03/01/2021 21:50 GMT+7 Email Print Like 0

មហស្ចារ្យ “អាណាចក្រ” ពើមូនៅស្រុកតីយ៉ាង (Tay Giang)

លើកំពូលភ្នំ Zi’liêng ពិសិដ្ឋអស្ចារ្យនៃព្រៃភ្នំតីយ៉ាង (Tay Giang) (ខេត្តក្វាងណាម - Quang Ngai) មាន “អាណាចក្រ” ពើមូចំណាស់មួយដែលមានអាយុជាង១.០០០ឆ្នាំ។ សម្រស់និងការលូតលាស់នៃតំបន់ព្រៃភ្នំខៀវបៃតង ធ្វើឱ្យមនុស្សគ្រប់គ្នាស្ញប់ស្ញែង។ ជាមួយនឹងពាក្យសត្យស្មោះត្រង់នៃជន​ជាតិ​ខើទូ នៅស្រុកតីយ៉ាង (Tay Giang) កំពុងបញ្ចេញកម្លាំងទាំងយប់ទាំងថ្ងៃ ការពាររតនវត្ថុ ដែលធម្មជាតិលោកប្រទានជូនដល់មនុស្សលោក។

លំហផ្ទៃមេឃតីយ៉ាង (Tay Giang) នាដូវប្រាំងក្តៅបែកផ្សែង។ ផ្លូវដីក្រហមផ្សែងធូលីកប់ពពក។ ពីថ្ងៃផ្លូវធំ ជាកំណាត់ផ្លូវដែលគិតចាប់ពីស្ថានីយ៍ការពារព្រៃឈើទិសខាងជើងនៃព្រែកបូង (Bung) ចូលទៅដល់ព្រៃពើមូ មិនពេញ៦គីឡូម៉ែត្រ តែពិបាកធ្វើដំណើរណាស់។ បន្ទាប់ពីជិតមួយម៉ោងធ្វើដំណើរយ៉ាងលំបាកនៅលើផ្លូវនេះ ទីបំផុតយើងខ្ញុំក៏ចូលទៅដល់តំបន់ផ្ទះហ្គឿល (Guol) ដេកនៅក្រោមជើងភ្នំ Zi’liêng។ ក្រោយមួយសន្ទុះធ្វើដំណើរហាត់ស្ទើរដាក់ដង្ហើម ចុងក្រោយយើងខ្ញុំក៏ទៅដល់តំបន់ស្នូល។ ចម្រុះនៅកណ្តាលព្រៃចំណាស់ គឺដើមពើមូយក្ស គគ្រាតគគ្រើម ស្រាំៗ និងខ្ពស់ត្រង់ភ្លឹង។ ដើមពើមូដូចជាអធិរាជនៃព្រៃព្រឹក្សា ដែលកំពុងតែលូតលាស់ត្រឈឹងត្រឈៃ លាតសន្ធឹងគ្រប់ដណ្តប់នៅស្រទាន់ដែលខ្ពស់បំផុតនៃតំបន់ព្រៃចំណាស់នេះ ធ្វើឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ដូចនៅទីនេះ វាមានតែមួយ លេខមួយ គ្មានគូរប្រៀប ពីព្រោះគ្មានប្រភេទដើមឈើណាមួយ ដែលអាចឆ្លងកាត់វាបាន តាំងពីកម្ពស់រហូតដល់ទំហំ។

ក្រោមពន្លឺថ្ងៃស្រអាប់អាថ៌កំបាំងនៃព្រៃភ្នំ គល់ឈើពើមូចំណាស់ រំលេចចេញរាងរូវប្លែកៗ។ មានគល់ដូចជារូបនាគព័ទ្ធដេកបំពួនក្រោមស្លឹកត្រសុំត្រសាយ មានគល់ខ្លះមានរាងដូចជាសត្វខ្លា អង្គុយសម្ងំសំឡឹងមើលមនុស្សដូចយើងខ្ញុំ ដោយភាពស្ទាបស្ទង់អាំថ៌កំបាំង គល់ខ្លះទៀតបោងដុំៗដូចទ្រូងនារី មានទាំងគល់ជាមួយនឹងឫស្សយក្សអណ្តែតផុតពីដី បង្កើតជារូងរន្ធខ្ពស់អាចផ្ទុកមនុស្សរាប់រយនាក់ ...។

 

កំពូលភ្នំ Zi’liêng មានដើមពើមូជាង២.០០០ដើម ដែលមានអាយុចាប់ពី២៥០ឆ្នាំរហូតដល់ជាង១.០០០ឆ្នាំ។ ពើមូអំបូឈើ cupressaceae បានរាប់បញ្ចូលជាឈើក្រុមអេ២ ជាឈើកម្រ។ រូបថត៖ ហ្វាងហ្វ័រ


ដើមពើមូយក្សមួយរាងធំស្មើរមនុស្សបីបួននាក់អោបជុំ។ រូបថត៖ ហ្វាងហ្វ័រ


 ឫស្សធំនៃឈើដើមពើមូចំណាស់ បង្កើតជារូងរន្ធនៅខ្ពស់ពីដីដ៏ធំ។ រូបថត៖ ហ្វាងហ្វ័រ


ដើមពើមូចាស់ស្លាប់មួយ បន្សល់ខ្លឹមដេកហាលភ្លៀងក្តៅនៅកណ្តាលព្រៃចំណាស់។ រូបថត៖ ហ្វាងហ្វ័រ

មនុស្សក្លាយទៅជាតូចពេលនៅចំពោះភាពមហិមានៃ “អធិរាជពើមូ” នៅស្រុកតីយ៉ាង (Tay Giang)។ រូបថត៖ ថាញហ្វ័រ


គល់ពើមូមានរូបរាងដូចជាសត្វខ្លា កំពុងពួនខ្លួនសម្ងំជាមួយនឹងទឹកមុខពោរពេញទៅដោយភាពអាថ៌កំបាំង។ រូបថត៖ ថាញហ្វ័រ

 

នៅវៀតណាមមានព្រៃពើមូយ៉ាងច្រើន ប៉ុន្តែភាពកម្រនិងពិសេសដូចនៅស្រុកតីយ៉ាង (Tay Giang) ប្រហែលមានតែមួយគត់។ មានទាំងមជ្ឈដ្ឋានអ្នកស្រាវជ្រាវបានវាយតម្លៃព្រៃពើមូចំណាស់នៃស្រុកតីយ៉ាង (Tay Giang) ជាព្រៃមួយក្នុងចំណោមប្រជុំព្រៃពើមូធំបំផុត ដែលមានតម្លៃបំផុត នៅតំបន់អាស៊ីអាគ្នេយ៍។ នៅទីនេះ លើកកំពូលភ្នំ Zi’liêng មានកម្ពស់១.៤០០ម៉ែត្រ ប្រៀបនឹងកម្រិតទឹកសមុទ្រ មានផ្ទៃដីប្រហែល៤៥០ហិកតា ជាទីប្រជុំដើមឈើពើមូចំណាស់ ដែលមានដើមពើមូជាង២.០០០ដើម ក្នុងនោះមាន៧២៥ដើម ដែលបានទទួលស្គាល់ជាដើមឈើកេរដំណែល។ ក្រៅពីនោះ ក្នុងព្រៃសព្វថ្ងៃ មានឈើពើមូប្រហែល៨០ដើម ត្រូវរន្ទះបាញ់ ត្រូវខ្យល់ព្យុះ ឬចាស់ងាប់ ដួលរលំដេកនៅនឹងកន្លែង។ ដើមឈើជាច្រើន ក្រោយរយឆ្នាំដេកហាលភ្ញៀវក្តៅពុករលួយ បន្សល់នៅតែខ្លឹមរឹងមាំ ដូចជាដែកថែបត្រូវស្លែតោង មើលទៅចម្លែកអស្ចារ្យណាស់។

អនុប្រធានស្រុកតីយ៉ាង (Tay Giang) ឱ្យដឹងថា តីយ៉ាង (Tay Giang) មានពាក្យពោលថា៖ “ព្រៃនៅតីយ៉ាង (Tay Giang) លូតលាស់ បាត់ព្រៃតីយ៉ាង (Tay Giang)អួរអាប់”។ ហេតុដូចនេះ ប្រឈមនឹងបញ្ហាបំផ្លាញព្រៃឈើ កំពុងប្រព្រឹត្តិទៅកាន់តែធ្ងន់ធ្ងរដូចសព្វថ្ងៃ សមត្ថកិច្ចនិងប្រជាជនតីយ៉ាង (Tay Giang) ប្តេជ្ញាធ្វើគ្រប់យ៉ាងដើម្បីការពារព្រៃឈើ ការពារឱ្យទាល់តែបាននូវ “អធិរាជពើមូ”ចំណាស់កម្ររបស់ខ្លួន ដោយទឹកចិត្តស្រឡាញ់ ចំពោះប្រភពកេរដំណែលដ៏មានតម្លៃ នៃប្រជាជន៕


ពើមូ​មានឈ្មោះវិទ្យាសាស្រ្ត fokienia hodginsii (dunn), អំបូរឈើ cupressaceaeបានរាប់បញ្ចូលក្រុមអេ២ជាក្រុមកម្រ តាមទិន្នន័យសង្កេតពិនិត្យនៃស្រុកតីយ៉ាង (Tay Giang) ប្រជុំឈើពើមូចំណាស់ សរុបមាន២.០១១ដើម ដុះរាយពេញផ្ទៃដីជាង៤៥០ហិកតា នៅកម្ពស់ជាង១.៤០០ម៉ែត្រ បើប្រៀបនឹងកម្រិតទឹកសមុទ្រដុះប្រមូលផ្តុំនៅភូមិសាស្រ្ត Tr’hy និង Axan ចំណុះស្រុកតីយ៉ាង (Tay Giang)។ ក្នុងនោះសព្វថ្ងៃមាន៧២៥ដើម បានទទួលស្គាល់ជាដើមកេរដំណែល។ នេះជាដើមមានអាយុកាលចាប់ពី២៥០ឆ្នាំ រហូតដល់១.០០០ឆ្នាំ។ ដើមធំបំផុតមានអង្កត់ផ្ចិត៣,៥ម៉ែត្រ បរិវេណរង្វង់មូល១១ម៉ែត្រ កម្ពស់ក្រោមមែកជិត២០ម៉ែត្រ និងមានអាយុ១.៣២៨ឆ្នាំ។

 

អត្ថបទនិងរូបថត៖ ថាញហ្វ័រ


បណ្តាអត្ថបទបានផ្សាយ