ដំណើរទស្សនកិច្ចនេះប្រារព្ធឡើងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែតុលា។
អគ្គលេខាបក្ស លោកតូ ឡឹម ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់កូរ៉េខាងជើង (រូបថត៖ VNA)
តបតាមការអញ្ជើញរបស់អគ្គលេខាបក្សពលករកូរ៉េខាងជើង ប្រធានគណៈកម្មការកិច្ចការរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក Kim Jong Un នាយប់ថ្ងៃទី ៨ ខែតុលា អគ្គលេខាបក្សលោកតូ ឡឹមនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុងហាណូយចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងជើង និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃការបង្កើតបក្សពលករកូរ៉េខាងជើង។ ដំណើរទស្សនកិច្ចនេះប្រារព្ធឡើងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែតុលា។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់កូរ៉េខាងជើងលើកនេះរបស់អគ្គលេខាបក្ស លោកតូ ឡឹម គឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមទៅកាន់កូរ៉េខាងជើងក្រោយរយៈពេល ១៨ ឆ្នាំមក។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងឱកាសដែលប្រទេសទាំងពីរ ប្រារព្ធ ខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត (១៩៥០ - ២០២៥) និងឆ្នាំមិត្តភាពវៀតណាម - កូរ៉េខាងជើង ២០២៥ ដែលបង្ហាញយ៉ាងរស់រវើកនូវសារៈសំខាន់នៃបក្សទាំងពីរ រដ្ឋទាំងពីរចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងកូរ៉េខាងជើង។
នាព្រឹកថ្ងៃទី ៩ តុលា (ម៉ោងក្នុងស្រុក) យន្តហោះដឹកអគ្គលេខាបក្សលោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋានអន្តរជាតិក្រុងព្យុងយ៉ាង។ អញ្ជើញទទួលស្វាគមន៍អគ្គលេខាបក្ស លោកតូ ឡឹម និងគណៈប្រតិភូនៅព្រលានយន្តហោះ មានវត្តមានប្រធាននាយកដ្ឋានអន្តរជាតិ - គណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្សពលករកូរ៉េខាងជើងលោក Kim Song Nam អនុរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើងលោក Im Chon In ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងជើង Le Ba Vinh និងតំណាងកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅកូរ៉ខាងជើង៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម