវប្រមូលផលដោយសម្បូរ។ ជាពិសេស គឺជំនួសឱ្យការប្រារព្ធពិធីសែនខួបប្រចាំឆ្នាំជូនអ្នកចែកឋាន នេះគឺជាពេលវេលាដ៏សំខាន់បំផុត ដើម្បីរំលឹកនឹកដល់ដូនតា បុព្វការីជន។ នៅក្នុងបរិយាកាសដ៏ពិសិដ្ឋ គេបួងសួងអញ្ជើញបុព្វការីជនចូលរួមទទួលទានអាហារថ្មី បង្កើតទំនាក់ទំនងយ៉ាងស៊ីជម្រៅរវាងអតីតកាល និងបច្ចុប្បន្នកាល។ នេះក៏ជាឱកាសមួយសម្រាប់ជួបជុំអ្នកក្នុងភូមិទាំងមូល ចែករំលែកភាពរីករាយក្នុងការងារ ពង្រឹងសាមគ្គីភាព និងអប់រំកូនចៅអំពីតម្លៃប្រពៃណី ក៏ដូចជាការដឹងគុណចំពោះបុព្វការីជន និងធម្មជាតិ។
ពិធីអំណរបាយថ្មី តែងប្រារព្ធឡើងនៅពេលស្រូវទុំឡើងពណ៌លឿង (ប្រហែលខែកញ្ញា ឬតុលាជារៀងរាល់ឆ្នាំ)។ ពេលវេលាប្រាកដ នឹងបានលោកអាចារ្យជ្រើសរើសយ៉ាងប្រុងប្រយ័ត្ន ដើម្បីជៀសវាងការជាន់គ្នាជាមួយនឹងថ្ងៃបម្រាមរបស់គ្រួសារនីមួយៗ។ មុនថ្ងៃបុណ្យ គ្រួសារទាំងមូល រៀបចំផ្កាស្រូវណាដែលស្រស់ស្អាតបំផុត និងកសិផលឆ្ងាញ់បំផុត ដើម្បីថ្វាយជូនបុព្វការីជន។ មុខម្ហូបនីមួយៗ ត្រូវបានកែច្នៃយ៉ាងហ្មត់ចត់ ដើម្បីបង្ហាញពីការគោរព។ បរិយាកាសក្នុងផ្ទះពោរពេញទៅដោយសំណើច ទាំងពីមនុស្សចាស់ ទាំងកុមារ ចូលរួមយ៉ាងឱឡារិក។
ក្នុងពិធីបុណ្យនេះ តួនាទីរបស់លោកអាចារ្យគឺសំខាន់ខ្លាំងណាស់។ គាត់តំណាងឱ្យគ្រួសារទាំងមូល រៀបចំពិធីកិច្ចដែលភ្ជាប់រវាងសហគមន៍ អាទិទេព និងបុព្វការីជន។ នៅក្នុងពិធីបន់ស្រន់ដ៏ឧឡារិកនេះ លោកអាចារ្យបួងសួងថ្លែងអំណរគុណដល់មេឃ និងដី សូមអាកាសធាតុអំណោយផល កូនចៅមានសុខភាពល្អ ក្រុមគ្រួសារមានសេចក្តីសុខ។ បន្ទាប់មក គាត់រៀបចំពិធីប្រោះទឹកសម្រាប់ការបួងសួងសំណាងល្អ ដល់សមាជិកទាំងឡាយក្នុងក្រុមគ្រួសារ និងបួងសួងសុំសេចក្តីសុខ។
នៅពេលបញ្ចប់ពិធីកិច្ច ប្រជាជនថៃជួបជុំគ្នាជុំវិញស្ពកបាយថ្មី ចែករំលែកភាពសប្បាយរីករាយ និងពិភាក្សាគ្នាទៅវិញទៅមក នូវរឿងរ៉ាវ ដែលមិនអាចបំភ្លេចអំពីបុព្វបុរសរបស់គេម្នាក់ និងការប្រមូលផលកន្លងហើយ។ ជីដូនជីតា និងឪពុកម្តាយ ក៏ឆ្លៀតឱកាសនេះ ដើម្បីបង្រៀនកូនៗ ចៅៗ នូវមេរៀនដ៏មានតម្លៃអំពីសីលធម៌ ការដឹងគុណ និងតម្លៃនៃកម្លាំងពលកម្ម។ ពេលអាហារដំបូងដ៏កក់ក្ដៅ នៃរដូវប្រមូលផលថ្មី ជាពេលសម្រាប់អ្នករាល់គ្នាសម្រាកលំហែកាយដោយក្ដីរីករាយ។
ជាបន្តបន្ទាប់ បរិយាកាសពិធីបុណ្យបានផ្លាស់ប្តូរទៅភាពសប្បាយរីករាយ អ៊ូអរ និងចម្រុះពណ៌។ កូនកំលោះ និងកូនក្រមុំជនជាតិថៃ ពាក់សម្លៀកបំពាក់ប្រពៃណីរបស់ចម្រុះពណ៌ រាំរបាំ xoe និងរបាំគោះអង្រែ។ សំឡេងគែន និងស្គរលាន់រំពងទូទាំងភូមិ បង្កើតជាបរិយាកាសមួយពោរពេញដោយសូរសំឡេង និងចម្រុះពណ៌។ មនុស្សគ្រប់គ្នា តាំងពីចាស់ដល់ក្មេង ចូលរួមរាំរបាំ ចម្រៀង និងសើចក្អាកក្អាយពេញភូមិ។
ពិធីបុណ្យអំណរបាយថ្មី មិនត្រឹមតែជាពិធីខាងវិញ្ញាណប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តរូបនៃសាមគ្គីភាព និងសេចក្តីស្រឡាញ់នៅក្នុងសហគមន៍ជនជាតិថៃ ផងដែរ។ សម្រាប់ពួកគេ មិនថានៅឆ្ងាយយ៉ាងណា កូនចៅនឹងព្យាយាមវិលមកភូមិវិញ ដើម្បីបានជួបជុំគ្នាក្នុងថ្ងៃបុណ្យដ៏ពិសិដ្ឋនេះ ព្រោះនេះជាឱកាសសម្រាប់មនុស្សម្នាក់ៗរំលឹកខ្លួនឯងអំពីឫសគល់ និងគុណតម្លៃដ៏ថ្លៃថ្នូ ដែលបានបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់៕
អត្ថបទ និងរូបថត៖ វៀតគឿង ប្រែសម្រួលដោយង្វៀនយ៉ាង