ក្នុងឱកាសរំលឹកខួបលើកទី ៧៩ នៃទិវាយុទ្ធជនពិការ-យុទ្ធជនពលី (ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៦) កាលពីយប់ថ្ងៃទី ២៣ ខែកក្កដា នៅទីក្រុងហាណូយ អគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម បានរៀបចំកម្មវិធីនយោបាយសិល្បៈក្រោមប្រធានបទ "មាតុភូមិដឹងគុណ - ការសន្យាចំពោះអ្នកម្ដាយ"។
កម្មវិធីនយោបាយសិល្បៈក្រោមប្រធានបទ "មាតុភូមិដឹងគុណ - ការសន្យាចំពោះអ្នកម្ដាយ"។ (រូបថត៖ Tuan Anh/VNA)
កម្មវិធីនេះបានពិពណ៌នាយ៉ាងជ្រាលជ្រៅអំពីដំណើរតបស្នងសងគុណរបស់ប្រជាជាតិវៀតណាមចំពោះអ្នកដែលបានលះបង់ដើម្បីមាតុភូមិ។ កម្មវិធីបានលើកតម្កើងការលះបង់ និងពលីកម្មរបស់វីរយុទ្ធជនពលី វីរអ្នកម្ដាយវៀតណាម យុទ្ធជនពិការ យុទ្ធជនមានជំងឺ ក្រុមគ្រួសាររបស់យុទ្ធជនពលី និងអតីតយុទ្ធជន ព្រមទាំងរីកសាយភាយរូបភាពរបស់កម្មាភិបាល យុទ្ធជន និងកងកម្លាំងមុខងារដែលកំពុងធ្វើការទាំងយប់ទាំងថ្ងៃដើម្បីបំពេញភារកិច្ចស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី។ អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងកម្មវិធី លោកនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានសង្កត់ធ្ងន់ថា៖
“ស្នើឲ្យកម្មាភិបាលនិងយុទ្ធជនទាំងអស់ឱ្យរកគ្រប់មធ្យោបាយដើម្បីសម្រេចភារកិច្ចស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណយុទ្ធជនពលី។ ប្ដេជ្ញាចិត្តសម្រេចភារកិច្ចនេះ ដើម្បីរួមចំណែកដល់ការបន្ធូរបន្ថយទុក្ខវេទនារបស់គ្រួសារនានា ដែលមិនទាន់បានរកឃើញអដ្ឋិធាតុយុទ្ធជនពលី ក៏ដូចជាបន្ធូរបន្ថយក្ដីខ្វល់ខ្វាយរបស់យើងផ្ទាល់ផងដែរ”។
នាថ្ងៃទី ២២-២៣ ខែកក្កដា បញ្ជាការដ្ឋានយោធភូមិភាគទី ៤ បានរៀបចំសកម្មភាពរំលឹកគុណដ៏មានអត្ថន័យជាច្រើន នៅខេត្តក្វាងទ្រី ដូចជា៖ ការអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅឈាបនដ្ឋានយុទ្ធជនពលីជាតិទ្រឿងសឺន និងឈាបនដ្ឋានយុទ្ធជនពលីជាតិ ផ្លូវលេខ ៩ ឈាបនដ្ឋានយុទ្ធជនពលី វិញលីញ និងតំបន់កេរ្តិ៍ដំណែលជាតិពិសេស កំពែងបុរាណក្វាងទ្រី; ការទៅសួរសុខទុក្ខក្រុមគ្រួសារគោលនយោបាយ; ការត្រួតពិនិត្យ និងលើកទឹកចិត្តកងកម្លាំងដែលកំពុងអនុវត្តន៍ "យុទ្ធនាការ ៥០០ ថ្ងៃទាំងយប់សម្រាប់ជំរុញការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី”។ ល៕
តាម vovworld.vn/km-KH