នាយប់ទី ២៤ ខែមករា ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោក តូ ឡឹម ដើម្បីអបអរសាទរ ចំពោះភាពជោគជ័យនៃមហា សន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្ត វៀតណាម។
លោកអគ្គលេខាបក្ស តូ គឡឹម អំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (រូបថត៖ ថុង ញ៉ាត់/VNA)
លោកធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ប្របានបញ្ជាក់ថា នេះគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ ដែលកំណត់ទិសដៅ ដាក់ចេញគោលដៅ និងអនុម័តលើសេចក្តីសម្រេចចិត្តសំខាន់ៗ ភារកិច្ច និងវិធានការ ដើម្បីនាំវៀតណាមអភិវឌ្ឍន៍ប្រកបដោយឆាប់រហ័ស និងប្រកបដោយចីរភាពក្នុងយុគសម័យថ្មី រួមទាំងក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។ លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានសង្កត់ធ្ងន់ថា ការដែលលោកតូ ឡឹម ត្រូវបានបោះឆ្នោតជ្រើសតាំងសារជាថ្មីកាន់តំណែងជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១៤ បានបញ្ជាក់ពីកិត្យានុភាពនយោបាយ និងការរួមចំណែកដ៏សំខាន់របស់លោក ក្នុងការបង្កើតនិងចេញផ្សាយសម្រេចចិត្តជាយុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ការការពារផលប្រយោជន៍ និងការលើកកម្ពស់តួនាទីរបស់វៀតណាមនៅលើឆាកអន្តរជាតិ។
តាងនាមបក្សកុម្មុយនិស្តនិងប្រជាជនវៀតណាម លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា តាមរយៈមហាសន្និបាតបក្សនីមួយៗ វៀតណាមតែងតែមានមិត្តភក្តិប្រពៃណី ដែលបានបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្រ ក្នុងនោះមានអតីតសហភាពសូវៀត និងសហព័ន្ធរុស្ស៊ីនាពេលបច្ចុប្បន្នផងដែរ។ លោកអគ្គលេខាបក្សបានចែករំលែកថា មហា សន្និបាតលើកទី១៤ បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំជាបន្តបន្ទាប់ចំពោះគោលដៅឯករាជ្យជាតិ និងសង្គមនិយម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។
លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា វៀតណាមតែងតែចាត់ទុករុស្ស៊ីជាដៃគូដែលអាចទុកចិត្តបាន និងសំខាន់ចម្បងរបស់វៀតណាមនៅអឺរ៉ុប ហើយចង់អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធរុស្ស៊ី ក្នុងស្មារតីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ី។
ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បានសង្កត់ធ្ងន់ថា រុស្ស៊ីយកចិត្តទុកដាក់ជាពិសេសចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយ វៀតណាម ដែលបានកសាងឡើងដោយផ្អែកលើមិត្តភាពប្រពៃណីរយៈពេល ៧៥ ឆ្នាំ ដែលត្រូវបានថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរពូនជ្រុំដោយឥតឈប់ឈរ។ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានអះអាងថា សហព័ន្ធរុស្ស៊ីនឹងបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍របស់ប្រជាជនរុស្ស៊ីនិង វៀតណាម និងដើម្បីគោលដៅធានាស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ក្នុងឱកាសនេះ ប្រធានាធិបតី លោក ពូទីន បានគោរពអញ្ជើញ ដល់អគ្គលេខាបក្ស លោកតូ ឡឹមទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនៅពេលណាមួយដែលសមស្រប។ លោកអគ្គលេខាបក្សបានទទួលយកការអញ្ជើញដោយរីករាយ និងបានអញ្ជើញប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន មកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗនេះ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម