Blind Runners - ទីសាយភាយស្មារតីកីឡាដល់ជនពិការភ្នែក
ជនពិការភ្នែកចូលរួមក្នុងការប្រកួតរត់ម៉ារ៉ាតុងចម្ងាយរាប់សិបគីឡូម៉ែត្រជាមួយនឹងស្នាដៃដែលមនុស្សធម្មតាជាច្រើនប្រាកដជាចង់បាន។ នោះគឺជារឿងកើតឡើងនៅក្លឹប “Blind Runners”របស់ជនពិការភ្នែកចូលចិត្តរត់ ។ រឿងស្ដីអំពីឆន្ទៈរស់នៅបានបំផុសគំនិតដល់ប្រជាជនក្នុងសង្គមឲ្យក្រោកឡើង និងជម្នះភាពលំបាកក្នុងជីវិត។
ដោយមើលឃើញថា ជនពិការភ្នែកជាច្រើននាក់ចង់រត់ ប៉ុន្តែគេគ្មានឱកាស អត្តពលិកពិការភ្នែកជាតិ វូទៀនម៉ាញ (Vu Tien Manh) និងមិត្តភក្តិរបស់គាត់បានបង្កើតក្លឹប "Blind Runners" ដើម្បីនាំកីឡារត់មកជូនពួកគេ ជួយពួកគេចូលរួមក្នុង "ផ្លូវរត់" របស់មនុស្សធម្មតា ហើយបានបំផុសគំនិត និងបង្កើតការរីករាលដាលនៅក្នុងសង្គម។
លោក វូទៀនម៉ាញ (Vu Tien Manh) ចែករំលែកថា៖ “គ្រាប់ភ្នែករបស់ខ្ញុំមានបញ្ហាពីកំណើត ការាមើលឃើញរបស់ខ្ញុំហាក់ដូចជាសូន្យ។ ដោយទទួលបានការលើកទឹកចិត្តពីអ្នកគ្រប់គ្នា ខ្ញុំបានចាប់ផ្តើមការរត់លើកដំបូងរបស់ខ្ញុំក្នុងព្រឹត្តិការណ៍ពានរង្វាន់ ECOPARK ចម្ងាយ ២១ គីឡូម៉ែត្រ កាលពីឆ្នាំ ២០២១។ មុនពេលចុះឈ្មោះ ខ្ញុំមានអារម្មណ៍ខ្មាស់អៀនជាខ្លាំង ព្រោះខ្ញុំគិតថា ពិភពនៃជនពិការភ្នែកស្ថិតនៅក្នុងជញ្ជាំងទាំងបួន។ រហូតដល់ពេលដែលខ្ញុំចូលរួមក្នុងការប្រកួត ហើយទទួលបានការលើកទឹកចិត្ត និងគាំទ្រពីទស្សនិកជន ទើបខ្ញុំដឹងថា ជីវិតនៅខាងក្រៅមានរឿងល្អៗជាច្រើនកំពុងរង់ចាំជនពិការភ្នែកដូចខ្ញុំ។ បន្ទាប់ពីការប្រកួតនោះ ខ្ញុំបានតាំងចិត្តបង្កើតក្លឹប "Blind Runners" ដើម្បីជួយជនពិការភ្នែក ដែលស្ថិតក្នុងស្ថានភាពដូចខ្ញុំឲ្យមានឱកាសរត់ និងសម្របខ្លួនក្នុងពិភពខាងក្រៅ។
ចាប់ពីគំនិតទាំងនោះ នៅខែកក្កដា ឆ្នាំ ២០២៣ ក្លឹប " Blind Runners " ត្រូវបានបង្កើតឡើងជាផ្លូវការ ក្រោមការឧបត្ថម្ភរបស់សមាគមជនពិការភ្នែកវៀតណាម។ បន្ទាប់ពីដំណើរការជិតមួយឆ្នាំ ក្លឹបមានសមាជិកចំនួន ៤១ នាក់ (រួមទាំងជនពិការភ្នែកចំនួន ២៦ នាក់ និងអ្នកស្ម័គ្រចិត្តនាំផ្លូវចំនួន ១៥ នាក់) ហើយបានក្លាយជាផ្ទះរួមសម្រាប់សមាជិកចែករំលែកភាពសប្បាយរីករាយ និងទុក្ខព្រួយរបស់ពួកគេ ថែមទាំងជួយគ្នាទៅវិញទៅមក ដើម្បីធ្វើឱ្យជីវិតកាន់តែល្អប្រសើរឡើង។
មកកាន់កីឡដ្ឋាន ហាងដៃ (Hang Day) (រដ្ឋធានីហាណូយ) រាល់ព្រឹកជារៀងរាល់សប្តាហ៍ យើងងាយនឹងមានអារម្មណ៍ថា មានប្រភពនៃថាមពលវិជ្ជមានដែលរីករាលដាលសម្រាប់សមាជិកម្នាក់ៗ នៃក្លឹប " Blind Runners "។ កន្លែងនេះមិនត្រឹមតែជាកន្លែងហាត់រត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់កម្លាំងចលកម្ម ការលើកទឹកចិត្ត ដើម្បីជួយជនពិការភ្នែកឱ្យយកឈ្នះលើខ្លួនឯង ជឿជាក់លើការសម្របខ្លួនក្នុងសហគមន៍ និងទំនាក់ទំនងជាមួយមនុស្សគ្រប់គ្នា។
អ្វីដែលពិសេសនោះគឺការខិតខំហាត់ប្រាណ សមាជិកក្នុងក្លឹបអាចរត់ចម្ងាយ ១០ គីឡូម៉ែត្រ ឬវែងជាងនោះ។ ក្នុងចំណោមនោះ មានសមាជិកពិការភ្នែក ៣នាក់ដែលបានជាអ្នកល្បីល្បាញ នៅពេលចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងក្នុងស្រុក និងបានបញ្ចប់ដោយជោគជ័យក្នុងការរត់ម៉ារ៉ាតុងចម្ងាយ ៤២ គីឡូម៉ែត្រ។ នេះគឺជាចម្ងាយដែលមនុស្សធម្មតាជាច្រើននាក់ ដែលចូលរួមរត់ម៉ារ៉ាតុងតែងសុបិនចង់សម្រេចបាន។
ក្នុងនាមជាសមាជិកម្នាក់ក្នុងចំណោមសមាជិកពិការភ្នែកដំបូងគេនៃក្លឹប " Blind Runners " លោក ហូមីញក្វាង(Ho Minh Quang) បានចែករំលែកថា "ខ្ញុំបានចាប់ផ្តើមជំហានរត់ដំបូងរបស់ខ្ញុំនៅក្លឹប " Blind Runners "។ នាគ្រាដំបូង ខ្ញុំអាចរត់បានត្រឹមតែ ៥០ ម៉ែត្រ បន្ទាប់មកខ្ញុំបានរត់ចម្ងាយដែលកើនដល់ ១០០ ម៉ែត្រ។ ប៉ុន្តែ ឥឡូវនេះ ដោយមានការណែនាំពីបងប្អូនជាសមាជិកក្លឹបនេះ និងការខិតខំប្រឹងប្រែងរបស់ខ្ញុំផ្ទាល់ ផ្លូវរត់ចម្ងាយ ១០គីឡូម៉ែត្រដែលខ្ញុំអាចរត់គឺធម្មតាណាស់។ ការរត់ ជួយឱ្យសុខភាពរបស់ខ្ញុំកាន់តែប្រសើរឡើង ហើយជាងទាំងអស់នោះ គឺខ្ញុំបានជួប និងប្រាស្រ័យទាក់ទងជាមួយមនុស្សគ្រប់គ្នា»។
មកកាន់ក្លឹប " Blind Runners " យើងត្រូវបានមិត្តភក្តិបានរៀបរាប់អំពីរឿងកំប្លែងរាប់ពាន់ ដែលគ្មានការបន្ទាបខ្លួនសូម្បីតែបន្តិចរបស់ជនពិការភ្នែក។ ពួកគេមិនត្រឹមតែមកទីនេះ ដើម្បីរៀនរត់ជាមួយគ្នាតែប៉ុណ្ណោះទេ ថែមទាំងជួយគ្នាទៅវិញទៅមក ជំនះការលំបាក និងការបន្ទាបខ្លួនក្នុងជីវិត ដើម្បីសម្របខ្លួនក្នុងចង្វាក់រួមនៃសង្គម។ សមាជិកជាង ៤០ នាក់រួមគ្នា ដើម្បីលុបបំបាត់គម្លាតរវាងមនុស្សធម្មតា និងមនុស្សពិការភ្នែក។
លោក យឿង វូហ័ងលីញ (Duong Vu Hoang Linh) អ្នកស្ម័គ្រចិត្តនៃក្លឹប “Blind Runners” បានចែករំលែកថា៖ “ខ្ញុំនៅតែចងចាំរឿងរបស់កុមារជំទង់ ង្វៀន ទ្រុងវៀត (Nguyen Trong Viet) (អាយុ ១៥ ឆ្នាំ) នៅពេលគាត់ទើបចូលរួមក្នុងក្លឹប។ គាត់ជាជនពិការភ្នែក និងពិការខួរក្បាលបែបកន្ត្រាក់ពីកំណើត ដូច្នេះពេលគាត់ចាប់ផ្តើមរត់ គាត់មិនព្រមសហការ ហើយអង្គុយយំនៅកណ្តាលផ្លូវរត់។ ដោយដឹងថា គាត់ចូលចិត្តអាហារសំរន់ហូបលេង យើងបានយកអាហារ និងលួងលោមគាត់ឲ្យរត់ ដូច្នេះហើយ គាត់ក៏រត់បណ្ដើរ ហូបបណ្ដើរនៅជុំវិញកីឡាដ្ឋាន ហាងដៃ (Hang Day) ។ រហូតមកដល់ពេលនេះ កុមារជំទង់ វៀត (Viet) រួមជាមួយក្លឹបនេះធ្វើដំណើរគ្រប់ទីកន្លែង ហើយបានសម្រេចការរត់ចម្ងាយ ៥ គីឡូម៉ែត្រក្នុងព្រឹត្តិការណ៍រត់ក្នុងស្រុកចំនួន ១០ តាមរបៀបសាមញ្ញ”។
ជាមួយនឹងសារ "កុំបោះបង់ ជឿជាក់លើខ្លួនឯង" ក្លឹប "Blind Runners" កំពុងតែផ្សព្វផ្សាយជានិច្ចនូវតម្លៃជីវិតវិជ្ជមាន និងសុទិដ្ឋិនិយមដល់សហគមន៍ជនទន់ខ្សោយជាទូទៅក្នុងសង្គម ជាពិសេសគឺជនពិការភ្នែក។ តាមរយៈនោះ ជួយពួកគេហាត់ប្រាណ ដើម្បីលើកកម្ពស់សុខភាពរបស់ពួកគេ និងសម្របខ្លួនក្នុងសង្គម ដើម្បីនាំមកនូវរបៀបរស់នៅប្រកបដោយសុខសាន្ត និងសប្បាយរីករាយ។/.
ជនពិការភ្នែក ឬអ្នកស្ម័គ្រចិត្តចង់ចូលរួមក្នុងក្លឹប Blind Runners សូមទំនាក់ទំនង៖
លោក វូ ទៀនម៉ាញ (Vu Tien Manh) - លេខទូរស័ព្ទ ០៨៤៣៥៨២០០០
អត្ថបទ៖ កុងដាត កាសែតរូបភាពវៀតណាម
រូបថត៖ តឹតសើន កាសែតរូបភាពវៀតណាម
បច្ចេកទេសនិងក្រាហ្វិក៖ ហឿងថាវ