លោកអគ្គលេខាបក្ស តូ ឡឹម។ រូបថត៖ VNA
អញ្ជើញថ្លែងមតិក្នុងពិធីបើកសន្និសីទ លោកអគ្គលេខាបក្ស តូ ឡឹម បានមានប្រសាសន៍ ថា មហាសន្និបាតបក្សជាតិលើកទី១៤ ត្រូវបានរំពឹងថានឹងប្រព្រឹត្តទៅនៅខែមករា ឆ្នាំ២០២៦ ដែលជាព្រឹត្តិការណ៍នយោបាយមានសារៈសំខាន់ជាពិសេសរបស់ប្រទេសជាតិ។
លោកអគ្គលេខាបក្ស តូ ឡឹមអញ្ជើញលើកច្បាស់ថា៖ “ឯកសារសម្រាប់ដាក់ជូន មហាសន្និបាតបក្សលើកទី១៤ ត្រូវតែជាលទ្ធផលនៃប្រាជ្ញាភ្លឺថ្លារបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល។ ដូច្នេះហើយ ចាំបាច់ត្រូវលើកកម្ពស់ប្រជាធិបតេយ្យ បញ្ញវន្តសមូហភាព ដោយមានការចូលរួម និងការរួមវិភាគទានពីស្ថាប័នមជ្ឈិម មន្ទីរ ស្ថាប័ន សាខា មូលដ្ឋាន អង្គការសង្គម-នយោបាយ និងប្រជាជន ជាពិសេសគឺការចូលរួមចំណែកពីអតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋ ដែលមានបញ្ញាឈ្លាសវៃ មានទ្រឹស្តីយ៉ាងជ្រាលជ្រៅ មានចំណេះដឹងច្រើនអំពីការអនុវត្ត ហើយមានរយៈពេលច្រើនឆ្នាំ ចូលរួមក្នុងការដឹកនាំ លើគ្រប់ទិដ្ឋភាពនៃការងាររបស់បក្ស”។
នៅក្នុងអង្គប្រជុំ ប្រតិភូបានផ្តោតមតិយោបល់លើរបាយការណ៍នយោបាយរបស់គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១៣; របាយការណ៍វាយតម្លៃរយៈពេល៥ឆ្នាំនៃការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រយៈពេល ១០ឆ្នាំ ដំណាក់កាល ២០២១-២០៣០; ទិសដៅ និងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ឆ្នាំ ដំណាក់កាល ២០២៦ - ២០៣០, របាយការណ៍សង្ខេបស្តីពីការងារកសាងបក្ស និងការអនុវត្តលក្ខន្តិកៈបក្ស និងរបាយការណ៍សង្ខេបស្តីពីទ្រឹស្តី និងការអនុវត្តមួយចំនួននៃកំណែទម្រង់របស់ប្រទេសក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក៕