នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ មហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បន្តប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាតជាតិ ក្នុងទីក្រុងហាណូយ។ យោងតាមរបៀបវារៈ មហាសន្និបាតនឹងចំណាយពេលពេញមួយថ្ងៃដើម្បីពិភាក្សាអំពីឯកសារនៃមហាសន្និបាត។
ប្រតិភូធ្វើការជាក្រុមៗ ដើម្បីពិភាក្សាអំពីឯកសារនៃមហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្ស។ (រូបថត៖ VOV)
មុននោះ នាព្រឹកថ្ងៃទី២០ ខែមករា
ពិធីបើកមហាសន្និបាតបក្សលើកទី១៤ បានធ្វើឡើងយ៉ាងឱឡារិកដោយមានការចូលរួមពីប្រតិភូចំនួន
១.៥៨៦នាក់ ដែលតំណាងឱ្យបក្ខជនជាង ៥,៦លាននាក់នៃបក្សកុម្មុយនិស្តវៀតណាម។
នាពេលរសៀលថ្ងៃដដែល
ក្នុងអំឡុងពេលពិភាក្សាជាក្រុមៗ ប្រតិភូបានផ្តោតលើការវិភាគបញ្ហាសំខាន់ៗចំពោះការអភិវឌ្ឍប្រទេសជាតិក្នុងសម័យកាលថ្មី
ចាប់ពីការសុក្រិតស្ថាប័ន ការកែទម្រង់ក្បាលម៉ាស៊ីនដឹកនាំ
រហូតដល់ការអភិវឌ្ឍវិទ្យាសាស្ត្រ នវានុវត្តន៍ រួមចំណែកដល់កំណើនប្រកបដោយចីរភាព
ដែលផ្សាភ្ជាប់ទៅនឹងវឌ្ឍនភាពនិងយុត្តិធម៌សង្គម។ រដ្ឋមន្ត្រីស្តីទីនៃក្រសួងឧស្សាហកម្ម
និងពាណិជ្ជកម្ម លោក ឡេ ម៉ាញ ហ៊ុង
បានស្នើឱ្យមានការជំរុញការអភិវឌ្ឍឧស្សាហកម្មមូលដ្ឋាន និងឧស្សាហកម្មគាំទ្រ។
“ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មមូលដ្ឋាន
និងឧស្សាហកម្មគាំទ្រ ត្រូវតែមានការតភ្ជាប់គ្នាយ៉ាងជិតស្និទ្ធរវាងវិស័យនានា
ជាពិសេសរវាងវិស័យធនធាននិងបរិស្ថាន ដែលគ្រប់គ្រងរ៉ែយុទ្ធសាស្ត្រ
ជាមួយនឹងវិស័យឧស្សាហកម្មនិងពាណិជ្ជកម្ម។ ក្រុមបញ្ហាទីពីរគឺថា ក្នុងដំណាក់កាល
២០២៦-២០៣០ ចាំបាច់ត្រូវផ្តោតលើការកសាងស្ថាប័ន និងប្រព័ន្ធច្បាប់
ដើម្បីលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មមូលដ្ឋាន ឧស្សាហកម្មបច្ចេកវិទ្យាប្រភព ដើម្បីកាត់បន្ថយការពឹងផ្អែកលើសម្ភារៈផលិតកម្ម។
បច្ចុប្បន្ននេះ យើងកំពុងនាំចូលច្រើនពេក”។
ចំណែកឯ
លោក ង្វៀន ហួងហៀប អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន បានចាត់ទុកថា
នៅក្នុងបរិបទដែលការប្រែប្រួលអាកាសធាតុកំពុងប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាន់តែទូលំទូលាយនោះ
ប្រទេសវៀតណាមត្រូវតែចាត់ទុកហេដ្ឋារចនាសម្ព័ន្ធសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ
ជាសសរស្តម្ភដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម