នៅរសៀលថ្ងៃទី ២៦ ខែមីនា នៅទីស្នាក់ការមជ្ឈិមបក្ស (ទីក្រុងហាណូយ) អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានទទួលជួបថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុន សហគ្រាសអន្តរជាតិធំៗជាង ៤០ ដែលជាសមាជិកនៃក្រុមប្រឹក្សាអាជីវកម្មអាស៊ី។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានទទួលជួបថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុន សហគ្រាសអន្តរជាតិធំៗជាង ៤០ ដែលជាសមាជិកនៃក្រុមប្រឹក្សាអាជីវកម្មអាស៊ី។ (រូបថត៖ VNA)
ក្នុងជំនួបនេះ លោកអគ្គលេខាបក្សតូ ឡឹម បានស្វាគមន៍ក្រុមប្រឹក្សាអាជីវកម្មអាស៊ីចំពោះការរៀបចំវេទិកានិទាឃរដូវឆ្នាំ ២០២៦ នៅទីក្រុងហាណូយ ក្រោមប្រធានបទ "អាស៊ីនិងអនាគតនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល" ក្នុងបរិបទដែលខ្សែសង្វាក់ផ្គត់ផ្គង់សកលកំពុងរៀបចំរចនាសម្ព័ន្ធឡើងវិញនិងផ្លាស់ប្តូរយ៉ាងច្បាស់លាស់ ហើយការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិតកំពុងលេចចេញជាហេដ្ឋារចនាសម្ព័ន្ធថ្មីសម្រាប់ផលិតកម្ម និងពាណិជ្ជកម្ម។
លោកអគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម (ខែមករា ឆ្នាំ ២០២៦) បានកំណត់ចក្ខុវិស័យ និងទិសដៅរយៈពេលវែងរបស់វៀតណាម ជាពិសេសការបង្កើតគំរូអភិវឌ្ឍន៍ថ្មីដោយផ្អែកលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន៥ រួមមាន៖ ការសុក្រិតស្ថាប័នទំនើប មានតម្លាភាព និងសមត្ថភាពព្យាករណ៍ខ្ពស់; ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដោយសមកាលកម្មនិងទំនើប; ការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់ដោយផ្អែកលើគុណសម្បត្តិនៃចំនួនប្រជាជនច្រើន និងរចនាសម្ព័ន្ធប្រជាសាស្ត្រមាស; ការយកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាកម្លាំងចលករចម្បង; ការអភិវឌ្ឍបៃតង និងប្រកបដោយចីរភាព ដោយផ្អែកលើសេដ្ឋកិច្ចបៃតង សង្គមបៃតង និងគ្រប់ជ្រុងជ្រោយ។
នៅក្នុងដំណើរការនេះ វៀតណាមបានកំណត់វិស័យឯកជន ជាកម្លាំងចលករដ៏សំខាន់បំផុតមួយ; សេដ្ឋកិច្ចដែលមានការវិនិយោគពីបរទេសគឺជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ច ទទួលបានការប្រព្រឹត្តដោយស្មើភាព ការលើកទឹកចិត្តឱ្យអភិវឌ្ឍន៍ប្រកបដោយចីរភាព យូរអង្វែង សហការនិងប្រកួតប្រជែងដោយយុត្តិធម៌ជាមួយវិស័យសេដ្ឋកិច្ចផ្សេងទៀត។
ក្នុងនាមគណៈប្រតិភូធុរកិច្ច លោក Arif P. Rachmat ប្រធានក្រុមប្រឹក្សាអាជីវកម្មអាស៊ី បានអះអាងនូវការបន្តចូលរួមចំណែកដល់ការអភិវឌ្ឍរបស់វៀតណាមក្នុងទិសដៅលឿនជាងមុន និងឆ្លាតវៃជាងមុន ដើម្បីចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។ លោកបានសន្យាថានឹងពង្រីកការវិនិយោគជាបន្តបន្ទាប់ទាំងទំហំ និងវិសាលភាពនៅវៀតណាម ដោយផ្តល់អាទិភាពដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បញ្ញាសិប្បនិម្មិត ថាមពលបៃតង និងស្អាត កសិកម្មឆ្លាតវៃ ឧស្សាហកម្មគាំទ្រ ភស្តុភារកម្ម និងសេវាកម្មហិរញ្ញវត្ថុ តាមនោះរួមចំណែកលើកកំពស់ឋានៈរបស់វៀតណាម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម