នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានថ្លែងថា វៀតណាមកំពុងឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ ជាមួយនឹងតម្រូវការផ្លាស់ប្តូរគំរូអភិវឌ្ឍន៍ជាតិ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព ខិតខំទទួលកំណើនពីរខ្ទង់ ដោយផ្អែកលើមូលដ្ឋាននៃស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដោយវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង និងផលិតភាពការងារធ្វើជាមូលដ្ឋានគ្រឹះ។
នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំជាមួយសហគ្រាសចិនដែលកំពុងវិនិយោគនៅវៀតណាម។ រូបថត៖ VNA
លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា សហគ្រាសចិននឹងបន្តកំណត់វៀតណាមជាគោលដៅវិនិយោគ ផលិតកម្ម និងអាជីវកម្មរយៈពេលវែង; បង្កើនការវិនិយោគដែលមានគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើបជាង និងសមត្ថភាពរីកសាយភាយកាន់តែខ្លាំង; សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហគ្រាសវៀតណាម ដើម្បីទាញយកសក្តានុពល ចំណុចខ្លាំង និងការបំពេញបន្ថែមគ្នាទៅវិញទៅមករវាងសេដ្ឋកិច្ចទាំងពីរបានកាន់តែប្រសើរឡើង។
"សូមស្នើឱ្យសហគ្រាសនៃប្រទេសទាំងពីរប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវទិសដៅសហប្រតិបត្តិការសំខាន់ៗ ដែលបានព្រមព្រៀងគ្នាដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ ដោយម្ចាស់ការស្នើឡើង និងអនុវត្តគម្រោងជាក់លាក់។ ចាំបាច់ត្រូវលើកកម្ពស់គុណភាពនៃការវិនិយោគ និងផ្តោតសំខាន់លើការបង្កើនខ្លឹមសារបច្ចេកវិទ្យានិងនវានុវត្តន៍។ ខ្ញុំសង្ឃឹមថា សហគ្រាសចិននឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ អភិវឌ្ឍន៍ និងនវានុវត្តន៍នៅវៀតណាម សហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងសាកលវិទ្យាល័យនានា បណ្តុះបណ្តាលវិស្វករ អ្នកជំនាញ និងធនធានមនុស្សមានគុណភាពខ្ពស់ និងចែករំលែកបទពិសោធន៍អភិបាលកិច្ច"។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមនឹងបន្តផ្ទៀងស្តាប់ គាំទ្រ និងការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិន បង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសក្នុងការវិនិយោគ និងធ្វើអាជីវកម្មប្រកបដោយចីរភាពនៅវៀតណាម៕
តាម vovworld.vn/km-KH