រដ្ឋាភិបាលវៀតណាមទើបតែបានអនុម័តលើកម្មវិធីជួយឧបត្ថម្ភការធ្វើអាជីវកម្មប្រកបដោយចីរភាពសម្រាប់ដំណាក់កាល ២០២៦-២០៣០។
គោលដៅរួមនៃកម្មវិធីនេះគឺសំដៅជំរុញសហគ្រាសក្នុងវិស័យឯកជនរីកចម្រើនប្រកបដោយគុណភាពនិងប្រសិទ្ធភាព ក្នុងទិសដៅចីរភាព ដោយធានាថា សកម្មភាពទាំងអស់មានតុល្យភាពរវាងប្រសិទ្ធភាពសេដ្ឋកិច្ចជាមួយនឹងការទទួលខុសត្រូវសង្គម និងការការពារបរិស្ថាន ដើម្បីអនុវត្តន៍គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង ១៧ (SDGs) រហូតដល់ឆ្នាំ ២០៣០ និងការសន្យាបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០។ លើសពីនេះ អភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីដើម្បីជួយឧបត្ថម្ភសហគ្រាស អាជីវកម្មលក្ខណៈគ្រួសារ និងសហករណ៍ ក្នុងការធ្វើអាជីវកម្មប្រកបដោយចីរភាព រួមចំណែកជាវិជ្ជមានដល់ការបង្កើតការងារធ្វើ ការកែលម្អស្តង់ដារជីវភាពរស់នៅសម្រាប់ជនដែលមានប្រាក់ចំណូលទាប និងជនងាយរងគ្រោះ ការពារបរិស្ថាន និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅវៀតណាម។
គោលដៅនៃកម្មវិធីក្នុងដំណាក់កាលឆ្នាំ ២០២៦-២០៣០ គឺការជួយឧបត្ថម្ភសហគ្រាស អាជីវកម្មលក្ខណៈគ្រួសារ និងសហករណ៍ចំនួន ២៥ ពាន់ ក្នុងការធ្វើអាជីវកម្មប្រកបដោយចីរភាព។ ជួយឧបត្ថម្ភការអភិវឌ្ឍគំរូសហគ្រាស អាជីវកម្មលក្ខណៈគ្រួសារនិងសហករណ៍ដែលធ្វើអាជីវកម្មប្រកបដោយចីរភាព យ៉ាងហោចណាស់ ២០ ដើម្បីរីកសាយភាយ និងលើកទឹកចិត្តដល់ការអភិវឌ្ឍអាជីវកម្មប្រកបដោយចីរភាព។ ទន្ទឹមនឹងនោះ ទាក់ទាញ និងកៀរគរធនធានស្របច្បាប់ ជាពិសេសពីវិស័យធុរកិច្ច និងសេដ្ឋកិច្ចឯកជន ដើម្បីអនុវត្តន៍គំនិតផ្តួចផ្តើម ឆ្ពោះទៅរកការធ្វើអាជីវកម្មប្រកបដោយចីរភាពផងដែរ៕
តាម vovworld.vn/km-KH