មេដឹកនាំកំពូលនៃបក្សទាំងពីរ និងប្រទេសទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាយ៉ាងទូលំទូលាយ និងគ្រប់ជ្រុងជ្រោយលើស្ថានភាពនៅក្នុងប្រទេសនីមួយៗ ទំនាក់ទំនងរវាងបក្សទាំងពីរ ប្រទេសទាំងពីរ បញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម។ អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានអះអាងថា ចិនជានិច្ចកាលចាត់ទុកវៀតណាមជាអាទិភាពក្នុងគោលនយោបាយការទូតអ្នកជិតខាង ហើយត្រៀមខ្លួនជាស្រេច រួមជាមួយវៀតណាម ជំរុញការកសាងសហគមន៍ចែករំលែកអនាគតចិន-វៀតណាមប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ ឲ្យនៅកម្រិតខ្ពស់ជាងមុន។
រីឯខ្លួនវិញ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានសង្កត់ធ្ងន់ថា៖
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម នៅកិច្ចពិភាក្សា។ (រូបថត៖ VNA)
“ខ្ញុំនិងថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម ជានិច្ចកាលមានបំណងចង់រួមជាមួយសមមិត្ត ស៊ី ជីនពីង និងថ្នាក់ដឹកនាំបក្ស និងរដ្ឋចិន ដើម្បីពូនជ្រុំប្រពៃណីមិត្តភាពដោយឥតឈប់ឈរ ជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កសាង សហគមន៍ចែករំលែកអនាគតវៀតណាម-ចិនប្រកបដោយអត្ថន័យយុទ្ធសាស្ត្រឲ្យកាន់តែរីកចម្រើន”។
ដោយផ្អែកលើមូលដ្ឋាននោះ មេដឹកនាំទាំងពីរបានបញ្ជាក់ពីការបន្តដឹកនាំគ្រប់កម្រិត គ្រប់វិស័យទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវគោលដៅរួម "៦ ថែមទៀត" (ទំនុកចិត្តនយោបាយខ្ពស់ថែមទៀត; កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខជាក់ស្ដែងថែមទៀត; កិច្ចសហប្រតិបត្តិការជាក់ស្ដែងស៊ីជម្រៅថែមទៀត; មូលដ្ឋានគ្រឹះសង្គមរឹងមាំថែមទៀត; ការសម្របសម្រួលពហុភាគីថែមទៀតជិតស្និទ្ធ; ការគ្រប់គ្រងនិងដោះស្រាយការខ្វែងគំនិតគ្នាប្រសើរថែមទៀត); រក្សាការជួបប្រាស្រ័យជាន់ខ្ពស់ជាប្រចាំ ពង្រីកប្រសិទ្ធភាពនៃតួនាទីដ៏សំខាន់របស់បក្សក្នុងការតំរង់ទិស។
អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង នៅកិច្ចពិភាក្សា។ (រូបថត៖ VNA)
អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង និងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានឯកភាពបង្កើតកម្រិតថ្មីនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដោយប្រមូលផ្ដុំធនធានលើការលើកកំពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងផ្តល់អាទិភាពខ្ពស់បំផុតដល់កិច្ចសហប្រតិបត្តិការផ្លូវដែក។ ភាគីទាំងពីរបានព្រមព្រៀងគ្នាបើកទីផ្សារនៅកម្រិតអតិបរមាសម្រាប់ទំនិញរបស់គ្នាទៅវិញទៅមក និងខិតខំជំរុញពាណិជ្ជកម្មប្រកបដោយតុល្យភាព និងភាពស្អាតស្អំ។
នៅកិច្ចពិភាក្សា មេដឹកនាំទាំងពីរបានប្រកាសជាផ្លូវការអំពីការចាប់ផ្ដើមនៃ "ឆ្នាំសហប្រតិបត្តិការទេសចរណ៍វៀតណាម-ចិន ឆ្នាំ២០២៦-២០២៧" ដើម្បីពង្រឹងនិងរក្សាឋានៈជាទីផ្សារទេសចរណ៍ដ៏ធំបំផុតរបស់គ្នាទៅវិញទៅមក។
មេដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរបានឯកភាពបន្តដោះស្រាយការខ្វែងគំនិតគ្នាឲ្យបាន សមហេតុផល ប្រតិបត្តិយ៉ាងម៉ឺងម៉ាត់នូវការឯកភាពគ្នារវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) និងចិន ស្តីពីការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងជំរុញការសម្រេចបាននូវក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) យ៉ាងជាក់ស្ដែង មានប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។
បន្ទាប់ពីកិច្ចពិភាក្សា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងភរិយារួមជាមួយគណៈប្រតិភូជាន់ខ្ពស់របស់បក្ស និងរដ្ឋវៀតណាម បានអញ្ជើញចូលរួមពិធីជប់លៀងស្វាគមន៍ថ្នាក់រដ្ឋដ៏អធិកអធម និងពិធីជប់លៀងតែលាគ្នា ដែលរៀបចំដោយអគ្គលេខាបក្សប្រធានរដ្ឋចិន លោក ស៊ី ជីនពីង និងភរិយា។ នេះគឺជាការជួបប្រាស្រ័យក្នុងទម្រង់ពិសេសរវាងមេដឹកនាំកំពូលនៃបក្សទាំងពីរ និងប្រទេសទាំងពីរ៕