បាញ់ឆែវនៅភូមិបុរាណ ឡុកអៀន (Loc Yen)

ម្ហូបអាហារ

បាញ់ឆែវនៅភូមិបុរាណ ឡុកអៀន (Loc Yen)

ខេត្ត ក្វាងណាម (Quang Nam) ជាតំបន់មានផលិតផលពិសេស​ជាច្រើន ប្រជាជនឧស្សាហ៍ព្យាយាម ប៉ិនប្រសប់ ហេតុ​ដូច្នេះ តំបន់នេះមានមុខម្ហូបឆ្ងាញ់ៗ និងល្បីៗជាច្រើន ...
ពិធីជប់លៀងបាញ់ឆែវបានប្រព្រឹត្តទៅនៅសួនចំការដែលពោរពេញដោយដើមឈើក្នុងភូមិបុរាណ ឡុក​អៀន (Loc Yen)។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម

ខេត្ត ក្វាងណាម (Quang Nam) ជាតំបន់មានផលិតផលពិសេស​ជាច្រើន ប្រជាជនឧស្សាហ៍ព្យាយាម ប៉ិនប្រសប់ ហេតុ​ដូច្នេះ តំបន់នេះមានមុខម្ហូបឆ្ងាញ់ៗ និងល្បីៗជាច្រើន ដូចជា មីក្វាង​ (Mi Quang)កាវឡៅ បាយមាន់ ហ៊ុយអាន (Hoi An) គោដុត​​ កូវម៉ុង (Cau Mong) នំតូ (To)  និង​ហ្វើដំឡូងមី... ហើយ​មានម្ហូបមួយមុខដែលមិនគួររំលងគឺ នំបាញ់​ឆែវ នៅភូមិ​បុរាណ​ ឡុកអៀន (Loc Yen)

បាញ់​ឆែវគឺជាម្ហូបហូបលេង ដែលមានវត្តមាននៅតំបន់ជាច្រើន ក្នុងភូមិភាគទាំងបី គឺខាងជើង កណ្តាល និងខាងត្បូង។ អាស្រ័យលើលក្ខខណ្ឌ ចំណូលចិត្ត ទំនៀមទម្លាប់ និងវប្បធម៌ របៀប​កែច្នៃខុសគ្នាបន្តិចបន្តួច ប៉ុន្តែជាទូទៅវាជាបាញ់ឆែវធ្វើពីម្សៅអង្ករ ចាក់លើខ្ទះក្តៅ។ នំនេះមានសំបកខាងក្រៅស្តើង ពណ៌លឿង ស្រួយៗ ខាងក្នុងគឺស្នូល​រួមមាន បង្គា សាច់មាន់ សាច់ជ្រូក សណ្តែកបណ្តុះ ខ្ទឹមបារាំង... បត់ចូលជារាងពាក់កណ្តាល​វង់មូល មុនពេលហូប។

បាញ់​ឆែវក៏ជាម្ហូបប្រពៃណីរបស់ប្រជាជនតំបន់ក្វាង (Quang) ជាពិសេសនៅភូមិបុរាណ​ ឡុក​អៀន (Loc Yen)។ របៀប​ដែល​ស្ត្រី​នៅ​ភូមិ ឡុក​អៀន​ (Loc Yen) ធ្វើ​បាញ់​ឆែវ ​ដូច​នៅ​តំបន់​ផ្សេងៗ​ទៀតដែរ។ ពួកគេទាំងអស់ត្រូវឆ្លងកាត់​ដំណាក់កាលមួយ​ចំនួន ដូចជា៖ ផ្អាប់​អង្ករ កិនម្សៅអង្ករ ជ្រើសរើសបន្លែ ធ្វើទឹកជ្រលក់ ចាក់នំ និង​តុបតែង ... បន្ទាប់មក​គឺហូប។ ទោះជាយ៉ាងណាក៏ដោយ បាញ់​ឆែវ​ភូមិបុរាណ ឡុង​អៀន (Loc Yen) ក៏មានភាពខុសគ្នាបន្តិចបន្តួច ដូច្នេះនេះបង្កើតជារសជាតិក៏ពិសេស​ប្លែកៗ ដែរ។

ប្រជាជន​ភូមិ ឡុកអៀន (Loc Yen) រួសរាយ​រាក់ទាក់​ និងអញ្ជើញ​ភ្ញៀវ​ហូប​បាញ់​ឆែវដ៏​ល្បីល្បាញ​នៃ​ស្រុកកំណើតរបស់ពួកគេ​។ រូបថត៖ ថាញ​ហ័រ/កាសែតរូបភាពវៀតណាម

ជាឧទាហរណ៍ បាញ់​ឆែវធ្វើពីអង្ករក្រអូបនិង​ទន់ ដែលដាំនៅក្នុងស្រែ​របស់ភូមិ។ បង្គាធ្វើ​ជា​ស្នូលគឺជាបង្គាដី ដែលមានសំបកស្រួយ សាច់ឆ្ងាញ់ និងមានក្លិនឈ្ងុយ ហើយប្រភេទបង្គានេះមានច្រើននៅតាមដងទន្លេ និងទឹក​ជ្រោះក្នុងតំបន់ រួម​ជាមយយសាច់ជ្រូកបីជាន់ និងសណ្តែកបណ្តុះស្រស់ៗ។ បន្លែ​ហូបជាមួយបាញ់​ឆែវគឺជីរ​គ្រប់​មុខ ​ដូចជា៖ វ៉ាន់ស៊ុយ ស្លឹក​ខ្ទឹម ជីរត្រចៀកជ្រូក ជីរឆ្អាប ជីរអង្កាម សាឡាត់ ផ្កាចេក ស្ពៃខៀវ... ភាគច្រើនបន្លែ និង​ជីរបាន​រើស​ពី​សួនចំការ​​នៃផ្ទះ។ ក្រៅពីទឹកត្រីជូរផ្អែមជាធម្មតា ប្រជាជន​ភូមិ​ ឡុកអៀន ​(Loc Yen) ក៏មានទឹកជ្រលក់ពិសេសដែលធ្វើពីទឹកត្រីខ្សាច់ ខ្ញី និងសណ្ដែកដីដែល​កិន​ឲ្យ​ម៉ដ្ឋ ដូច្នេះ​ទឹក​ជ្រលក់មានពណ៌លឿងនិងខាប់ ដូចទឹកសណ្តែតសៀង រសជាតិផ្អែម ប្រៃនិងឈ្ងុយឆ្ងាញ់ណាស់។

លើសពីនេះ របៀបតុបតែងក៏មានលក្ខណៈពិសេសផងដែរ។ បាញ់​ឆែវបានចម្អិនរួចស្រេច បាន​ដាក់​តាំង​លើ​ស្ពកបាយ​ទ្រាប់ដោយស្លឹកចាព្លូ មើលទៅដូចជាគំនូរដែលសម្របសម្រួលយ៉ាងប៉ិនប្រសប់រវាងពណ៌លឿងភ្លឺនៃបាញ់​ឆែវ និងពណ៌ក្រហមភ្លឺនៃបង្គា ពណ៌សនៃសណ្តែកបណ្តុះ និងពណ៌បៃតងនៃស្លឹកចាព្លូស្រស់ៗ មើលទៅពិតជាស្រស់ស្អាត និងទាក់ទាញភ្នែក។

ស្វែងយល់​និង​ទទួល​បទពិសោធន៍នៃការចម្អិនបាញ់​ឆែវ។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម

ដោយភាពខុសគ្នានៃគ្រឿងផ្សំ របៀបកែច្នៃ និងការតុបតែងដែលរួមចំណែកក្នុងការបង្កើតរសជាតិដ៏គួរឱ្យចាប់អារម្មណ៍តែមួយគត់របស់នំបាញ់​ឆែវនៃភូមិបុរាណ ឡុក​អៀន (Loc Yen)។ បាញ់​ឆែវទើបចម្អិនថ្មីៗមានក្លិនឈ្ងុយ ស្រួយ និងក្តៅ ខ្ចប់​ជាមួយបាញ់​ត្រាងដ៏ស្តើង បន្លែ និង​ជីរជាច្រើនប្រភេទ ជាពិសេសស្ពៃខៀវ​។ រសជាតិល្វីង ឈួលរបស់ស្ពៃខៀវ បង្កើនរសជាតិ​ឈ្ងុយឆ្ងាញ់នៃបាញ់​ឆែវ ផងដែរ។ ពេលហូប គេយកបាញ់​ឆែវ​មួយចំណិត វេចខ្ចប់​ជាមួយ​ជីរ ​និង​បាញ់​ត្រាង ហើយជ្រលក់ក្នុងទឹកជ្រលក់ពិសេសរបស់អ្នកភូមិ ឡុក​អៀន (Loc Yen)  ត្រូវតែនិយាយថា ឆ្ងាញ់មិនមានអ្វីអាចពិពណ៌នាបានឡើយ។

ស្វែងយល់​និង​ទទួល​បទពិសោធន៍នៃការចម្អិនបាញ់​ឆែវ។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម

អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺទេសភាព​ហូបបាញ់​ឆែវ នៅភូមិ​បុរាណ​ ឡុក​អៀន (Loc Yen) ជារឿយៗ ធ្វើឡើងក្នុងចំការដ៏ខៀវស្រងាត់ ជាមួយនឹងខ្យល់បក់ត្រជាក់ៗ ធ្វើអោយមនុស្សម្នាបានរីករាយជាមួយនឹងរសជាតិដ៏ឈ្ងុយឆ្ងាញ់ដែលមិនអាចបំភ្លេចបាន​​ ថែម​ទាំងពោរពេញទៅដោយមនោសញ្ចេតនារបស់ប្រជាជននៃភូមិបុរាណ ឡុក​អៀន (Loc Yen) រួសរាយរាក់ទាក់./.

អត្ថបទ និងរូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម

ប្រែសម្រួលដោយង្វៀនយ៉ាង

 

អត្ថបទ និងរូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម ប្រែសម្រួលដោយង្វៀនយ៉ាង

នំវាយលក់តាមដងផ្លូវ

នំវាយលក់តាមដងផ្លូវ

នំវាយត្រូវបានគេស្គាល់ថាជា បាញ់​ត្រាងទះ ឬ នំវាយ​កម្ទេច គឺជាមុខម្ហូបដែលទាក់ទងជាមួយប្រវត្តិសាស្ត្រ និងប្រពៃណីរបស់ប្រជាជនទីក្រុងហូយអាន (Hoi An)។ 

Top