Blind Runners - ទីសាយភាយស្មារតីកីឡាដល់ជនពិការភ្នែក

វប្បធម៌

Blind Runners - ទីសាយភាយស្មារតីកីឡាដល់ជនពិការភ្នែក

ជនពិការភ្នែកចូលរួមក្នុងការប្រកួតរត់ម៉ារ៉ាតុងចម្ងាយរាប់សិបគីឡូម៉ែត្រជាមួយនឹងស្នាដៃដែលមនុស្សធម្មតាជាច្រើនប្រាកដជាចង់បាន។ នោះ​គឺ​ជា​រឿង​កើត​ឡើង​នៅ​ក្លឹប Blind Runnersរបស់ជន​ពិការភ្នែក​​ចូលចិត្ត​រត់ ។ 

 

ជនពិការភ្នែកចូលរួមក្នុងការប្រកួតរត់ម៉ារ៉ាតុងចម្ងាយរាប់សិបគីឡូម៉ែត្រជាមួយនឹងស្នាដៃដែលមនុស្សធម្មតាជាច្រើនប្រាកដជាចង់បាន។ នោះ​គឺ​ជា​រឿង​កើត​ឡើង​នៅ​ក្លឹប Blind Runnersរបស់ជន​ពិការភ្នែក​​ចូលចិត្ត​រត់ ។ រឿងស្ដីអំពី​ឆន្ទៈ​រស់​នៅ​បានបំផុសគំនិតដល់ប្រជាជន​ក្នុង​សង្គម​ឲ្យ​ក្រោក​ឡើង និង​ជម្នះ​ភាព​លំបាក​ក្នុង​ជីវិត។

ដោយមើលឃើញថា ជនពិការភ្នែកជាច្រើននាក់ចង់រត់ ប៉ុន្តែគេគ្មានឱកាស អត្តពលិកពិការភ្នែកជាតិ វូទៀន​ម៉ាញ (Vu Tien Manh) និងមិត្តភក្តិរបស់គាត់បានបង្កើតក្លឹប "Blind Runners" ដើម្បីនាំកីឡារត់មកជូនពួកគេ ជួយ​ពួកគេចូល​រួមក្នុង "ផ្លូវរត់" របស់មនុស្សធម្មតា ហើយបានបំផុសគំនិត និងបង្កើតការរីករាលដាលនៅក្នុងសង្គម​។

លោក វូទៀន​ម៉ាញ (Vu Tien Manh) ចែករំលែកថា៖ គ្រាប់ភ្នែករបស់ខ្ញុំមាន​បញ្ហាពីកំណើត ការាមើលឃើញរបស់ខ្ញុំហាក់ដូចជាសូន្យ។ ដោយទទួលបានការលើកទឹកចិត្តពីអ្នកគ្រប់គ្នា ខ្ញុំបានចាប់ផ្តើមការរត់លើកដំបូងរបស់ខ្ញុំក្នុងព្រឹត្តិការណ៍ពានរង្វាន់ ECOPARK ចម្ងាយ ២១ គីឡូម៉ែត្រ កាលពីឆ្នាំ ២០២១។ មុនពេលចុះឈ្មោះ ខ្ញុំមានអារម្មណ៍ខ្មាស់អៀនជាខ្លាំង ព្រោះខ្ញុំគិតថា ពិភពនៃជនពិការភ្នែកស្ថិតនៅក្នុងជញ្ជាំងទាំងបួន។ រហូតដល់ពេលដែលខ្ញុំចូលរួមក្នុងការប្រកួត ហើយទទួលបានការ​លើក​ទឹក​ចិត្ត​ និង​គាំទ្រពីទស្សនិកជន ទើបខ្ញុំដឹងថា ជីវិតនៅខាងក្រៅមានរឿងល្អៗជាច្រើនកំពុងរង់ចាំជនពិការភ្នែកដូចខ្ញុំ។ បន្ទាប់ពីការប្រកួតនោះ ខ្ញុំបានតាំងចិត្តបង្កើតក្លឹប "Blind Runners" ដើម្បីជួយជន​ពិការភ្នែក ដែល​ស្ថិតក្នុងស្ថានភាពដូចខ្ញុំឲ្យមានឱកាសរត់ និងសម្របខ្លួន​ក្នុងពិភពខាងក្រៅ។

 

ចាប់ពីគំនិតទាំងនោះ នៅខែកក្កដា ឆ្នាំ ២០២៣ ក្លឹប " Blind Runners " ត្រូវបានបង្កើតឡើងជាផ្លូវការ ក្រោមការឧបត្ថម្ភរបស់សមាគមជនពិការភ្នែកវៀតណាម។ បន្ទាប់ពីដំណើរការជិតមួយឆ្នាំ ក្លឹបមានសមាជិកចំនួន ៤១ នាក់ (រួមទាំងជនពិការភ្នែកចំនួន ២៦ នាក់ និងអ្នក​ស្ម័គ្រចិត្តនាំផ្លូវចំនួន ១៥ នាក់) ហើយបានក្លាយជាផ្ទះរួមសម្រាប់សមាជិកចែករំលែកភាពសប្បាយរីករាយ និងទុក្ខព្រួយរបស់ពួកគេ ថែមទាំងជួយគ្នាទៅវិញទៅមក ដើម្បីធ្វើឱ្យជីវិតកាន់តែល្អប្រសើរឡើង។

មកកាន់កីឡដ្ឋាន ហាង​ដៃ (Hang Day) (រដ្ឋធានីហាណូយ) រាល់ព្រឹកជារៀងរាល់សប្តាហ៍ យើងងាយនឹងមានអារម្មណ៍ថា មានប្រភពនៃថាមពលវិជ្ជមានដែលរីករាលដាលសម្រាប់សមាជិកម្នាក់ៗ នៃក្លឹប " Blind Runners "។ កន្លែងនេះមិនត្រឹមតែជាកន្លែងហាត់រត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់កម្លាំង​ចលកម្ម ការលើកទឹកចិត្ត ដើម្បីជួយជនពិការភ្នែកឱ្យយកឈ្នះលើខ្លួនឯង ជឿជាក់លើ​ការសម្របខ្លួនក្នុង​សហគមន៍ និងទំនាក់ទំនងជាមួយមនុស្សគ្រប់គ្នា។

អ្វី​ដែល​ពិសេស​នោះ​គឺ​ការ​ខិត​ខំ​ហាត់​ប្រាណ សមាជិកក្នុង​ក្លឹប​អាច​រត់​​ចម្ងាយ​  ១០ ​គីឡូម៉ែត្រ ​ឬ​វែង​ជាង​នោះ។ ក្នុង​ចំណោម​​នោះ មាន​សមាជិក​ពិការ​ភ្នែក​ ៣នាក់​ដែល​បាន​ជាអ្នកល្បីល្បាញ នៅ​​ពេល​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​រត់​ប្រណាំង​ក្នុង​ស្រុក និង​បាន​បញ្ចប់​ដោយ​ជោគជ័យ​ក្នុង​ការ​រត់​​ម៉ារ៉ាតុងចម្ងាយ ៤២ គីឡូម៉ែត្រ។ នេះគឺជាចម្ងាយដែលមនុស្សធម្មតាជាច្រើននាក់ ដែលចូលរួមរត់ម៉ារ៉ាតុងតែងសុបិនចង់សម្រេចបាន។

ក្នុងនាមជាសមាជិកម្នាក់ក្នុងចំណោមសមាជិកពិការភ្នែកដំបូងគេនៃក្លឹប " Blind Runners " លោក ហូមីញ​ក្វាង(Ho Minh Quang) បានចែករំលែកថា "ខ្ញុំបានចាប់ផ្តើមជំហានរត់ដំបូងរបស់ខ្ញុំនៅក្លឹប " Blind Runners "។ នាគ្រាដំបូង ខ្ញុំអាចរត់បានត្រឹមតែ ៥០ ម៉ែត្រ បន្ទាប់មកខ្ញុំ​បានរត់ចម្ងាយដែលកើនដល់ ១០០ ម៉ែត្រ។ ប៉ុន្តែ ឥឡូវនេះ ដោយមានការណែនាំពីបងប្អូន​ជាសមាជិកក្លឹបនេះ និងការខិតខំប្រឹងប្រែងរបស់ខ្ញុំផ្ទាល់ ផ្លូវរត់ចម្ងាយ ១០គីឡូម៉ែត្រដែលខ្ញុំអាចរត់គឺធម្មតាណាស់​។ ការរត់ ​ជួយ​ឱ្យ​សុខភាព​របស់ខ្ញុំ​កាន់តែប្រសើរឡើង ហើយ​ជាងទាំងអស់នោះ គឺ​ខ្ញុំ​បាន​ជួប និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្សគ្រប់គ្នា​»

 

មកកាន់ក្លឹប " Blind Runners " យើងត្រូវបាន​មិត្តភក្តិបាន​​រៀបរាប់​អំពីរឿងកំប្លែងរាប់ពាន់ ដែលគ្មានការបន្ទាបខ្លួនសូម្បីតែបន្តិចរបស់ជនពិការភ្នែក។ ពួកគេមិនត្រឹមតែមកទីនេះ  ដើម្បីរៀនរត់ជាមួយ​គ្នាតែប៉ុណ្ណោះទេ ថែមទាំងជួយគ្នាទៅវិញទៅមក ជំនះការលំបាក និងការបន្ទាប​ខ្លួនក្នុងជីវិត ដើម្បីសម្រប​ខ្លួនក្នុងចង្វាក់រួមនៃសង្គម។ សមាជិកជាង ៤០ នាក់រួមគ្នា ដើម្បីលុបបំបាត់គម្លាតរវាងមនុស្សធម្មតា និងមនុស្សពិការភ្នែក។


លោក យឿង​ វូ​ហ័ងលីញ (Duong Vu Hoang Linh) អ្នកស្ម័គ្រចិត្តនៃក្លឹប Blind Runners បានចែករំលែកថា៖ ខ្ញុំនៅតែចងចាំរឿងរបស់កុមារជំទង់ ង្វៀន ទ្រុងវៀត (Nguyen Trong Viet) (អាយុ ១៥ ឆ្នាំ) នៅពេលគាត់ទើបចូលរួមក្នុងក្លឹប។ គាត់​ជា​ជន​ពិការភ្នែក​ និង​ពិការខួរក្បាលបែបកន្ត្រាក់ពីកំណើត ដូច្នេះពេលគាត់ចាប់ផ្តើមរត់ គាត់មិនព្រមសហការ ហើយអង្គុយយំនៅកណ្តាលផ្លូវរត់។ ដោយ​ដឹង​ថា ​គាត់​ចូល​ចិត្ត​អាហារសំរន់​ហូប​លេង យើង​បាន​យក​អាហារ និងលួងលោមគាត់​​ឲ្យ​រត់ ដូច្នេះ​ហើយ​ គាត់ក៏​​រត់បណ្ដើរ​ ហូបបណ្ដើរ​នៅ​ជុំវិញ​កីឡាដ្ឋាន​ ហាង​ដៃ (Hang Day) ។ រហូតមកដល់ពេលនេះ កុមារជំទង់ វៀត (Viet) រួម​ជាមួយ​ក្លឹបនេះធ្វើដំណើរគ្រប់ទីកន្លែង ហើយបានសម្រេចការរត់ចម្ងាយ ៥ គីឡូម៉ែត្រក្នុងព្រឹត្តិការណ៍រត់ក្នុងស្រុកចំនួន ១០ តាមរបៀបសាមញ្ញ
 

ជាមួយនឹងសារ "កុំបោះបង់ ជឿជាក់លើខ្លួនឯង" ក្លឹប "Blind Runners" កំពុងតែផ្សព្វផ្សាយជានិច្ចនូវតម្លៃជីវិតវិជ្ជមាន និងសុទិដ្ឋិនិយមដល់សហគមន៍ជន​ទន់ខ្សោយជាទូទៅក្នុងសង្គម ជាពិសេសគឺជនពិការភ្នែក។ តាមរយៈនោះ ជួយពួកគេហាត់​ប្រាណ ដើម្បីលើកកម្ពស់សុខភាពរបស់ពួកគេ និងសម្របខ្លួន​ក្នុងសង្គម ដើម្បីនាំមកនូវរបៀបរស់នៅប្រកបដោយ​សុខសាន្ត និងសប្បាយរីករាយ។/.

ជន​ពិការភ្នែក​ ឬ​អ្នក​ស្ម័គ្រចិត្តចង់ចូលរួមក្នុងក្លឹប Blind Runners សូមទំនាក់ទំនង៖

លោក​ វូ ទៀន​ម៉ាញ (Vu Tien Manh) - លេខទូរស័ព្ទ ០៨៤៣៥៨២០០០


អត្ថបទ៖ កុង​ដាត កាសែតរូបភាពវៀតណាម

រូបថត៖ តឹត​សើន កាសែតរូបភាពវៀតណាម

បច្ចេកទេសនិង​ក្រាហ្វិក៖ ហឿង​ថាវ

 

អត្ថបទ៖ កុង​ដាត កាសែតរូបភាពវៀតណាម រូបថត៖ តឹត​សើន កាសែតរូបភាពវៀតណាម បច្ចេកទេសនិង​ក្រាហ្វិក៖ ហឿង​ថាវ

ការវះកាតត់ប្តូរបេះដូងលើកដំបូងនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្ត្រទីក្រុងហូជីមិញ

ការវះកាតត់ប្តូរបេះដូងលើកដំបូងនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្ត្រទីក្រុងហូជីមិញ

ការប្តូរបេះដូងក្នុង​ប្រទេសវៀតណាម​អូសបន្លាយ​ក្នុងរយៈពេល ១០ ម៉ោង ដោយមានការចូលរួមពីវេជ្ជបណ្ឌិត បុគ្គលិកពេទ្យជិត ១០០ នាក់នៅមន្ទីរពេទ្យសាកលវិទ្យាល័យ​វេជ្ជសាស្ត្រ និង​ឱសថសាស្ត្រ​ទីក្រុង​ហូជីមិញទទួលបានជោគជ័យ។

Top