អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទទួលជួបទីប្រឹក្សាក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក Eduardo SL Oban Jr.។ រូបថត៖ VNA
ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើថា នៅក្នុងបរិបទដែលស្ថានភាពពិភពលោក និងតំបន់មានការវិវឌ្ឍដ៏ស្មុគស្មាញនោះ វៀតណាម និងហ្វីលីពីនគួរតែពង្រឹងទំនុកចិត្តនយោបាយបន្ថែមទៀត ជំរុញកិច្ចសហប្រតិបត្តិការ បង្កើនសាមគ្គីភាព ពង្រីកយន្តការសហប្រតិបត្តិការ និងពន្លឿនការចុះហត្ថលេខាលើកម្មវិធីសកម្មភាពដើម្បីអនុវត្តន៍ភាពជាដៃគូយុទ្ធសាស្ត្រកម្រិតខ្ពស់; បង្កើនការផ្លាស់ប្តូរ និងការពិគ្រោះយោបល់លើបញ្ហាយុទ្ធសាស្ត្រក្នុងតំបន់ និងពិភពលោក ហើយបន្តពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រជំហរ ទស្សនៈ និងគំនិតផ្តួចផ្តើមរបស់គ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន និងតំបន់។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានឲ្យដឹងថា វៀតណាមត្រៀមខ្លួនរួចជាស្រេចដើម្បី ចូលរួមចំណែកយ៉ាងសកម្ម និងគាំទ្រហ្វីលីពីនក្នុងការអនុវត្តគំនិតផ្តួចផ្តើមអំពីកិច្ចសហប្រតិបត្តិការសមុទ្រប្រកបដោយប្រសិទ្ធភាពក្នុងក្របខ័ណ្ឌអាស៊ាន ដោយខិតខំសម្រេចបាននូវក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ដ៏មានប្រសិទ្ធភាពពិតប្រាកដ ស្របតាមច្បាប់អន្តរជាតិ និង UNCLOS ឆ្នាំ១៩៨២។
ទិដ្ឋភាពនៅជំនួបនេះ។ រូបថត៖ VNA
លោក Eduardo Oban ទីប្រឹក្សាក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីន បានសម្តែងបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការលើបញ្ហាយុទ្ធសាស្ត្រ និងសមុទ្រ រួមទាំងយន្តការសហប្រតិបត្តិការក្នុងអាស៊ាន។ លោកទីប្រឹក្សា Eduardo Oban ចាត់ទុកថា ហ្វីលីពីន និងវៀតណាមចែករំលែកផលប្រយោជន៍រួមជាច្រើនក្នុងការជំរុញការផ្លាស់ប្តូរ ការសន្ទនា និងការរក្សា និងពង្រឹងបរិយាកាសសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ ដោះស្រាយការខ្វែងគំនិត និងជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ និង UNCLOS ឆ្នាំ១៩៨២។ លោកទីប្រឹក្សា Eduardo Oban បានអះអាងថា ក្នុងឋានៈរបស់ខ្លួន លោកនឹងជំរុញភាពជាដៃគូយុទ្ធសាស្ត្រកម្រិតខ្ពស់រវាងប្រទេសទាំងពីរតាមទិសដៅជាក់ស្ដែង និងមានប្រសិទ្ធភាពលើគ្រប់វិស័យ៕