នាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទរវាងនាយករដ្ឋមន្ត្រីជាមួយបណ្ដាឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នតំណាងវៀតណាមនៅបរទេស ដើម្បីបូកសរុបការងារការទូតសេដ្ឋកិច្ចឆ្នាំ ២០២៤ និងទិសដៅឆ្នាំ ២០២៥ ដើម្បីបង្កើតរបកគំហើញសម្រាប់កំណើន។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ថ្លែងនៅសន្និសីទ។ (រូបថត៖ VOV)
សន្និសីទនេះត្រូវបានរៀបចំឡើងតាមទម្រង់ផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាល
(ហាណូយ) និងតភ្ជាប់តាមប្រព័ន្ធអ៊ីនធឺណែត ជាមួយទីភ្នាក់ងារតំណាងវៀតណាមចំនួន ៩៤
នៅក្រៅប្រទេស និងគណៈកម្មាធិការប្រជាជនខេត្តក្រុងចំនួន ៦៣ ក្រោមឱវាទមជ្ឈិម។
ដោយពិនិត្យលើសកម្មភាពការទូតសេដ្ឋកិច្ច
ផ្សព្វផ្សាយពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ចំនួន ៧០០
ដែលទីភ្នាក់ងារតំណាងវៀតណាមនៅបរទេសបានរៀបចំឡើង
និងសកម្មភាពជំរុញពាណិជ្ជកម្មនិងវិនិយោគជាង ៤០០
នៅតាមមូលដ្ឋាននានាទាំងក្នុងនិងក្រៅប្រទេស លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ
បានអះអាងថា ការងារការទូតសេដ្ឋកិច្ចត្រូវបានអនុវត្តន៍កាន់តែជាក់ស្ដែង
និងប្រកបដោយវិជ្ជាជីវៈជាមួយនឹង "ភាពច្បាស់លាស់ ៣ យ៉ាង"៖
លទ្ធផលច្បាស់លាស់ ផលិតផលច្បាស់លាស់
ការរួមចំណែកច្បាស់លាស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។
លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា
ឆ្នាំ២០២៥ គឺជាឆ្នាំដ៏សំខាន់ ដើម្បីពន្លឿនល្បឿន និងសម្រេចគោលដៅអភិវឌ្ឍន៍សម្រាប់ដំណាក់កាល២០២១-២០២៥
ព្រមទាំងជាដំណាក់កាលមមាញឹក ក្នុងការត្រៀមរៀបចំឲ្យមហាសន្និបាតលើកទី១៤របស់បក្សផងដែរ។
ដើម្បីឈានដល់គោលដៅប្រាក់ចំណូលជាមធ្យមកម្រិតខ្ពស់សម្រាប់ប្រជាជននៅឆ្នាំ ២០៣០
និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥ អត្រាកំណើនសេដ្ឋកិច្ចរបស់វៀតណាមត្រូវតែឈានដល់ ៨%
នៅឆ្នាំ ២០២៥ និងឈានដល់ ២ ខ្ទង់ក្នុងដំណាក់កាលអភិវឌ្ឍន៍នាពេលខាងមុខ។ ហេតុដូច្នេះ
លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យជំរុញការចុះហត្ថលេខាលើក្របខ័ណ្ឌច្បាប់នានា; កែសម្រួលគោលនយោបាយទិដ្ឋាការ; ពង្រឹងទំនាក់ទំនងរវាងសហគ្រាសវៀតណាម
និងសហគ្រាសមកពីប្រទេសផ្សេងៗ។ ទន្ទឹមនឹងនោះ ផ្តោតលើការបន្ត កម្លាំងចលករកំណើនប្រពៃណី
ដូចជា៖ ការនាំចេញ ការវិនិយោគ និងការប្រើប្រាស់; លើកកម្ពស់កម្លាំងចលករកំណើនថ្មី
ដូចជា៖ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចែករំលែក...
ដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងប្រទេស និងសកលលោក។
នៅក្នុងសន្និសីទ
លោកនាយករដ្ឋមន្ត្រីបានប្រគល់ភារកិច្ចជាក់លាក់ជូនឯកអគ្គរដ្ឋទូត
និងប្រធានស្ថាប័នតំណាងវៀតណាមនៅបរទេសដូចជា៖
ស្នើឲ្យសហរដ្ឋអាមេរិកទទួលស្គាល់វៀតណាមជាសេដ្ឋកិច្ចទីផ្សារក្នុងពេលឆាប់ៗ; ជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចច្រកទ្វារព្រំដែន
ការតភ្ជាប់គមនាគមន៍ ជាពិសេសការតភ្ជាប់ផ្លូវដែក; សហប្រតិបត្តិការជាមួយបណ្តាប្រទេសមជ្ឈិមបូព៌ា
កសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុងហូជីមិញ... លកនាយករដ្ឋមន្ត្រីជឿជាក់ថា
ការទូតសេដ្ឋកិច្ចនឹងបន្តត្រូវបានដាក់ពង្រាយយ៉ាងខ្លាំងក្លា គ្រប់ជ្រុងជ្រោយ
ប្រកបដោយភាពច្នៃប្រឌិត ហើយសម្រេចបានលទ្ធផលកាន់តែល្អប្រសើរជាងឆ្នាំមុន៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម