ត្រីខភូមិវូដាយ (Vu Dai)
រៀងរាល់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឈានចូលមកដល់ ភូមិវូដាយ ឃុំណាមលី ខេត្តនិញប៊ិញ អណ្ដាតភ្លើងសន្ធោសន្ធៅឆេះឡើងទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើសម្រេច ឆ្នាំងត្រីខរាប់ពាន់ឆ្នាំងឱ្យទាន់ សម្រាប់បម្រើដល់អតិថិជន ក្នុងប្រទេស និងសហគមន៍អាណិកជនវៀតណាម នៅជុំវិញពិភពលោក។ ផ្តើមពីមុខម្ហូបដ៏សាមញ្ញនៃតំបន់ជនបទកាលពីមុន ត្រីខភូមិវូដាយ បានក្លាយជាជានិមិត្តរូបម្ហូបអាហារប្រពៃណី ដែលចូលរួមចំណែកក្នុងការនិទានរឿងសមាហរណកម្មម្ហូបអាហារវៀតណាមទៅកាន់ពិភពលោក។
ដោយចាប់ផ្តើមពីបំណងប្រាថ្នា ចង់មានមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ ដើម្បីសែនដូនតា ក្នុងថ្ងៃបុណ្យចូលឆ្នាំ មុខម្ហូបត្រីខនេះ ត្រូវបានកែលម្អជាបន្តបន្ទាប់ពីជំនាន់មួយទៅជំនាន់មួយ។ រូបមន្តសម្ងាត់ ដែលបន្សល់ទុកពីដូនតា ត្រូវបានរក្សាទុកស្ទើរតែទាំងស្រុង ចាប់តាំងពីដំណាក់កាលជ្រើសរើសត្រីគល់រាំង ដែលមានទម្ងន់ពី ៥ ដល់ ៨គីឡូក្រាម មានសាច់ក្រាស់និងណែន រហូតដល់ការប្រើប្រាស់ឆ្នាំងដី ដែលដឹកមកពីខេត្តថាញហ្វា និងការប្រើប្រាស់អុសមែកមៀន មានភ្លើងឆេះបានល្អ និងមានផ្សែងតិច។ គ្រឿងទេសរួមមាន រំដេង ខ្ញី ខ្ទឹមស ម្រេច ម្ទេស ទឹកចម្រាញ់ពីក្តាមស្រែ និងទឹកត្រីសុទ្ធ ដែលបង្កើតបានជារសជាតិទ្រលាន់ និងផ្អែមមុតបែបធម្មជាតិយ៉ាងពិសេស។
ដំណើរការខត្រីត្រូវអូសបន្លាយពេលពី ១០ ដល់ ១២ម៉ោង ឬអាចដល់ ១៦ម៉ោង ទៅ២០ម៉ោង ដែលតម្រូវឱ្យអ្នកធ្វើត្រូវយាមភ្លើងជាប់ជានិច្ច និងបន្ថែមទឹកឱ្យបានត្រឹមត្រូវតាមពេលវេលា ដើម្បីឱ្យត្រីឆ្អិនផុយល្អតែមិនរលួយ។ នៅពេលបញ្ចប់ ឆ្នាំងត្រីខមានត្រឹមតែស្រទាប់ទឹកខាប់ ពណ៌ត្នោតក្រហមឆ្អៅ ដូចស្លាបកន្លាតយ៉ាងស្រស់ស្អាត។ ឆ្នាំងត្រីខនីមួយៗ ដែលមានតម្លៃចាប់ពី ៥០០.០០០ រហូតដល់ ១,៥លានដុង មិនត្រឹមតែជាអាហារប៉ុណ្ណោះទេ ថែមទាំងជាកាដូប្រណីត សម្រាប់ជូនដល់គ្នាទៅវិញទៅមកផងដែរ។
នាពេលបច្ចុប្បន្ននេះ ត្រីខភូមិវូដាយ បានបោះជំហានឆ្លងផុតព្រំដែនប្រទេសវៀតណាម ដោយមានវត្តមាននៅសហរដ្ឋអាមេរិក អង់គ្លេស កាណាដា អាល្លឺម៉ង់ ជប៉ុន កូរ៉េខាងត្បូង និងបណ្តាប្រទេសជាច្រើនទៀតនៅអឺរ៉ុប។ ផ្តើមពីចង្រ្កានបាយនៅភូមិកំណើត រហូតដល់តុអាហារលក្ខណៈអន្តរជាតិ ត្រីខភូមិវូដាយ មិនត្រឹមតែនាំមកនូវរសជាតិទ្រលាន់ឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយនូវខ្លឹមសារវប្បធម៌ ស្មារតី នៃការជួបជុំគ្រួសារ និងរឿងរ៉ាវអំពីប្រទេសវៀតណាមមួយ ដែលចេះរក្សាប្រពៃណី ក្នុងដំណើរនៃសមាហរណកម្មសកល៕
អត្ថបទ៖ ផុងធូ - រូបថត៖ ត្រុងដាត
ប្រែសម្រួល៖ រីកើង






