របាយការណ៍នយោបាយរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ដែលលោកអគ្គលេខាបក្ស តូ ឡឹម បានបង្ហាញនៅក្នុងសម័យបើកនៃមហាសន្និបាតលើកទី ១៤ របស់បក្ស (ថ្ងៃទី ២០ ខែមករា) គឺជាសារនយោបាយដែលមានការតំរង់ទិសខ្ពស់។ សុន្ទរកថានេះ បានកំណត់យ៉ាងត្រឹមត្រូវនូវ "ឋានៈនិងកម្លាំង" របស់ប្រទេសជាតិ ហើយបញ្ជាក់ពី "ឆន្ទៈ" នយោបាយ និងស្មារតីទទួលខុសត្រូវ ពីនោះបង្ហាញពី "ការប្ដេជ្ញាចិត្ត" ដើម្បីនាំប្រទេសវៀតណាមឈានចូលយុគសម័យអភិវឌ្ឍន៍ថ្មី ដែលជាបុព្វបទយុទ្ធសាស្ត្រសម្រាប់ដំណាក់កាលអភិវឌ្ឍន៍បន្ទាប់។
គណៈប្រធានដឹកនាំមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ (រូបថត៖ VNA)
ដោយផ្អែកលើការវាយតម្លៃត្រឹមត្រូវអំពីឋានៈនិងកម្លាំង សុន្ទរកថានេះមានលក្ខណៈលេចធ្លោក្នុងការអះអាងនូវឆន្ទៈនយោបាយដ៏មោះមុតរបស់បក្សក្នុងការដឹកនាំប្រទេសជាតិជំនះពុះពារលើបញ្ហាប្រឈម។
បង្ហាញយ៉ាងច្បាស់អំពីឆន្ទៈ សេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍ និងឫទ្ធានុភាពនយោបាយ
ឆន្ទៈនយោបាយត្រូវបានបង្ហាញនៅក្នុងសេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព ខ្លួនទីពឹងខ្លួន និងខ្លាំងមាំមួន; ក្នុងការប្ដេជ្ញាចិត្តមិនទទួលយកការរាថយក្រោយ មិនទទួលយកការឈរនៅខាងក្រៅលំហូរនៃសម័យកាលនោះឡើយ។ ឆន្ទៈនយោបាយក៏ត្រូវបានបង្ហាញយ៉ាងច្បាស់ផងដែរនៅក្នុងទស្សនៈអំពីការយកមនុស្សជាចំណុចកណ្តាល ជាម្ចាស់កម្មវត្ថុ និងគោលដៅនៃការអភិវឌ្ឍទៀតផង។ ការអភិវឌ្ឍមិនមែនគ្រាន់តែជាការបង្កើនសូចនាករសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាជាការលើកកម្ពស់គុណភាពជីវភាពរស់នៅ ធានាយុត្តិធម៌សង្គម និងមិនទុកនរណាម្នាក់នៅពីក្រោយឡើយ។ លោកនាយឧត្តមសេនីយ៍ ង្វៀន ត្រុងង៉ៀ ប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម បានសង្កត់ធ្ងន់ថា៖
“មហាសន្និបាតលើកនេះ គឺជាមហាសន្និបាតដែលយើងបញ្ជាក់ពីមូលដ្ឋានគ្រឹះ និងលក្ខខណ្ឌមួយ ដើម្បីអភិវឌ្ឍន៍និងសម្រេចបាននូវសេចក្តីប្រាថ្នារបស់ប្រជាជនយើង។ ពីនោះ សារដែលលោកអគ្គលេខាបក្សបានបង្ហាញនោះ គឺជាសារដែលបញ្ជាក់ពីជំនឿយ៉ាងមុតមាំ និងសេចក្តីប្រាថ្នាថ្មីរបស់យើង ព្រមទាំងក៏ជាការទម្លុះទម្លាយ និងការធ្វើសកម្មភាពផងដែរ។ នេះមិនត្រឹមតែជាសារអំពាវនាវប៉ុណ្ណោះទេ ប៉ុន្តែជាសារដែលផ្តោតលើការធ្វើសកម្មភាព និងមានលក្ខណៈអាចធ្វើទៅបានខ្ពស់ ដើម្បីប្រមូលផ្ដុំឯកភាពក្នុងបក្ស និងការស្រុះចិត្តគំនិតក្នុងប្រជាជន ដើម្បីអនុវត្តន៍គោលដៅនានា”។
ការអភិវឌ្ឍរបស់វៀតណាមត្រូវបានផ្សាភ្ជាប់ទៅនឹងសសរស្តម្ភជាក់លាក់៖ ការអភិវឌ្ឍដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងសេដ្ឋកិច្ចបៃតង; ការកសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន ដោយផ្សាភ្ជាប់នឹងការធ្វើសមាហរណកម្មស៊ីជម្រៅ; ការលើកកំពស់គុណភាពធនធានមនុស្ស និងសមត្ថភាពអភិបាលកិច្ចជាតិ។ លោក Mikhail Kostrikov អ្នកយកព័ត៌មាននៃកាសែត Pravda ប្រទេសរុស្ស៊ី បានបញ្ចេញមតិថា៖
“ខ្ញុំឃើញថា ថ្នាក់ដឹកនាំនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សន្យាបន្តអភិវឌ្ឍន៍ប្រទេសជាតិ។ ហើយខ្ញុំជឿជាក់ថា វឌ្ឍនភាពដែលសម្រេចបានក្នុងរយៈពេល ៤០ ឆ្នាំ ចាប់ពីគោលនយោបាយផ្លាស់ប្ដូរថ្មីប្រទេសជាតិចាប់ផ្ដើមមក បានបង្ហាញថា ការអភិវឌ្ឍនាពេលអនាគតរបស់វៀតណាមនឹងទទួលបានជោគជ័យ។ យ៉ាងហោចណាស់ សម្រាប់រូបខ្ញុំផ្ទាល់ ក៏ដូចជាជនជាតិរុស្ស៊ីជាច្រើននាក់ដទៃទៀត មានក្ដីសង្ឃឹមដូច្នេះ។ ហើយខ្ញុំសូមជូនពរឱ្យមិត្តវៀតណាមទទួលបានជោគជ័យជាច្រើននៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ”។
ចំណែកឯលោកបណ្ឌិត Patrick Horvath អគ្គលេខាធិការនៃមូលនិធិគោលនយោបាយសេដ្ឋកិច្ចវិទ្យាសាស្ត្រ (WIWIPOL) ដែលមានទីស្នាក់ការនៅទីក្រុងវីយែន បានចាត់ទុកថា៖
“តាមរយៈការសម្រេចចិត្តនៃមហាសន្និបាត ខ្ញុំរំពឹងថានឹងមានការផ្លាស់ប្តូរបន្ថែមទៀតនៅក្នុងអាទិភាពគោលនយោបាយសេដ្ឋកិច្ចរបស់វៀតណាមឆ្ពោះទៅរកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ សេដ្ឋកិច្ចបែបប្រពៃណីរបស់វៀតណាម ពឹងផ្អែកលើធនធាន ដូចជាកសិកម្ម ឬជលផល។ ខ្ញុំគិតថា នៅពេលអនាគត ពិភពលោកនឹងឃើញផលិតផលកាន់តែច្រើនដែលត្រូវបានផលិតដោយវៀតណាម។ មហាសន្និបាតនឹងជំរុញចក្ខុវិស័យដ៏ទូលំទូលាយជាងមុន អំពីសេដ្ឋកិច្ចវៀតណាម ជាមួយនឹងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងរវាងរដ្ឋ សហគ្រាស និងសាកលវិទ្យាល័យ។ ក្នុងពេលជាមួយគ្នានោះ ក៏មានឆន្ទៈនយោបាយដើម្បីលើកទឹកចិត្តដល់ភាពខ្លួនទីពឹងខ្លួន និងការរីកចម្រើននៃវិស័យឯកជនផងដែរ”។
បទបញ្ជាឱ្យធ្វើសកម្មភាព
របាយការណ៍នយោបាយមិនត្រឹមតែបញ្ជាក់ពីចក្ខុវិស័យយុទ្ធសាស្ត្រដល់ឆ្នាំ ២០៣០ ប៉ុណ្ណោះទេ ថែមទាំងជាការអំពាវនាវ និងជាបទបញ្ជាឱ្យធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ទៀតផង។ របាយការណ៍នេះបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការផ្លាស់ប្តូរជាក់ស្ដែងនៅក្នុងវិស័យសេដ្ឋកិច្ច នយោបាយ សង្គម និងវប្បធម៌; លើកកំពស់ឆន្ទៈខ្លួនទីពឹងខ្លួន និងជំនឿលើមាគ៌ាដែលបានបក្សនិងប្រជាជនបានជ្រើសរើស។
លោកបណ្ឌិត ង្វៀន ហ៊ូសឺន មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះស្មារតី "មើលត្រង់ទៅលើការពិត" នៅក្នុងសុន្ទរកថារបស់លោកអគ្គលេខាបក្ស តូ ឡឹម។ ក្នុងនោះ លោកអគ្គលេខាបក្សបានបញ្ជាក់យ៉ាងច្បាស់អំពីទស្សនៈដឹកនាំ ដោយរួមបញ្ចូលគ្នារវាងភាពខ្ជាប់ខ្ជួននិងភាពច្នៃប្រឌិត រវាងកម្លាំងជាតិជាមួយនឹងកម្លាំងនៃសម័យកាល។ លោកបណ្ឌិត ង្វៀន ហ៊ូសឺន បានឲ្យដឹងថា៖
“អាចនិយាយបានថា សុន្ទរកថានៅក្នុងសម័យបើកនៃមហាសន្និបាតលើកទី១៤ របស់បក្ស បានបង្ហាញពីស្មារតីអំពាវនាវដ៏ច្បាស់លាស់ ដោយបង្ហាញពីការប្តេជ្ញាចិត្តធ្វើសកម្មភាព វិន័យ និងការផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លា។ ពេញមួយសុន្ទរកថានេះ គឺជាការតម្រូវឲ្យអភិវឌ្ឍន៍យ៉ាងពិតប្រាកដ ដោយយកប្រជាជនជាចំណុចកណ្តាល ព្រមទាំងអះអាងថា ប្រជាជនគឺជាអ្នកទទួលផល នៃសមិទ្ធផលអភិវឌ្ឍន៍ទាំងអស់។ នេះក៏ជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិអាចក្ដាប់ជាប់ និងសម្រេចបាននូវឱកាសជាប្រវត្តិសាស្ត្រនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីផងដែរ”។
ជាមួយនឹងវិធីសាស្រ្តអភិក្រមផ្ទាល់ ច្បាស់លាស់ និងមានជម្រៅយុទ្ធសាស្ត្រ របាយការណ៍នយោបាយដែលដាក់ជូនមហាសន្និបាតលើកទី ១៤ របស់បក្ស បានបំភ្លឺឡើងជំនឿជាក់និងសេចក្ដីសង្ឃឹមអំពីដំណាក់កាលអភិវឌ្ឍន៍ថ្មី - ជាកន្លែងដែលប្រទេសវៀតណាមបោះជំហានឈានទៅមុខប្រកបដោយទំនុកចិត្ត នៅលើដំណើរការអភិវឌ្ឍន៍និងសមាហរណកម្ម៕