ការស្វែងយល់

ពិធីបុណ្យអំណរបាយថ្មី របស់ជនជាតិថៃ ក្នុងស្រុក មឿងឡាត (Muong Lat)

ពិធីបុណ្យអំណរបាយថ្មីរបស់ជនជាតិ​ថៃ នៅស្រុក មឿង​ឡាត (Muong Lat) (ខេត្ត ថាញហ្វ័រ (Thanh Hoa))...

ពិធីបុណ្យអំណរបាយថ្មីរបស់ជនជាតិ​ថៃ នៅស្រុក មឿង​ឡាត (Muong Lat) (ខេត្ត ថាញហ្វ័រ (Thanh Hoa)) ជា​ឱកាស​មួយ​សម្រាប់​ជនជាតិ​ថៃ​ ​ថ្លែង​អំណរគុណ​ដល់​មេឃ និងដី ​រំលឹក​ និងបង្ហាញ​ពី​ការ​ដឹងគុណ​ចំពោះ​អ្នកចែកឋាន​។

ជនជាតិ​ថៃ​ជ្រើសរើសកសិផល​​ឆ្ងាញ់​​បំផុត​​សម្រាប់​​ថ្វាយ​​ជូន​​មេឃ ដី និង​ដូនតា។

សម្រាប់​ជនជាតិ​ថៃ​ ពិធីបុណ្យ​អំណរបាយថ្មី គឺ​ជា​ឱកាស​មួយ​ ដើម្បី​បង្ហាញ​ពី​ការ​ដឹង​គុណ​ចំពោះ​ធម្មជាតិ​ ដែល​បាន​នាំ​មក​នូវរដូវ​ប្រមូល​ផលដោយសម្បូរ​។ ជាពិសេស​ គឺជំនួស​ឱ្យ​​ការ​ប្រារព្ធពិធី​សែនខួបប្រចាំឆ្នាំ​ជូន​អ្នក​ចែកឋាន នេះ​គឺជា​ពេលវេលា​ដ៏​សំខាន់​បំ​ផុត​ ដើម្បីរំលឹកនឹកដល់​ដូនតា​ ​បុព្វការីជន។ នៅ​ក្នុង​បរិយាកាសដ៏​ពិសិដ្ឋ​ ​គេបួងសួង​​អញ្ជើញ​​បុព្វការីជន​​ចូលរួមទទួលទានអាហារថ្មី បង្កើត​ទំ​នាក់​ទំ​នង​យ៉ាង​ស៊ីជម្រៅ​រវាង​អតីតកាល​ និង​បច្ចុប្បន្ន​កាល​។ នេះ​ក៏​ជា​ឱកាស​មួយ​សម្រាប់​​ជួបជុំអ្នកក្នុងភូមិ​ទាំង​មូល​ ចែក​រំលែកភាព​រីករាយ​ក្នុង​ការងារ​ ពង្រឹង​សាមគ្គីភាព​ និង​អប់រំ​កូន​ចៅ​អំពី​តម្លៃ​ប្រពៃណី​ ក៏ដូច​ជា​ការ​ដឹង​គុណ​ចំពោះ​បុព្វការីជន និងធម្មជាតិ។ 

ពិធី​​អំណរបាយ​ថ្មី​ ​តែង​​ប្រារព្ធ​​ឡើងនៅ​​ពេល​​ស្រូវ​​ទុំ​​ឡើង​ពណ៌​​លឿង ​​(ប្រហែល​​​ខែ​​កញ្ញា​ ឬ​​តុលា​​ជា​​រៀង​រាល់​​ឆ្នាំ​)។ ពេល​វេលាប្រាកដ ​នឹងបាន​លោកអាចារ្យ​ជ្រើសរើស​យ៉ាង​ប្រុងប្រយ័ត្ន​ ដើម្បី​ជៀសវាង​ការ​ជាន់គ្នា​ជាមួយ​នឹង​ថ្ងៃ​បម្រាម​របស់​គ្រួសារ​នីមួយៗ​។ មុន​ថ្ងៃ​បុណ្យ​ គ្រួសារ​ទាំងមូល ​រៀបចំ​ផ្កាស្រូវណាដែលស្រស់ស្អាតបំផុត​ និង​កសិផល​ឆ្ងាញ់​បំផុត​ ដើម្បី​ថ្វាយជូន​បុព្វការីជន​។ មុខម្ហូប​នីមួយ​ៗ ត្រូវបាន​កែច្នៃ​យ៉ាង​ហ្មត់ចត់ ដើម្បី​បង្ហាញ​ពី​ការ​គោរព​។ បរិយាកាស​​ក្នុង​​ផ្ទះ​​ពោរពេញ​ទៅ​​ដោយ​​សំណើច​​ ទាំងពី​​មនុស្ស​​ចាស់​​ ទាំង​​កុមារ​​​​ ចូល​រួម​​យ៉ាង​​ឱឡារិក​។

លោកអាចារ្យ​រៀបចំ​ពិធីសែន។

ក្នុង​​ពិធីបុណ្យ​​នេះ​ តួនាទី​​របស់​លោកអាចារ្យ​​គឺ​​សំខាន់​​ខ្លាំង​​ណាស់​។ គាត់​​តំណាង​​ឱ្យ​​គ្រួសារ​​ទាំង​មូល​ រៀបចំ​ពិធី​កិច្ចដែល​​ភ្ជាប់​​រវាងសហគមន៍​​ អាទិទេព​ និងបុព្វការីជន។ នៅ​ក្នុង​ពិធីបន់ស្រន់ដ៏ឧឡារិកនេះ ​លោកអាចារ្យ​បួងសួង​ថ្លែង​អំណរគុណ​ដល់​មេឃ និងដី ​សូម​អាកាសធាតុ​អំណោយ​ផល​ កូនចៅមានសុខភាព​ល្អ ក្រុម​គ្រួសារ​មាន​សេចក្តីសុខ។ បន្ទាប់​មក​ គាត់​​រៀបចំ​​ពិធី​​ប្រោះ​ទឹក​​​​សម្រាប់​ការបួងសួង​សំណាង​​ល្អ​ ​ដល់​​សមាជិកទាំងឡាយ​ក្នុង​ក្រុម​គ្រួសារ និង​បួងសួង​​សុំ​​សេចក្តី​សុខ​​។

នៅ​ពេល​បញ្ចប់​ពិធី​កិច្ច​ ប្រជាជន​ថៃជួបជុំ​គ្នា​ជុំវិញ​ស្ពកបាយថ្មី​ ចែករំលែក​ភាព​សប្បាយ​រីករាយ​ និងពិភាក្សា​គ្នា​ទៅ​វិញ​ទៅ​មក​ នូវ​រឿងរ៉ាវ ​ដែលមិនអាចបំភ្លេចអំពីបុព្វបុរសរបស់គេម្នាក់ និងការប្រមូលផលកន្លងហើយ​។ ជីដូនជីតា និងឪពុកម្តាយ ក៏ឆ្លៀតឱកាសនេះ ដើម្បីបង្រៀនកូនៗ ចៅៗ នូវមេរៀនដ៏មានតម្លៃអំពីសីលធម៌ ការដឹងគុណ និងតម្លៃនៃកម្លាំងពលកម្ម​។ ពេលអាហារ​ដំបូង​ដ៏​កក់ក្ដៅ​ នៃ​រដូវ​ប្រមូល​ផលថ្មី ​ជា​ពេល​សម្រាប់​អ្នក​រាល់​គ្នា​សម្រាក​លំហែកាយ​ដោយក្ដី​រីករាយ​។

មនុស្ស​គ្រប់​គ្នា​ចូលរាំ​របាំ xoe ក្នុង​ពិធីបុណ្យ។

ជាបន្តបន្ទាប់ បរិយាកាស​ពិធីបុណ្យ​បាន​ផ្លាស់ប្តូរ​ទៅ​​ភាពសប្បាយរីករាយ អ៊ូអរ និងចម្រុះពណ៌។ កូនកំលោះ និង​កូនក្រមុំជនជាតិថៃ ពាក់​សម្លៀកបំពាក់ប្រពៃណីរបស់ចម្រុះ​ពណ៌​ ​​​រាំ​​របាំ​ xoe និង​របាំគោះអង្រែ។ សំឡេងគែន និង​​ស្គរ​​លាន់រំពង​ទូទាំង​ភូមិ​ បង្កើតជាបរិយាកាស​មួយ​​ពោរពេញ​​ដោយ​​សូរសំឡេង​ និងចម្រុះ​ពណ៌​។ មនុស្សគ្រប់​​គ្នា ​​​តាំង​​​ពី​​​ចាស់​​ដល់​​ក្មេង​ ​ចូល​រួម​​រាំ​​របាំ​ ចម្រៀង និងសើចក្អាកក្អាយ​ពេញ​​ភូមិ​។

មនុស្ស​​ម្នា​​ចូល​រួម​​លេង​​ល្បែង​​ប្រពៃណី​​ ក្នុង​ពិធី​បុណ្យ​​អំណរបាយថ្មី។

ពិធីបុណ្យអំណរបាយថ្មី​ មិន​ត្រឹមតែ​ជា​ពិធី​ខាង​វិញ្ញាណ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​ជា​និមិត្តរូប​នៃ​សាមគ្គីភាព​ និងសេចក្តីស្រឡាញ់នៅក្នុងសហគមន៍ជនជាតិថៃ ផងដែរ។ សម្រាប់ពួកគេ មិនថានៅឆ្ងាយយ៉ាងណា កូនចៅនឹងព្យាយាមវិលមកភូមិវិញ ដើម្បីបានជួបជុំគ្នាក្នុងថ្ងៃបុណ្យដ៏ពិសិដ្ឋនេះ ព្រោះនេះជាឱកាសសម្រាប់មនុស្សម្នាក់ៗរំលឹកខ្លួនឯងអំពីឫសគល់ និងគុណតម្លៃដ៏ថ្លៃថ្នូ ដែលបានបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់៕

 

អត្ថបទ និង​រូបថត៖ វៀតគឿង ប្រែសម្រួលដោយង្វៀនយ៉ាង

 



top