ក្នុងឱកាសរំលឹកខួបលើកទី ៧៨ ទិវាយុទ្ធជនពិការនិងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ -២៧ កក្កដា ២០២៥) នាព្រឹកថ្ងៃទី ២៣ ខែកក្កដា ប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងក្រុមការងារមជ្ឈិមបានអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយដល់យុទ្ធជនពិការនៅមជ្ឈមណ្ឌលថែទាំយុទ្ធជនពិការ Duy Tien ខេត្ត Ninh Binh។
ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញចុះសួរសុខទុក្ខយុទ្ធជនពិការដែលកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលថែទាំងយុទ្ធជនពិការ Duy Tien ខេត្ត Ninh Binh។ រូបថត៖ VOV
លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់ថា “ផឹកទឹកនឹកដល់ប្រភពដើម” គឺជាគោលការណ៍សីលធម៌ និងប្រពៃណីដ៏ល្អប្រសើររបស់ប្រជាជនវៀតណាម។ សង្គ្រាមបានកន្លងផុតទៅយូរហើយ ប៉ុន្តែកុលបុត្រឆ្នើមៗរាប់លាននាក់បានពលីជីវិតយ៉ាងអង់អាចក្លាហាន; យុទ្ធជនពិការនិងយុទ្ធជនជំងឺរាប់ម៉ឺននាក់ បានបន្សល់ទុករាងកាយមួយផ្នែករបស់ពួកគេនៅលើសមរភូមិ... ដើម្បីមានបានប្រទេសវៀតណាមឯករាជ្យ - សេរីភាព - សន្តិភាព និងអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ។ ដើម្បីបន្តថែទាំជីវភាពរស់នៅរបស់ជនមានគុណូបការៈ លោកប្រធានរដ្ឋបានស្នើដល់ក្រសួង ស្ថាប័ន និងមូលដ្ឋាននិយាយរួម ក្រសួងមហាផ្ទៃ និងខេត្ត Ninh Binh និយាយដោយឡែក ត្រូវកំណត់ថា ការយកចិត្តទុកដាក់ និងអនុវត្តគោលនយោបាយអនុគ្រោះសម្រាប់ជនមានគុណូបការៈ គឺជាការងារជាប្រចាំ និងយូរអង្វែងនៃប្រព័ន្ធនយោបាយ និងសង្គមទាំងមូល។ លោកប្រធានរដ្ឋបានស្នើឱ្យបន្តពិនិត្យឡើងវិញនូវគោលនយោបាយទាក់ទងនឹងជនមានគុណូបការៈចំពោះបដិវត្តន៍ និងក្រុមគ្រួសារយុទ្ធជនពលី; ទន្ទឹមនឹងនោះ ស្នើដំណោះស្រាយលុបបំបាត់រាល់ការជំពាក់ជំពិនឱ្យស្របតាមស្ថានភាពនិងតថភាពជាក់ស្តែងរបស់ប្រទេសជាតិ។
ក្រសួងមហាផ្ទៃនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង សាខា និងមូលដ្ឋាននានា ដើម្បីបង្កើតមូលដ្ឋានសម្ភារៈដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបំពេញតាមតម្រូវការចិញ្ចឹមបីបាច់និងថែទាំងជនមានគុណូបការៈ; កៀងគរធនធានសង្គមកាន់តែច្រើន រួមដៃជាមួយបក្ស និងរដ្ឋ ដើម្បីថែទាំជីវភាពខាងសម្ភារៈ និងស្មារតីរបស់ជនមានគុណូបការៈឱ្យកាន់តែប្រសើរជាង៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម