លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រទេសថៃគឺជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់វៀតណាមនៅក្នុងអាស៊ាន ហើយស្នើឲ្យភាគីទាំងពីរបន្តខិតខំប្រឹងប្រែងជម្រុញទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចឲ្យបាន ២៥ ពាន់លានដុល្លារអាមេរិក តាមទិសដៅតុល្យភាព និងប្រកបដោយចីរភាពជាងមុន តាមរយៈការបង្កើតលក្ខណៈងាយស្រួល និងបើកចំហទីផ្សារទំនិញបន្ថែមទៀត។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទទួលជួបលោកស្រី Urawadee Sriphiromya (រូបថត៖ vnanet.vn)
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតែមានច្រើនណាស់។ ភាគីទាំងពីរគប្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗដូចជា៖ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការធ្វើបរិវត្តកម្មឌីជីថល សេដ្ឋកិច្ចឌីជីថល នវានុវត្តន៍ និងជម្រុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ការផ្លាស់ប្តូរវប្បធម៌ កីឡា ទេសចរណ៍ អប់រំ បណ្ដុះបណ្ដាល ជំនួបប្រាស្រ័យប្រជាជន។ល។ លោកនាយករដ្ឋមន្ត្រីបានសម្ដែងនូវការយកចិត្តទុកដាក់ដល់ការធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈអាកាសចរណ៍ ដែលជាកត្តាសំខាន់សម្រាប់អាកាសចរណ៍ស៊ីវិល ការដឹកជញ្ជូន ទេសចរណ៍ និងពាណិជ្ជកម្មនៅក្នុងតំបន់។ ក្នុងស្មារតីនោះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យប្រទេសថៃពិចារណាលើការបង្កើតលក្ខណៈងាយស្រួលសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ សម្រាប់អាកាសចរណ៍ស៊ីវិលនៅវៀតណាម ដោយរួមចំណែកដល់ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍។
លោកស្រី Urawadee Sriphiromya បានឯកភាពជាមួយនឹងសំណើរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ដោយបញ្ជាក់ថា ប្រទេសទាំងពីរគប្បីគាំទ្រគ្នាទៅវិញទៅមកក្នុងអំឡុងពេលដែលពិភពលោកប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន។ លោកស្រី Urawadee Sriphiromya បានសង្កត់ធ្ងន់ថា ទោះបីជាប្រឈមមុខនឹងការលំបាកជាច្រើនក្នុងការផ្គត់ផ្គង់ថាមពលក្នុងស្រុកគ្រប់គ្រាន់ក៏ដោយក៏ប្រទេសថៃនឹងបន្តរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួម ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីធានាស្ថិរភាពថាមពលនៅក្នុងតំបន់៕