• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបន់ស្រន់បួងសួងសុំទឹកភ្លៀងរបស់ជនជាតិ X'tieng

ពិធីបន់ស្រន់បួងសួងសុំទឹកភ្លៀង គឺជាសកម្មភាពប្រជាប្រិយមួយ ដែលឆ្លុះបញ្ចាំងពីជីវភាពជំនឿតាំងពីយូរលង់មក របស់ជនជាតិ X'tieng នៅស្រុក Bu Dang ខេត្ត Binh Phuoc។ ជារៀងរាល់ឆ្នាំ ពេលរដូវវស្សាជិតមកដល់ បងប្អូនជនជាតិ X'tieng តែងតែរៀបចំពិធីបុណ្យនេះ ដើម្បីបួងសួងសុំឲ្យមានអាកាសធាតុអំណោយផល សត្វនិងរុក្ខជាតិរីកលូតលាស់បានយ៉ាងល្អ ហើយប្រជាជនទទួលបានភោគផល។
ពិធីបន់ស្រន់បួងសួងសុំទឹកភ្លៀងរបស់ជនជាតិ X'tieng។ (រូបថត៖ dangcongsan.vn)

នៅគ្រប់ទីកន្លែងតាមភូមិរបស់ជនជាតិ X'Tieng ក្នុងប៉ុន្មានថ្ងៃចុងក្រោយនៃខែមីនាជារៀងរាល់ឆ្នាំ តែងតែពោរពេញទៅដោយបរិយាកាសដ៏សប្បាយអ៊ូអរ នៅពេលដែលប្រជាជនត្រៀមរៀបចំសម្រាប់ពិធីបុណ្យដ៏សំខាន់បំផុតមួយក្នុងឆ្នាំនោះគឺពិធីបួងសួងបន់ស្រន់សុំទឹកភ្លៀង។ តាមជំនឿរបស់ជនជាតិ Xtieng ពិធីបុណ្យនេះធ្វើឡើងនៅដើមរដូវបង្កបង្កើនផលថ្មី ក្នុងបំណងអរព្រះវិរុណាដែលបានផ្តល់ទឹកភ្លៀង ជួយអ្នកភូមិសាបព្រួសដាំដំណាំដោយទាន់ពេលវេលា។ ព្រឹទ្ធាចារ្យភូមិ Dieu Be ឃុំ Binh Minh ស្រុក Bu Dang បានឲ្យដឹងថា៖

ពេលរដូវវស្សាមកដល់ យើងតែងតែរៀបចំពិធីបុណ្យ ជួនកាល២ឆ្នាំម្តង ប្រជាជនក្នុងភុមិបានស្រុះស្រួលមូលមតិគ្នាធ្វើបុណ្យបន់ស្រន់បួងសួងសុំទឹកភ្លៀង។ នៅថ្ងៃនេះដែរ ប្រជាកសិករធ្វើពិធីសែន ហើយត្រៀមទៅភ្ជួររាស់ដីសាបព្រួសស្រូវ

ទោះបីជាប្រព្រឹត្តទៅត្រឹមតែមួយថ្ងៃក៏ដោយ ប៉ុន្តែពិធីបួងសួងសុំទឹកភ្លៀងរបស់ជនជាតិ X'Tieng ត្រូវបានត្រៀមរៀបចំតាំងពីមួយខែមុន ចាប់ពីការបោសសម្អាតផ្លូវថ្នល់ ជួសជុលនិងតុបតែងកន្លែងប្រារព្វពិធី រហូតដល់ការត្រៀមរៀបចំសំលៀកបំពាក់ និងគ្រឿងសំណែន។ ក្រៅពីនោះ ជនជាតិ X'Tieng ក៏ត្រៀមស្រូវដំណើបដ៏ឈ្ងុយឆ្ងាញ់បំផុតសម្រាប់ធ្វើបាយក្រឡាន សាច់ជ្រូក សាច់មាន់ និងអាហារមួយចំនួនទៀតដើម្បីសែនព្រះអាទិទេពផងដែរ។ លោក Dieu Sroi អ្នកមានកិត្យានុភាពក្នុងសហគមន៍ជនជាតិ X'Tieng នៅស្រុក Bu Dang បានឲ្យដឹងថា៖

គ្រឿងសំណែនក្នុងពិធីបួងសួងសុំទឹកភ្លៀងមិនពិបាករកទេ។ របស់ទាំងអស់សុទ្ធតែជាផលិតផលប្រចាំស្រុកដូចជា៖ ជ្រូក មាន់ ផ្កានិងផ្លែឈើ។ បងប្អូនញាតិមិត្តក្នុងភូមិបានអញ្ជើញភ្ញៀវមកចូលរួមដែរ

មុនពិធីបុណ្យនេះ ស្ត្រីត្រៀមរៀបចំអុស ទឹក អង្ករដំណើប និងបំពង់ឬស្សីសម្រាប់ធ្វើបាយក្រឡាន និងស្រាពាងមួយសម្រាប់សែនព្រះអាទិទេព។ ព្រឹទ្ធាចារ្យភូមិ Dieu Be បានឲ្យដឹងបន្ថែមទៀតថា៖

ស្ពុកសែនអាស្រ័យទៅតាមឆ្នាំនីមួយៗ ឆ្នាំណាដែលអ្នកភូមិបង្កបង្កើនផលបានល្អ ស្ពុកសែននឹងកាន់តែសម្បូរ។ ទោះជាយ៉ាងណាក៏ដោយ ស្ពុកសែន មិនអាចខ្វះក្បាលជ្រូកបានទេ។ ក្រៅពីនោះ អាចមានឬមិនមានសាច់មាន់និងផ្លែឈើ

នៅពេលដែលគ្រឿងសំណែនត្រូវបានរៀបចំរួចរាល់ហើយ ប្រជាជននឹងធ្វើកិច្ចការសំខាន់បំផុត គឺការដំឡើងដើម Neu (នេវ)។ ជនជាតិ X'Tieng មានទស្សនៈទានថា ដើម នេវ គឺជាអ្នកនាំសារតភ្ជាប់មនុស្ស និងព្រះអាទិទេព រវាងព្រះធរនីនិងមេឃ។ តាមរយៈដើម នេវ គ្រូសែននឹងពាំនាំនូវបំណងប្រាថ្នារបស់ប្រជាជនទៅជូនព្រះអាទិទេពឲ្យបានឆាប់រហ័ស ត្រឹមត្រូវ និងជាទីគោរពបំផុត។ លោក Dieu Sroi អ្នកមានកិត្យានុភាពក្នុងសហគមន៍ជនជាតិ X'Tieng នៅស្រុក Bu Dang បានឲ្យដឹងថា៖ នៅឫសដើម នេវ ជនជាតិ X'Tieng ដាក់តុតូចមួយ ដើម្បីរៀបចំគ្រឿងសំណែនសម្រាប់គ្រូសែនធ្វើពិធីសែនព្រះអាទិទេព។

ដើម នេវ មានការតភ្ជាប់ជាមួយព្រះអាទិទេព។ ផ្កានៃដើម នេវ តំណាងឱ្យព្រះអាទិទេព។ ដើម នេវ របស់ជនជាតិ X'Tieng មាន២ជាន់ ចំណែកដើម នេវ នៃពិធីបុណ្យមាន៣ជាន់

ពិធីបួងសួងសុំទឹកភ្លៀង តែងតែធ្វើឡើងនៅពេលព្រឹក ហើយចាប់ផ្តើមនៅពេលដែលយុវជនក្នុងភូមិលេងបទភ្លេងគងឃ្មោះប្រពៃណី ដែលជាការអញ្ជើញព្រះអាទិទេពមកចូលរួមពិធីដ៏ពិសិដ្ឋជាមួយប្រជាជន។ ធ្វើជាអធិបតីក្នុងពិធីនេះគឺព្រឹទ្ធាចារ្យភូមិ ជាអ្នកដែលមានការយល់ដឹងអំពីទំនៀមទំលាប់ប្រពៃណី ហើយតាងនាមបងប្អូនជនរួមជាតិ ដើម្បីពាំនាំបំណងប្រាថ្នាដល់ព្រះអាទិទេព។ ខ្លឹមសារនៃពាក្យបន់ស្រន់ មានឃ្លាថា៖ ថ្ងៃនេះ ជាថ្ងៃជាវេលាល្អ ប្រជាជនដំឡើងដើម នេវ កាប់មាន់ និងជ្រូក ថ្វាយបង្គំព្រះអាទិទេព។ ជាដំបូង សូមអរព្រះគុណដល់ព្រះអាទិទេពដែលបានការពារ ប្រទានពរជ័យដល់បងប្អូនទាំងអស់ ឲ្យមានសុខភាពល្អដើម្បីប្រកបការងារ ជីវភាពរស់នៅមានហូបចុកគ្រប់គ្រាន់ បន្ទាប់មកសូមព្រះអាទិទេពប្រទានពរឲ្យមានភ្លៀងធ្លាក់ ដើម្បីសត្វចិញ្ចឹមឡើងធំធាត់ ភូមិឃុំមានរដូវអំណោយផល ប្រជាជនជួបតែក្ដីសប្បាយរីករាយ។ ព្រឹទ្ធាចារ្យភូមិ Dieu Be បាននិយាយថា៖

ប្រជាជនរៀបចំពិធីបួងសួងសុំឲ្យភ្លៀងធ្លាក់ក្នុងពេលឆាប់ៗ ដើម្បីច្រូតកាត់ស្រូវ ដាំដំណាំឲ្យបានភោគផលល្អ ជីវភាពប្រចាំថ្ងៃមានហូបចុកគ្រប់គ្រាន់ និងសុភមង្គល

បន្ទាប់ពីការបួងសួងរបស់ព្រឹទ្ធាចារ្យភូមិ ស្ត្រីក្នុងភូមិនឹងយកទឹកមកប្រោះព្រំលើដើម នេវ ទៅលើមេឃ និងលើមនុស្សគ្រប់ៗគ្នា ដើម្បីបួងសួងសុំភាពស្រស់ស្រាយ ត្រជាក់ត្រជុំ ដល់មនុស្សនិងសត្វរុក្ខជាតិ។ ចាប់ពីពេលនោះមក មានទឹកភ្លៀងធ្លាក់ ប្រជាជនសាបព្រួសគ្រាប់ពូជដុះពន្លក ដាំដំណាំបានយ៉ាងល្អ មាន់ជ្រូកពេញទីធ្លា ស្រូវពោតពេញឃ្លាំង៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ OECD និងប្រទេសនានា

វៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ OECD និងប្រទេសនានា

ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីនៃអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ឆ្នាំ ២០២៤ កាលពីថ្ងៃទី ២ ឧសភា នៅទីក្រុងប៉ារីស ប្រទេសបារាំង រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានជួបជាមួយ អគ្គលេខាធិការអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) លោក Mathias Cormann ។

Top