អាណត្តិមហាសន្និបាតលើក ទី១៣ របស់បក្សកុម្មុយនិស្តវៀតណាមបានប្រព្រឹត្តទៅក្នុងបរិបទដ៏ពិសេស នៅពេលដែលប្រទេសជាតិ និងពិភពលោកប្រឈមមុខនឹងការផ្លាស់ប្តូរយ៉ាងធំធេងជាច្រើន ជាពិសេសជំងឺរាតត្បាត កូវីដ-១៩ និងអស្ថិរភាពសកល។ នៅចំពោះមុខការលំបាក និងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក ភាពធន់ បញ្ញា និងកម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូលបន្តត្រូវបានអះអាង។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្ស វៀតណាមបានជម្នះលើការលំបាក សម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន និងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ។
ក្បួនដង្ហែររំលឹកខួបលើកទី ៨០ ជោគជ័យនៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា នៅទីលានបាឌីញ ទីក្រុងហាណូយ។ រូបថត៖ VOV។
ក្នុងអំឡុងពេលអាណត្តិមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្ត វៀតណាម ដោយមានស្មារតីប្រែក្លាយហានិភ័យទៅជាឱកាស ក្រោមការដឹកនាំដ៏គ្រប់ជ្រុងជ្រោយរបស់បក្ស ការគ្រប់គ្រងដ៏ម៉ឺងម៉ាត់របស់រដ្ឋាភិបាល និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជនទាំងមូល វៀតណាមបានជម្នះលើការលំបាក និងបញ្ហាប្រឈម សម្រេចបានគោលដៅ និងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសម្រេចបានលទ្ធផលដ៏ទូលំទូលាយក្នុងវិស័យជាច្រើន ជាមួយនឹងចំណុចលេចធ្លោចំនួន ១០។
សមិទ្ធផលលេចធ្លោ
យោងតាមឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក ង្វៀន ហ័រប៊ិញ ក្នុងអាណត្តិមហាសន្និបាតជាតិលើកទី១៣ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចមានភាពរឹងមាំ កំណើនមានភាពទម្លុះទម្លាយ និងតុល្យភាពសំខាន់ៗត្រូវបានធានា។ នៅឆ្នាំ២០២៥ កំណើន GDP សម្រេចបានតួលេខដ៏គួរឱ្យកត់សម្គាល់គឺ ៨,០២% ទំហំសេដ្ឋកិច្ចជាប់ចំណាត់ថ្នាក់លេខ ៣២ នៅលើពិភពលោក ហើយប្រាក់ចំណូលជាមជ្ឈមសម្រាប់មនុស្សម្នាក់បានលើសពី ៥.០០០ ដុល្លារអាមេរិក។ ក្នុងអាណត្តិនេះ វៀតណាមបានអនុវត្តដោយជោគជ័យនូវបដិវត្តន៍កំណែទម្រង់ និងការរៀបចំអង្គភាពរដ្ឋបាលឡើងវិញ ដើម្បីធានាលក្ខណៈបង្រួម សុពលភាព និងប្រសិទ្ធភាព។
“ចំណុចលេចធ្លោទីពីរ គឺបដិវត្តន៍ក្នុងការរៀបចំប្រទេសឡើងវិញ។ ភាពជោគជ័យនៃបដិវត្តន៍នេះគឺ យើងសម្រេចបានក្បាលម៉ាស៊ីនដែលមានលក្ខណៈវិទ្យាសាស្ត្រជាងមុន។ ចំណុចលេចធ្លោទីបី គឺយើងសម្រេចបានការទម្លុះទម្លាយផ្នែកស្ថាប័ន។ នេះគឺជាផ្នែកមួយក្នុងចំណោមការទម្លុះទម្លាយយុទ្ធសាស្ត្រទាំងបី ត្រូវបានមហាសន្និបាតលើកទី ១៣ បានកំណត់”។
ទន្ទឹមនឹងនោះ ការងារកសាងច្បាប់បានផ្លាស់ប្តូរយ៉ាងខ្លាំងពីផ្នត់គំនិតនៃការគ្រប់គ្រងទៅជាវិធីសាស្រ្តស្ថាបនា និងដោះស្រាយបញ្ហារាំងស្ទះ។ ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ ផ្លូវល្បឿនលឿនចំនួន ៣.៣៤៥ គីឡូម៉ែត្រ និងផ្លូវឆ្នេរសមុទ្រជាង ១.៧០០ គីឡូម៉ែត្រត្រូវបានសាងសង់រួចរាល់ លើសពីគោលដៅដែលមហាសន្និបាតបក្សលើកទី ១៣ បានដាក់ចេញ។ បណ្តាញទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលសំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចផ្សេងទៀតត្រូវបានសុក្រឹត្យជាបណ្តើរៗ ហើយត្រៀមរៀបចំសម្រាប់ដំណើរការគម្រោងផ្លូវដែកល្បឿនលឿនក្នុងអាណត្តិខាងមុខ។
យោងតាមលោកឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ ង្វៀន ហ័រប៊ិញ វៀតណាមក៏បានកែទម្រង់គំរូកំណើន ដោយបង្កើតកម្លាំងចលករថ្មីសម្រាប់យុគសម័យស្ទុះឈានទៅមុខ។ សេដ្ឋកិច្ចបៃតង និងការផ្លាស់ប្តូរថាមពលបានក្លាយជានិន្នាការលេចធ្លោ ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះ Net Zero។
ទាក់ទងនឹងសុខុមាលភាពសង្គម បក្ស និងរដ្ឋបានយកចិត្តទុកដាក់ជាពិសេសចំពោះការធានាសុខុមាលភាពសង្គម ដោយស្មារតីមិនទុកនរណាម្នាក់នៅពីក្រោយឡើយ។ ការងារលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមនៅទូទាំងប្រទេសត្រូវបានសម្រេចមុនកាលកំណត់រយៈពេល៥ឆ្នាំ; អត្រាភាពក្រីក្របានថយចុះគួរឱ្យកត់សម្គាល់មកត្រឹម ១,៣% ប៉ុណ្ណោះ។
បុព្វបទនៃការអភិវឌ្ឍសម្រាប់ដំណាក់កាលថ្មី
ឆ្ពោះទៅមហាសន្និបាតលើកទី ១៤ របស់បក្ស និងចក្ខុវិស័យដល់ឆ្នាំ ២០៣០ - ខួបលើកទី ១០០ នៃការបង្កើតបក្ស និងឆ្នាំ ២០៤៥ - ខួបលើកទី ១០០ នៃការបង្កើតប្រទេសជាតិ យោងតាមលោកឧបនាយករដ្ឋមន្ត្រី ង្វៀន ហ័រប៊ិញ រដ្ឋាភិបាលបានកំណត់ក្រុមភារកិច្ចសំខាន់ៗចំនួន ១០។ ក្នុងនោះ បានសង្កត់ធ្ងន់លើការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យុគសម័យថ្មី។
“ទីមួយ គឺយើងបន្តផ្តោតលើកំណើន។ ហើយកំណើនលើកនេះគឺជាកំណើនដ៏លើសលប់។ កាលពីមុន យើងបានដាក់ចេញគោលដៅកំណើនពី ៦% - ៨% ប៉ុន្តែក្នុងអាណត្តិថ្មីនេះ មូលដ្ឋានទាំងមូល ក៏ដូចជាបក្សទាំងមូល បានដាក់ចេញនូវគោលដៅកំណើនពីរខ្ទង់។ ទីពីរ គឺយើងត្រូវផ្តោតលើការកសាងស្ថាប័ន ដើម្បីឱ្យស្ថាប័នក្លាយជាកម្លាំងចលករពិតប្រាកដនៃកំណើន”។
វៀតណាមក៏នឹងផ្តោតលើការវិនិយោគ សុក្រឹត្យ និងដាក់ឲ្យដំណើរការនូវគម្រោងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តំបន់ផងដែរ។ ក្នុងនោះ ប្រមូលធនធានដើម្បីចាប់ផ្តើមការសាងសង់ខ្សែរថភ្លើងល្បឿនលឿនខាងជើង-ខាងត្បូង; បញ្ចប់ការសាងសង់និងដាក់ឲ្យដំណើរការ នូវអាកាសយានដ្ឋានអន្តរជាតិ ឡុងថាញ់ ក្នុងពេលឆាប់ៗ; ទន្ទឹមនឹងនោះ ស្រាវជ្រាវនិងបើកកម្មវិធីថាមពលនុយក្លេអ៊ែរឡើងវិញ ដើម្បីធានាមូលដ្ឋានថាមពលស្អាតប្រកប ដោយស្ថេរភាព សម្រាប់ឧស្សាហូបនីយកម្ម និងទំនើបកម្ម។ ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ត្រូវបានចាត់ទុកជាអាទិភាពកំពូលរបស់ជាតិ។
“ជំរុញគំរូស្រាវជ្រាវ និងអភិវឌ្ឍន៍(R&D)។ កសាងមជ្ឈមណ្ឌលទិន្នន័យ និងមជ្ឈមណ្ឌលនវានុវត្តន៍ជាតិដែលមានកម្រិតតំបន់។ ស្រាវជ្រាវយន្តការពិសេស ជឿនលឿន ដើម្បីទាក់ទាញសាជីវកម្មបច្ចេកវិទ្យាឈានមុខគេលើពិភពលោកមកកាន់វៀតណាម។ ជំរុញការចាប់ផ្តើមអាជីពនវានុវត្តន៍ក្នុងសង្គមទាំងមូល; លើកទឹកចិត្តសហគ្រាសឱ្យវិនិយោគលើការអភិវឌ្ឍ និងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាថ្មី និងបច្ចេកវិទ្យាខ្ពស់”។
រដ្ឋាភិបាលក៏នឹងបង្កើតការទម្លុះទម្លាយ ក្នុងការអភិវឌ្ឍធនធានមនុស្សគុណភាពខ្ពស់; បន្តបង្រួមក្បាល់ម៉ាស៊ីន និងកំណែទម្រង់រដ្ឋបាល; ដាក់ការអភិវឌ្ឍវប្បធម៌ឱ្យស្មើគ្នានឹងការអភិវឌ្ឍសេដ្ឋកិច្ច ដោយអភិវឌ្ឍវប្បធម៌ និងប្រជាជនវៀតណាមយ៉ាងទូលំទូលាយ។ ទន្ទឹមនឹងនោះ អភិវឌ្ឍសង្គមប្រកបដោយចីរភាព ធានាសុខុមាលភាពសង្គម; លើកកម្ពស់ទំនាក់ទំនងការបរទេស និងពង្រឹងការពារជាតិ-សន្តិសុខ។ ក្នុងពេលជាមួយគ្នានេះ ម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ និងជាក់ស្តែង; រក្សាបរិយាកាសសន្តិភាព និងស្ថិរភាពនយោបាយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ខណៈពេលដែលប្តេជ្ញាការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី៕