អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំជំនួបធ្វើការ។ រូបថត៖ VNA
នាព្រឹកថ្ងៃទី១៥ ខែមិថុនា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំជំនួបធ្វើការជាមួយក្រសួងអប់រំនិងបណ្តុះបណ្តាល និងស្ថាប័នពាក់ព័ន្ធ ស្តីពីការត្រៀមរៀបចំសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ និងលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ៧១ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ របស់ការិយាល័យនយោបាយ ស្តីពីរបកគំហើញក្នុងការអភិវឌ្ឍការអប់រំនិងបណ្តុះបណ្តាល។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំជំនួបធ្វើការ។ រូបថត៖ VNA
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានបញ្ជាក់ថា ការត្រៀមរៀបចំសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ គឺជាការសាកល្បងដំបូងនៃសមត្ថភាពក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលេខ៧១ របស់ការិយាល័យនយោបាយក្នុងស្ថានភាពជាក់ស្តែង។ ដូច្នេះ មូលដ្ឋាននានា ត្រូវទទួលខុសត្រូវក្នុងការធានាឲ្យបានគ្រប់គ្រាន់នូវលក្ខណៈសម្ភារៈ សាលារៀន ថ្នាក់រៀន សៀវភៅសិក្សា និងឧបករណ៍បង្រៀនជាអប្បបរមា សម្រាប់ឆ្នាំសិក្សាថ្មី។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា៖
សមមិត្ត ហ័ង មិញសឺន សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល រាយការណ៍នៅក្នុងជំនួបនេះ។ រូបថត៖ VNA
«គោលនយោបាយត្រូវតែអនុវត្តន៍តាមគោលការណ៍ដែលថា តំបន់មានការលំបាកច្រើនជាង នឹងទទួលបានការជួយឧបត្ថម្ភច្រើនជាង ហើយគ្រូបង្រៀនដែលធ្វើការនៅតំបន់លំបាកជាង នឹងទទួលបានការគាំទ្រប្រសើរជាង។ ចំពោះតំបន់ជនជាតិភាគតិច តំបន់ព្រៃភ្នំ តំបន់ព្រំដែន និងកោះសមុទ្រ ចាំបាច់ត្រូវផ្ដល់អាទិភាពដល់ការអប់រំមត្តេយ្យសិក្សា ការបង្រៀនភាសាវៀតណាមមុនថ្នាក់ទី ១ សាលាពាក់កណ្ដាលអន្តេវាសិក អាហារនៅសាលា លំនៅដ្ឋានសម្រាប់គ្រូបង្រៀន និងផ្លូវសុវត្ថិភាពទៅសាលារៀន។
ប្រតិភូចូលរួមក្នុងជំនួបនេះ។ រូបថត៖ VNA
នៅតំបន់ទាំងនេះ សាលារៀនមិនត្រឹមតែបង្រៀនអក្ខរកម្មប៉ុណ្ណោះទេ ថែមទាំងបម្រើជាស្ថាប័នសហគមន៍ ដែលរួមចំណែកដល់ការអភិរក្សវប្បធម៌ ពង្រឹងជំនឿជាក់ និងការពារព្រំដែនរបស់មាតុភូមិទៀតផង។ សម្រាប់កុមារពិការ និងកុមារដែលមានស្ថានភាពពិសេស គួរតែមានគ្រូបង្រៀនគាំទ្រ ឧបករណ៍ជំនួយ កម្មវិធីសមស្រប និងការតភ្ជាប់សុខាភិបាល-សង្គមផងដែរ”។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានសង្កត់ធ្ងន់ថា គោលនយោបាយអប់រំទាំងអស់ត្រូវតែវាស់វែងបានដោយវឌ្ឍនភាព សុភមង្គល និងអនាគតរបស់អ្នករៀន៕