នាថ្ងៃទី ១ ខែកក្កដា ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក Emmanuel Macron បានជួបសន្ទនាតាមទូរស័ព្ទជាលើកដំបូងចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២២មក ដោយគូសសញ្ញានៃការបន្តកិច្ចសន្ទនាជាន់ខ្ពស់រវាងប្រទេសទាំងពីរជាមួយនឹងតួនាទីសំខាន់ៗនៅក្នុងសហគមន៍អន្តរជាតិ។
មេដឹកនាំទាំងពីរបានផ្តោតការពិភាក្សាលើបញ្ហាអន្តរជាតិជាបន្ទាន់មួយចំនួន ជាពិសេសជម្លោះនៅអ៊ុយក្រែននិងភាពតានតឹងកើនឡើងនៅមជ្ឈិមបូព៌ា។
ស្តីពីបញ្ហាអ៊ុយក្រែន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងពីគោលជំហរជាប់លាប់របស់រុស្ស៊ី ចំពោះដំណោះស្រាយដ៏ទូលំទូលាយ និងនិរន្តរភាពសម្រាប់វិបត្តិនេះ។ ប្រធានាធិបតីរុស្ស៊ីបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងសក្តានុពលណាមួយត្រូវផ្អែកលើការពិតនៃទឹកដីថ្មី ហើយមានគោល បំណងលុបបំបាត់ឫសគល់នៃជម្លោះ។
ប្រធានាធិបតីបារាំង Emmanuel Macron បានអំពាវនាវឱ្យមានបទឈប់បាញ់ដំបូងក្នុងប្រទេសអ៊ុយក្រែននិងបន្តការចរចាសន្តិភាព។ ប្រធានាធិបតីបារាំងបានបញ្ជាក់ជាថ្មីពីទស្សនៈគាំទ្រអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់អ៊ុយក្រែន។
ទាក់ទងនឹងស្ថានការណ៍នៅមជ្ឈិមបូព៌ា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានឲ្យដឹងថា ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រុស្ស៊ី និងបារាំងមានទំនួលខុសត្រូវពិសេសក្នុងការរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់ និងការពារ របបមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។ មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពសិទ្ធិរបស់អ៊ីរ៉ង់ក្នុងការអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ សម្រាប់គោលបំណងសន្តិភាពស្របតាមច្បាប់អន្តរជាតិ។ ភាគីទាំងពីរក៏បានឯកភាពបន្តរក្សាទំនាក់ទំនងនាពេលខាងមុខផងដែរ ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាមo