ប្រធានរដ្ឋ លោក លឿង គឿង និងប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El-Sisi (រូបថត៖ Lam Khanh/TTXVN)
បន្ទាប់ពីពិធីទទួលស្វាគមន៍ លោកប្រធានរដ្ឋលឿង គឿងនិងលោកប្រធានាធិបតី Abdel Fattah El-Sisi បានជួបប្រជុំចង្អៀតមួយ បន្ទាប់ មកបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរជួបពិភាក្សាជាផ្លូវការ។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ដោយលើកកំពស់ទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងអេហ្ស៊ីបទៅជាដៃគូគ្រប់ជ្រុងជ្រោយ។
ក្នុងជំនួបពិភាក្សានេះ លោកប្រធានរដ្ឋ លឿង គឿង និងប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El-Sisi បានព្រមព្រៀងគ្នាក្នុងការបង្កើនទំនុកចិត្តនយោបាយកាន់តែស៊ីជម្រៅនិងអនុវត្តវិធានការ ទម្លុះទម្លាយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ; ពង្រីកកិច្ច សហប្រតិបត្តិការលើវិស័យថ្មីៗ ដូចជាការច្នៃប្រឌិត វិទ្យាសាស្ត្រនិងបច្ចេក វិទ្យា ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថលជាដើម។
លោកប្រធានាធិបតី Abdel Fattah El-Sisi បានអះអាងថា អេហ្ស៊ីបត្រៀមខ្លួនជាស្រេចដើម្បីដើរតួជាស្ពានសម្រាប់អាជីវកម្ម និងទំនិញវៀត ណាមចូលទៅកាន់ទីផ្សារមជ្ឈិមបូព៌ានិងអាហ្វ្រិក ព្រមទាំងបានឯកភាពពិភាក្សាអំពីលទ្ធភាពបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីថ្មី ដោយហេតុនេះរួមចំណែកបង្កើនទំហំពាណិជ្ជកម្មនាពេលខាងមុខ។
ភាគីទាំងពីរបានឯកភាពបង្កើតក្រុមការងារសិក្សាលទ្ធភាពចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អេហ្ស៊ីប; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន លើកកម្ពស់ការតភ្ជាប់ ផ្សព្វផ្សាយទេសចរណ៍ និងលើកកម្ពស់គោលដៅ វប្បធម៌ និងប្រជាជននៃភាគីទាំងពីរ។ ប្រធានរដ្ឋ លោក លឿង គឿង ក៏បានស្នើឲ្យអេហ្ស៊ីប យកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ សហគមន៍វៀតណាមក្នុងការរស់នៅ សិក្សា និងធ្វើការប្រកបដោយស្ថិរភាពនៅអេហ្ស៊ីប។
ទាក់ទិននឹងបញ្ហាក្នុងតំបន់និងអន្តរជាតិ ប្រធានរដ្ឋ លោក លឿង គឿង បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អេហ្ស៊ីបជាអ្នកសម្រុះសម្រួលក្នុងការស្វែងរកដំណោះស្រាយចំពោះជម្លោះក្នុងតំបន់។ ប្រធានាធិបតីអេហ្ស៊ីបបានស្វាគមន៍ចំពោះគោលជំហររបស់វៀតណាមលើការតស៊ូដោយយុត្តិធម៌របស់ប្រជាជនប៉ាឡេស្ទីន ហើយបានឯកភាពថា ការជំរុញដំណោះស្រាយរដ្ឋទាំងពីរគឺជាគោលដៅសំខាន់ដើម្បីសម្រេចបានសន្តិភាពប្រកបដោយនិរន្តរភាពនិងយូរអង្វែងនៅមជ្ឈិមបូព៌ា។
ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងពីរបានអះអាងគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ដើម្បីធានាសន្តិភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត។
បន្ទាប់ពីជំនួបពិភាក្សា ប្រធានរដ្ឋ លោក លឿង គឿង និងប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El-Sisi បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗជាច្រើន ក្នុងនោះមានអនុស្សរណៈយោគយល់គ្នារវាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀត ណាម និងក្រសួងផែនការ អភិវឌ្ឍន៍សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់អេហ្ស៊ីប ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច; អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងមហាផ្ទៃវៀតណាម និងក្រសួងអភិវឌ្ឍន៍មូលដ្ឋានអេហ្ស៊ីប ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអភិវឌ្ឍន៍មូលដ្ឋាន៕