កីឡាហែលទឹកបាននាំមកនូវដំណឹងល្អដល់ក្រុមកីឡាជនពិការវៀតណាមនៅក្នុងព្រឹត្តិការណ៍កីឡាជនពិការអាស៊ីអាគ្នេយ៍ (អាស៊ានប៉ារ៉ាហ្គេម) លើកទី១៣ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសថៃ បន្ទាប់ពីកីឡាករហែលទឹកវៀតណាមបានបន្តបញ្ចេញពន្លឺរស្មី ដោយបង្កើនចំនួនមេដាយមាស សរុបចំនួន ៥គ្រឿង បន្ទាប់ពីការប្រកួតត្រឹមតែកន្លះថ្ងៃប៉ុណ្ណោះ នាថ្ងៃទី២១ ខែមករា។
កីឡាករ Vo Huynh Anh Khoa ឈ្នះមេដាយមាសដំបូងគេក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១៣។ រូបថត៖ Thai Duong/ laodong.vn
ក្នុងវិញ្ញាសាហែលទឹកសេរី ៤០០ម៉ែត្រ បុរសប្រភេទពិការ S8 កីឡាករ Vo Huynh Anh Khoa បានឈ្នះមេដាយមាសដំបូងសម្រាប់ក្រុមកីឡាវៀតណាម។ លោកបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១ ដោយថិរវេលា ៥នាទី ២៦វិនាទី ១៦ដែលនាំមុខដាច់ឆ្ងាយពីគូប្រជែងដទៃទៀត។ ចំណែកឯកីឡាករ Nguyen Van Hanh បានឈ្នះមេដាយមាសក្នុងវិញ្ញាសាហែលទឹកកង្កែប ១០០ម៉ែត្របុរស់ ប្រភេទពិការ SB11។ មេដាយមាសទីបីសម្រាប់ក្រុមកីឡាវៀតណាមបានទៅលើ កីឡាការិនី Trinh Thi Bich Nhu ក្នុងវិញ្ញាសាហែលទឹកកង្កែប ១០០ម៉ែត្រនារី ប្រភេទពិការ SB4-5។ អត្តពលិក Vi Thi Hang បាននាំយកមេដាយមាសទី ៤ មកផ្ទះវិញជាមួយនឹងជ័យជម្នះដ៏លេចធ្លោក្នុងវិញ្ញាសាហែលទឹកសេរី ១០០ ម៉ែត្រនារី ប្រភេទពិការ S7។ មេដាយមាសទី ៥ បានទៅលើកីឡាការិនី Le Thu Dung ដែលបានបញ្ចប់ដោយចំណាត់ថ្នាក់លេខ ១ ក្នុងវិញ្ញាសាហែលទឹកសេរី ១០០ ម៉ែត្រនារី ប្រភេទពិការ S8៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម