វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូមួយក្នុងចំណោមដៃគូដ៏សំខាន់បំផុត ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានមូលដ្ឋានគ្រឹះដ៏រឹងមាំ និងសក្ដានុពលជាច្រើនសម្រាប់ការអភិវឌ្ឍបន្ថែមទៀត។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោកស្រី ង្វៀន មិញហាំង (Nguyen Minh Hang) បានបញ្ជាក់យ៉ាងដូច្នេះក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់សហរដ្ឋអាមេរិកប្រចាំវៀតណាម លោកស្រី ជេនីហ្វើរ វីកស៍ (Jennifer Wicks) ដែលបានធ្វើឡើងនាថ្ងៃទី ២៣ ខែកក្កដា នៅទីស្នាក់ការក្រសួងការបរទេស (ទីក្រុងហាណូយ)។
ដោយអបអរសាទរលោកស្រី ជេនីហ្វើរ វីកស៍ ដែលទើបតែត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី ង្វៀន មិញហាំង បានសម្តែងគោលបំណងថា សហរដ្ឋអាមេរិកនឹងគាំទ្រវៀតណាមក្នុងការធ្វើជាម្ចាស់ផ្ទះឆ្នាំ APEC ២០២៧ ប្រកបដោយជោគជ័យ សហការយ៉ាងសកម្មក្នុងការអនុវត្តអាទិភាព និងគំនិតផ្តួចផ្តើមរបស់វៀតណាម ព្រមទាំងបំណងចង់ទទួលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មកចូលរួមសប្តាហ៍ជាន់ខ្ពស់ APEC នៅប្រទេសវៀតណាមផងដែរ។ អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី ង្វៀន មិញហាំង ក៏បានសង្ឃឹមថា ដោយផ្អែកលើបទពិសោធន៍ការងារ និងភាពជាអ្នកដឹកនាំរបស់ខ្លួន លោកស្រីឯកអគ្គរដ្ឋទូត ជេនីហ្វើរ វីកស៍ នឹងមានឱកាសចែករំលែកបទពិសោធន៍ និងជំនាញភាពជាអ្នកដឹកនាំ ជាមួយកម្មាភិបាលការទូតស្ត្រីវៀតណាម តាមនោះរួមចំណែកដល់ការបង្កើនការផ្លាស់ប្តូរនិងការតភ្ជាប់រវាងស្ត្រីនៃប្រទេសទាំងពីរ។
រីឯខ្លួនវិញ លោកស្រីឯកអគ្គរដ្ឋទូត ជេនីហ្វើរ វីកស៍ បានវាយតម្លៃថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក-វៀតណាមកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ដ៏ល្អប្រសើរ ដោយបញ្ជាក់ថា សហរដ្ឋអាមេរិកឱ្យតម្លៃដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម។ លោកស្រីឯកអគ្គរដ្ឋទូតបានឲ្យដឹងថា នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស និងស្ថាប័នពាក់ព័ន្ធរបស់វៀតណាម ដោយពង្រីកតួនាទីជាស្ពានតភ្ជាប់ សំដៅជំរុញការផ្លាស់ប្តូរ ការជួបប្រាស្រ័យជាន់ខ្ពស់ និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវវិស័យសហប្រតិបត្តិការអាទិភាពនានា រួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែជាក់ស្ដែង មានប្រសិទ្ធភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក៕
តាម vovworld.vn/km-KH