បន្ទាប់ពីរយៈពេល ១២ ថ្ងៃធ្វើការ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅអគាររដ្ឋសភាក្នុងទីក្រុងហាណូយ រដ្ឋសភានីតិកាលទី១៦ បានបើកកិច្ចប្រជុំបិទសម័យប្រជុំលើកទី ១។ អញ្ជើញចូលរួមសម័យប្រជុំបិទរួមមានវត្តមាន អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋ លោក តូ ឡឹម, នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង, ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន និងប្រតិភូដទៃទៀតនៃរដ្ឋសភានីតិកាលទី១៦។ សម័យប្រជុំបិទ ត្រូវបានផ្សាយផ្ទាល់តាមវិទ្យុជាតិវៀតណាម និងទូរទស្សន៍ជាតិវៀតណាម។
ទិដ្ឋភាពនៃសម័យប្រជុំពេលព្រឹកនៅថ្ងៃទី ២៤ ខែមេសា (រូបថត៖ Van Hong/VOV)
នៅក្នុងសម័យប្រជុំនេះ រដ្ឋសភាបានពង្រឹងក្បាល់ម៉ាស៊ីនដឹកនាំរដ្ឋ ដោយជ្រើសតាំងថ្នាក់ដឹកនាំជាន់ខ្ពស់ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់; ដោយបានធ្វើស្ថាប័នូបនីយកម្ម គោលនយោបាយ និងច្បាប់ជាច្រើនយ៉ាងឆាប់រហ័ស ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតជាតិលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម និងសម្រេចលើភារកិច្ចសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ធានាការពារជាតិ សន្តិសុខ និងកិច្ចការបរទេស។
អញ្ជើញថ្លែងសុន្ទរកថាបិទកិច្ចប្រជុំ ប្រធានរដ្ឋសភាលោកត្រឹនថាញ់មិន បានថ្លែងថា៖ “រដ្ឋសភាបានបោះឆ្នោតជ្រើសតាំងនិងអនុម័តលើកម្មាភិបាលជាន់ខ្ពស់ចំនួន ៣៩ រូបនៃក្បាល់ម៉ាស៊ីនដឹកនាំរបស់រដ្ឋ។ រដ្ឋសភាបានបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋ ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី ដោយមានទំនុកចិត្តខ្ពស់។ រដ្ឋសភាបានអនុម័តលើច្បាប់ចំនួន ៩ និងសេចក្តីសម្រេចចិត្តចំនួន ៣១ច្បាប់។ គោលនយោបាយដែលចេញផ្សាយនៅក្នុងសម័យប្រជុំត្រូវបានបំពេញដោយស្មារតីនៃការច្នៃប្រឌិត និងសកម្មភាពម៉ឺងម៉ាត់ ដើម្បីលុបបំបាត់ចំណុចកក់ស្ទះ ខណៈពេលដែលធានាបាននូវការឆ្លើយតបជាមូលដ្ឋាន រយៈពេលវែង និងទាន់ពេលវេលាចំពោះតម្រូវការជាក់ស្តែង; ជំរុញវិមជ្ឈការនិងវិសហមជ្ឈការ រួមជាមួយនឹងការបង្កើនការទទួលខុសត្រូវជាក់ស្តែង។ ក្នុងពេលជាមួយគ្នានេះ បើកទូលាយប្រភពធនធានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ជាពិសេស ការកែ សម្រួលគោលនយោបាយពន្ធដារទាន់ពេលវេលា និងអាចបត់បែនបាន បានបញ្ជាក់ពីវិធីសាស្រ្តសកម្ម និងម៉ឺងម៉ាត់ក្នុងការគ្រប់គ្រងគោលនយោបាយសារពើពន្ធ និងគាំទ្រដល់អាជីវកម្ម និងប្រជាជនក្នុងការជំនះការលំបាក”។
ទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិនបានសង្កត់ធ្ងន់ថា៖ "រដ្ឋសភាបានចំណាយពេលវេលាយ៉ាងច្រើនដើម្បីពិចារណា និងពិភាក្សាយ៉ាងហ្មត់ចត់អំពីប្រព័ន្ធផែនការអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំសម្រាប់ដំណាក់កាល ២០២៦-២០៣០ រួមទាំងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ផែនការហិរញ្ញវត្ថុជាតិ ការខ្ចីប្រាក់សាធារណៈ និងការសងបំណុល រួមទាំងផែនការវិនិយោគសាធារណៈរយៈពេលមធ្យម។ ដោយផ្អែកលើចំណុចនេះ រដ្ឋសភាបានស្នើដំណោះស្រាយដ៏ទូលំទូលាយ និងអាចធ្វើទៅបាន ដើម្បីធ្វើឲ្យម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព គ្រប់គ្រងអតិផរណា ធានាតុល្យភាពសេដ្ឋកិច្ចសំខាន់ៗ និងបង្កើតសន្ទុះដើម្បីជំរុញកំណើនចាប់ពីឆ្នាំដំបូងនៃអាណត្តិ ដោយរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចគោលដៅកំណើនពីរខ្ទង់"។
នៅក្នុងសម័យប្រជុំនេះ រដ្ឋសភាក៏បានអនុម័តសេចក្តីសម្រេចស្តីពីការបង្កើតទីក្រុង ដុងណាយជាទីក្រុងចំណុះមជ្ឈិម ចាប់ពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦; គោលដៅសម្រាប់កំណើនក្នុងដំណាក់កាល ២០២៦-២០៣០ ត្រូវបានកំណត់ពី ១០% ឬខ្ពស់ជាងនេះ ជាមួយនឹងផលិតផលក្នុងស្រុកសរុបជាមធ្យមក្នុងមនុស្សម្នាក់ចំនួន ៨.៥០០ ដុល្លារអាមេរិក៕
តាម vovworld.vn/km-KH