អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីប លោក Hany Mostafa Mohamed Mostafa Hassan លោកប្រធានរដ្ឋលឿង គឿងបានសង្កត់ធ្ងន់ថា ភាគីទាំងពីរគួរតែចាត់ទុកពាណិជ្ជកម្ម និងវិនិយោគជាមូលដ្ឋានគ្រឹះ ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងក្នុងវិស័យបច្ចេកវិទ្យា កសិកម្ម និងការផ្លាស់ប្ដូរប្រជាជននិងប្រជាជន; បង្កើនកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ ក៏ដូចជាសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី។
អញ្ជើញអបអរសាទរឯកអគ្គរដ្ឋទូតឥណ្ឌា លោក Tshering W. Sherpa ដែលមកបំពេញបេសកកម្មការទូតនៅវៀតណាម លោកប្រធានរដ្ឋលឿង គឿង បានស្នើឲ្យប្រទេសទាំងពីរគួរតែបង្កើតការទម្លុះទម្លាយថ្មីៗ ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដោយបង្កើនអត្ថប្រយោជន៍ភូមិសាស្ត្រសេដ្ឋកិច្ច និងសក្តានុពលទីផ្សារនៃសេដ្ឋកិច្ចទាំងពីរ; លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ក៏ដូចជាវិស័យផ្សេងទៀតដែលប្រទេសទាំងពីរមានតម្រូវការ។
លោកប្រធានរដ្ឋ លឿងគឿង ជួបជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋសិង្ហបុរី លោក Rajpal Singh (រូបថត៖ VOV) |
អញ្ជើញជួបជាមួយឯកអគ្គរដ្ឋទូត Rajpal Singh នៃសាធារណរដ្ឋសិង្ហបុរី លោកប្រធានរដ្ឋលឿង គឿង បានស្នើឱ្យភាគីទាំងពីរ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ការពារជាតិ និងសន្តិសុខ ក៏ដូចជាវិស័យសក្តានុពលផ្សេងៗទៀត។ លោកប្រធានរដ្ឋក៏បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ភាគីទាំងពីរក្នុងការកសាងសហគមន៍អាស៊ានដ៏រឹងមាំ និងវិបុលភាព ដើម្បីជាប្រយោជន៍ដល់ឯកភាព សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក។
នៅថ្ងៃដដែលនោះ លោកប្រធានរដ្ឋលឿង គឿង បានទទួលឯកអគ្គរដ្ឋទូត Nasly Isabel Bernal Prado នៃសាធារណរដ្ឋឈីលី មកជូនសារតាំងទទួលបេសកកម្មនៅវៀតណាម។
នារសៀលថ្ងៃដដែល ប្រធានរដ្ឋលោក លឿង គឿង បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតមិនអចិន្ត្រៃយ៍នៃសាធារណរដ្ឋឡាតវី សាធារណរដ្ឋអាល់បានី សាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ សាធារណរដ្ឋអ៊ូសបេគីស្ថាន សាធារណរដ្ឋជីប៊ូទី សាធារណរដ្ឋហ្គាបុង សាធារណរដ្ឋហ្គីណេអេក្វាទ័រ សាធារណរដ្ឋសហព័ន្ធសូម៉ាលី សាធារណរដ្ឋឆាដ និងសាធារណរដ្ឋប៉ារ៉ាហ្គាយ ដែលអញ្ជើញមកជូនសារតាំង ទទួលកាតព្វកិច្ចនៅវៀតណាម។
អញ្ជើញថ្លែងនៅក្នុងពិធី ប្រធានរដ្ឋ លោក លឿង គឿង បានបញ្ជាក់ថា វៀតណាមតែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពិពិធកម្ម ពហុភាគីនិយម ដោយធ្វើជាមិត្ត ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកសកម្មនិងមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ។ យោងតាមលោកប្រធានរដ្ឋ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងរវាងវៀតណាម និងប្រទេសជាមិត្តនៅអាស៊ីខាងត្បូង អាស៊ីកណ្តាល អាហ្វ្រិក អាមេរិកឡាទីន បាល់ទិក និងបាល់កង់ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ និងសម្រេចបានវឌ្ឍនភាពវិជ្ជមានជាច្រើន។ លោកប្រធានរដ្ឋលឿង គឿងបានបញ្ជាក់ថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាស្ពាន តភ្ជាប់បណ្តាប្រទេស និងប្លុកសេដ្ឋកិច្ចនៅក្នុងតំបន់ផ្សេងៗ ជាមួយអាស៊ាន; លើកកម្ពស់ភាពរឹងមាំនៃទំនាក់ទំនងសេដ្ឋកិច្ច ដោយនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រទេសដែលមានសេដ្ឋកិច្ចមធ្យម តូចនិងមធ្យមនៅទូទាំងពិភពលោក។
“ខ្ញុំជឿជាក់ថា ក្នុងអាណត្តិបំពេញបេសកកម្មរបស់ខ្លួន លោក លោកស្រីឯកអគ្គរដ្ឋទូតនឹងបំពេញភារកិច្ចដោយជោគជ័យ ក្នុងនាមជាស្ពាននៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយបន្តកសាង និងអភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀតណាម និងប្រទេសដទៃទៀត។ ចំពោះខ្លួនវិញ វៀតណាមតែងតែត្រៀមខ្លួនជាស្រេចដើម្បីស្តាប់យោបល់ និងសំណូមពររបស់លោក លោកស្រីឯកអគ្គរដ្ឋទូត និងបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់សម្រាប់លោក លោកស្រី ដើម្បីបំពេញភារកិច្ចដោយជោគជ័យ។ ខ្ញុំសង្ឃឹមថា អាណត្តិការងាររនៅវៀតណាមនឹងបន្សល់ទុកនូវចំណាប់អារម្មណ៍វិជ្ជមានចំពោះលោក លោកស្រីឯកអគ្គរដ្ឋទូត អំពីប្រទេស ប្រជាជន វប្បធម៌ និងប្រវត្តិសាស្ត្ររបស់វៀតណាម”។ នេះបើយោងតាមប្រសាសន៍របស់លោកប្រធានរដ្ឋ លឿង គឿង៕