ផ្លូវដែលនាំទៅដល់ទឹកជ្រោះ Khuoi Nhi ឃុំ Lam Binh ផុសជ្រងោនៅចំពោះមុខភ្ញៀវទេសចរ នូវទេសភាពដ៏បៃតងត្រជាក់ ជាកន្លែងដែលព្រៃភ្នំ ឱបក្រសោបទឹកជ្រោះពណ៌សក្បុស។
ផ្លូវដែលនាំទៅដល់ទឹកជ្រោះ Khuoi Nhi ឃុំ Lam Binh ផុសជ្រងោនៅចំពោះមុខភ្ញៀវទេសចរ នូវទេសភាពដ៏បៃតងត្រជាក់ ជាកន្លែងដែលព្រៃភ្នំ ឱបក្រសោបទឹកជ្រោះពណ៌សក្បុស។ នៅកណ្តាលព្រៃធំល្វឹងល្វើយនៃខេត្ត Tuyen Quang ទឹកជ្រោះ Khuoi Nhi បានផុសឡើងដូចជាផ្ទាំងគំនូរមួយដ៏រ៉ូមែនទិក ទន់ភ្លន់ និងរហោស្ថាន។
សម្រស់ដ៏អស្ចារ្យនៃទឹកជ្រោះ Khuoi Nhi។ (រូបថត៖ tuyenquang.gov.vn) |
ពីកំពង់ផែទូកនៅ Lam Binh ភ្ញៀវទេសចរចំណាយពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះ ដើម្បីធ្វើដំណើរតាមទូកនៅលើបឹងអេកូឡូស៊ី Na Hang – Lam Binh។ នៅពេលដែលសូរសំឡេងទឹកជ្រោះចាប់ផ្តើមបន្លឺឡើងកាន់តែខ្លាំង រូបភាពទឹកជ្រោះ Khuoi Nhi ក៏បានលេចឡើងជាបណ្ដើរៗ។ទឹកជ្រោះនេះមានច្រើនជាន់ ដែលជាន់នីមួយៗ មើលទៅដូចសសៃសូត្រពណ៌ស ហូរចុះមកលើផ្ទាំងថ្មដែលគ្របដណ្ដប់ដោយស្លែបៃតង។ ពន្លឺព្រះអាទិត្យចែងចាំងកាត់តាមមែកឈើ បង្កើតជាបន្ទះពន្លឺរស្មីដ៏ភ្លឺចិញ្ចាចលើផ្ទៃទឹក ដែលធ្វើឱ្យទេសភាពកាន់តែស្រស់ស្អាត។ ទឹកជ្រោះ Khuoi Nhi តាំងពីយូរមកហើយ បានក្លាយជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយនៅ Lam Binh ហើយជាកន្លែងទស្សនាដែលមិនគួររំលង នៅពេលដែលភ្ញៀវទេសចរ មកទស្សនាអាងស្តុកទឹកវារីអគ្គិសនី Na Hang – Lam Binh។ លោក Dang Quoc su នាយកមជ្ឈមណ្ឌលផ្សព្វផ្សាយទេសចរណ៍ខេត្ត Tuyen Quang បានឲ្យដឹងថា៖
"ទឹកជ្រោះ Khuoi Nhi ជាទឹកជ្រោះដ៏ស្រស់ស្អាតមួយដែលនៅតែត្រូវបានរក្សាដដែល ហើយនាំមកនូវតម្លៃបទពិសោធន៍ពិសេសដល់ភ្ញៀវទេសចរពេញដំណើរកម្សាន្តទៅទស្សនាអាងស្តុកទឹកវារីអគ្គិសនី Na Hang។ ការតភ្ជាប់រវាងទឹកជ្រោះ និងទេសភាពរមណីយដ្ឋានផ្សេងទៀតបានបង្កើតបានដំណើរកម្សាន្តពហុបទពិសោធន៍សម្រាប់ភ្ញៀវទេសចរ ក៏ដូចជាបង្កើតភាពខុសប្លែកនិងភាពចម្រុះសម្រាប់ផលិតផលទេសចរណ៍របស់ខេត្ត Tuyen Quang ផងដែរ"។
នៅជើងទឹកជ្រោះមានបឹងធំមួយ ជាកន្លែងដែលភ្ញៀវទេសចរអាចសម្រាកនិងបន្ធូរអារម្មណ៍។ (រូបថត៖ tuyenquang.gov.vn) |
ទឹកជ្រោះ Khuoi Nhi មាន ៣ ជាន់ ហើយដើរឡើងកាន់តែខ្ពស់ ទឹកជ្រោះបែងចែកជាចរន្តតូចៗកាន់តែច្រើន ដែលហូរកាត់ស្រទាប់ថ្ម បង្កើតជាបឹងធម្មជាតិពណ៌ខៀវថ្លា។ ភ្ញៀវទេសចរខ្លះជ្រើសរើសការមុជទឹកត្រជាក់ដើម្បីបំបាត់ភាពនឿយហត់។ អ្នកខ្លះទៀតរកជ្រុងស្អាតតូចមួយដើម្បីថតរូប ចាប់យកពេលវេលាសម្របខ្លួននៅក្នុងធម្មជាតិ។ បុរសភ្ញៀវទេសចរម្នាក់មកពីខេត្ត Phu Tho បានចែករំលែកអំពីបទពិសោធន៍របស់ខ្លួនជាមួយក្រុមមិត្តភក្តិ នៅពេលមកដល់ទឹកជ្រោះ Khuoi Nhi យ៉ាងដូច្នេះថា៖“យើងពិតជារំភើបរីករាយមែនទែន ព្រោះយើងបានធ្វើដំណើរឆ្ងាយ ប៉ុន្តែនៅពេលមកទីនេះ យើងមានអារម្មណ៍ ថា វាមានអត្ថន័យខ្លាំងហើយបរិយាកាសក៏រីករាយផងដែរ។ មានត្រីម៉ាស្សាជើងឲ្យយើង អស្ចារ្យណាស់។ មានអារម្មណ៍ដូចជាត្រូវបានចាក់ម្ជុលវិទ្យាសាស្ត្រដោយត្រីធម្មជាតិអញ្ចឹង”។
នៅជើងទឹកជ្រោះមានបឹងធំមួយដែលមានត្រីជាច្រើន។ អ្នកទស្សនាគ្រាន់តែត្រាំជើងនៅក្នុងទឹក ហើយហ្វូងត្រីនឹងហែលមកម៉ាស្សាជើង ដែលនាំមកនូវអារម្មណ៍រីករាយ។ (រូបថត៖ tuyenquang.gov.vn) |
សម្រស់នៃទឹកជ្រោះ Khuoi Nhi មិនត្រឹមតែស្ថិតនៅក្នុងទឹកជ្រោះប៉ុណ្ណោះទេ។ វាក៏ជាអារម្មណ៍នៃការរស់នៅយ៉ាងយឺតៗ ស្តាប់សំឡេងព្រៃឈើ ស្តាប់សំឡេងផ្ទាល់ខ្លួនរបស់យើង នៅក្នុងលំហដ៏បរិសុទ្ធផងដែរ។ ជាពិសេស នៅទឹកជ្រោះ Khuoi Nhi មានសេវាម៉ាស្សាដោយឥតគិតថ្លៃពីធម្មជាតិ ដែលតែងតែត្រូវបានភ្ញៀវទេសចរនិយមចូលចិត្តយ៉ាងខ្លាំង។ អ្នកស្រី Nguyen Lan Phuong ភ្ញៀវទេសចរមកពីទីក្រុងហាណូយ បានចែករំលែកដោយក្ដីរំភើបថា៖“អារម្មណ៍សុភមង្គល ផាសុខភាព និងចំណាប់អារម្មណ៍ទាំងអស់នឹងកើតឡើងក្រោយពីរយៈពេលធ្វើដំណើរយ៉ាងលំបាកដើម្បីឡើងទៅទឹកជ្រោះ។ យើងត្រូវឡើងជណ្តើរប៉ុន្មានរយកាំទើបមកដល់ទឹកជ្រោះ។ នៅទីនេះមានផាសុកភាពណាស់ ដោយមានទឹកត្រជាក់ ខៀវថ្លា ទេសភាពស្រស់ស្អាត ហ្វូងត្រីកំពុងហែលទឹក។ ពេលឮព័ត៌មានថា មានត្រីមកត្បុលជើង ខ្ញុំក៏ចូលចិត្តដែរ ប៉ុន្តែខ្ញុំមិននឹកស្មានថា វាល្អយ៉ាងដូច្នេះទេ”។ ពេលព្រះ
អាទិត្យលិចនៅពីក្រោយជួរភ្នំឆ្ងាយៗ កាំរស្មីចុងក្រោយនៃពន្លឺឆ្លុះបញ្ចាំងលើទឹកជ្រោះ បង្កើតជាបន្ទះពណ៌ លឿងភ្លឺដ៏ត្រចះត្រចង់។ Khuoi Nhi នៅពេលនេះមើលទៅដូចជាបន្ទះសូត្រពណ៌លឿងមាសនៅកណ្ដាលព្រៃឈើ។
Khuoi Nhi ស្ថិតនៅកណ្តាលព្រៃធំល្វឹងល្វើយនៃខេត្ត Tuyen Quang។ Khuoi Nhi មិនអ៊ូអរ មិនខ្លាំងក្លា ឬអួតអាងទេ។ ទឹកជ្រោះនេះ ត្រឹមតែហូរយ៉ាងស្រទន់ ខណៈដែលព្រៃឈើឱបក្រសោបទឹកជ្រោះយ៉ាងស្ងប់ស្ងាត់។ ភាពរហោស្ថាននិងរ៉ូមម៉េនទិកនេះ បានបង្កើតជាភាពទាក់ទាញដ៏យូរអង្វែង សម្រស់ដ៏បរិសុទ្ធនិងសម្បូរទៅដោយមនោសញ្ចេតនា ដែលធ្វើឱ្យអ្នកដែលមកទីនេះម្តង ក៏ចង់វិលត្រឡប់មកវិញម្ដង ទៀត៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម