នាព្រឹកមិញថ្ងៃទី ២២ ខែឧសភា នៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅវៀតណាម លោក Saadi Salama បានតាងនាមប្រធានាធិបតីរដ្ឋប៉ាឡេស្ទីន លោក Mahmoud Abbas អញ្ជើញប្រគល់គ្រឿងឥស្សរិយយសផ្កាយគុណូបការៈរបស់រដ្ឋប៉ាឡេស្ទីនដល់អតីតអនុប្រធានរដ្ឋលោកស្រី ង្វៀន ធី ប៊ិញ ដែលជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូបរបស់វៀតណាម ជានិមិត្តរូបនៃភាពក្លាហាន និងបញ្ញាការទូតបដិវត្តន៍វៀតណាម និងជាមិត្តស្មោះត្រង់របស់ប្រជាជនប៉ាឡេស្ទីន។
អតីតអនុប្រធានរដ្ឋ លោកស្រី ង្វៀន ធីប៊ិញ អញ្ជើញថ្លែងនៅក្នុងពិធី (រូបថត៖ baoquocte.vn)
ថ្លែងនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូត Saadi Salama បានលើកច្បាស់ថា គ្រឿងឥស្សរិយយសនេះមិនត្រឹមតែទទួលស្គាល់ការចូលរួមចំណែកដ៏យូរអង្វែងរបស់លោកស្រី ង្វៀន ធី ប៊ិញ ក្នុងបុព្វហេតុតស៊ូដើម្បីឯករាជ្យជាតិ សន្តិភាព និងយុត្តិធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការតែងតែគាំទ្រប៉ាឡេស្ទីន និងដោយស្មោះអស់ជាច្រើនទសវត្សរ៍មកហើយ...។ ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូត Saadi Salama បានសម្តែងទំនុកចិត្តថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប៉ាឡេស្ទីននិងវៀតណាម នឹងបន្តអភិវឌ្ឍជាវិជ្ជមាននាពេលខាងមុខ។
ថ្លែងនៅក្នុងពិធីនេះ អតីតអនុប្រធានរដ្ឋ លោកស្រី ង្វៀន ធីប៊ិញ បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋប៉ាឡេស្ទីន ដែលបានប្រគល់គ្រឿងឥស្សរិយយសផ្កាយនៃគុណូបការៈដល់លោកស្រី ដែលជាពានរង្វាន់ដ៏មានកិត្យានុភាព ដែលឆ្លុះបញ្ចាំងពីចំណង់មិត្តភាព សាមគ្គីភាព និងការគោរពសម្រាប់លោកស្រី និងប្រជាជនវៀតណាម។ អតីតអនុប្រធានរដ្ឋបានបញ្ជាក់ថា ពានរង្វាន់នេះមិនត្រឹមតែជាកិត្តិយសសម្រាប់លោកស្រីផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងជាការទទួលស្គាល់ប្រពៃណីនៃសាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមករវាងប្រជាជន វៀតណាម និងប៉ាឡេស្ទីន ក្នុងការតស៊ូដើម្បីឯករាជ្យជាតិ សន្តិភាព និងយុត្តិធម៌ផងដែរ៕
តាម vovworld.vn/km-KH