បទយកការណ៍ឯកទេស
ព្រះពុទ្ធសាសនាគណៈមហានិកាយ - “បេះដូង” នៃសហគមន៍ជនជាតិខ្មែរ នៅភូមិភាគខាងត្បូងវៀតណាម
ជីវិតមនុស្សផ្សារភ្ជាប់នឹងវត្តអារាម
យើងខ្ញុំមានវត្តមាននៅខេត្តត្រាវិញ (Tra Vinh) អញ្ជើញទៅចូលរួមពិធីរៀបការមិត្តម្នាក់ ជាជនជាតិខ្មែរឈ្មោះ ថាច់ រីកើង។ នៅពិធីរៀបការ បន្ទាប់ពី កូនប្រុសស្រីទាំងទ្វេ បានធ្វើពិធីគោរពបុព្វការីជន ជីដូនជីតា និងទទួលពាក្យជូនពរពីក្រុមញាតិទាំងសងខាង ក៏បានព្រឹត្តិទៅពិធីដែលមិនអាចកាត់រំលងបាន នោះគឺក្រាប់ទទួលពាក្យប្រសិទ្ធិពរ សន្តាប់នូវឱវាទរបស់ព្រះសង្ឃ ស្តីពីតួនាទីគូស្វាមីភរិយា និងតួនាទីកូនចំពោះឪពុកម្តាយ។
ជនជាតិខ្មែរចាប់ផ្តើមតាំងពេលប្រសូត្រ ធំពេញវ័យ ចាស់ជរា រហូតដល់បាត់បង់ជីវិតទៅ រាល់ទុក្ខព្រួយ ភាពសុខសាន្តនៃជីវិត សុទ្ធតែបានផ្សារភ្ជាប់នឹងវត្តអារាមទាំងអស់។ វត្តជានិមិត្តរូបស្មារតីនៃសហគមន៍ជនជាតិខ្មែរ នៅភូមិភាគខាងត្បូងវៀតណាម។ ភូមិស្រុកនីមួយៗ សុទ្ធតែមានវត្តអារាមជាមជ្ឈមណ្ឌលទ្រទ្រង់សាសនា និងកិច្ចការសង្គម។ (ប្រភព៖ សមាគមព្រះពុទ្ធសាសនាវៀតណាម) |
លោកមា ថាច់ អ៊ុត ជាអ្នកណែនាំរៀបចំពិធីរៀបការ ជូនកូនប្រុសស្រីទាំងទ្វេឱ្យដឹងថា “ព្រះសង្ឃជាអ្នកមានចំណេះដឹងខ្ពង់ខ្ពស់នៃសហគមន៍ និងតែងទទួលបានភាពគោរពកោតសរសើរ ម្លោះហើយការសិក្សាអប់រំ សម្រាប់ស្រទាប់យុវវ័យ គឺជាចំណែកភារកិច្ចមួយរបស់ព្រះសង្ឃ”។
យើងខ្ញុំមានចំណាប់អារម្មណ៍លើពិធីរៀបការថ្ងៃនោះ ញាតិខាងកូនប្រុសស្រីទាំងទ្វេ សុទ្ធតែអញ្ជើញចូលមកប្រគេនចង្ហាន់ដល់ព្រះសង្ឃ ដែលទ្រង់និមន្តមកឆាន់ ប្រទានឱវាទ និងប្រទានពរជ័យប្រោសព្រំដល់ក្រុមគ្រួសារខ្លួន។ ខ្ញុំមានចំណាប់អារម្មណ៍ មិនត្រឹមតែឃើញប្រព្រឹត្តទៅក្នុងពិធីរៀបការប៉ុណ្ណោះទេនៅពេលខ្ញុំធ្វើដំណើរតាមដងផ្លូវ ក៏ជួបប្រទះឃើញប្រជាជនដាក់បត្រប្រគេនចង្ហាន់ ផ្លែឈើ ផ្កា ថ្វាយដល់ព្រះសង្ឃ មិត្តថាច់ រីកើង ឱ្យដឹងថា នេះជាលក្ខណៈល្អប្រពៃ នៃផ្នត់គំនិតជនជាតិខ្មែរ។ ជនជាតិខ្មែរ បានចាត់ទុកការបំពេញកុសល ថ្វាយប្រគេនបរិក្ខារសម្រាប់វត្តអារាម ជារបៀបប្រពៃណីទំនៀមទម្លាប់នៃជនជាតិខ្លួន។ ហេតុនេះហើយ ទ្រឹស្តីព្រះពុទ្ធសាសនាតែងរួមដំណើរបញ្រ្ជាបចូលជីវិតព្រមទាំងបានជនជាតិខ្មែរយកទៅប្រតិបត្តិក្នុងជីវភាពជាប្រចាំ។ ប្រការនេះ បង្កើតជាតម្លៃវប្បធម៌មនុស្សសាស្រ្ត សម្រាប់ប្រជាជនខ្មែរ ដែលតែងរស់នៅប្រកបដោយមេត្រីភាព និងសុខដុមរមនា។
ក្រុមគ្រួសារ ថាច់ រីកើង ធ្វើពិធីថ្វាយក្រុងពាលី ប្រកាលដល់បុព្វការីជន ថាកូនចៅចេញទៅដណ្តឹងប្រពន្ធ។ រូបថត៖ ថុងហាយ ពិធីចងដៃដល់កូនប្រុសកូនស្រីទាំងទ្វេ នៅផ្ទះខាងប្រុស។ រូបថត៖ ង្វៀនឡឹន ពិធីដង្ហែនាំកូនស្រីមកកាន់ផ្ទះកូនប្រុស ថាច់ រីកើង។ រូបថត៖ ង្វៀនឡឹន ព្រះចៅអធិការ ថាច់ ញ៉ឹត គង់នៅវត្តស្វាយសៀមថ្មី ប្រទានពរជ័យដល់គូស្វាមីភរិយា ថាច់ រីកើង ក្នុងថ្ងៃរៀបការ។ រូបថត៖ ថុងហាយ ![]() ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ក្រុមគ្រួសារ ថាច់ រីកើង នៅស្រុកថ្កូវ ខេត្តត្រាវិញ (Tra Vinh) យកទឹកអប់បន្ទាប់ពីស្រង់ទឹកព្រះ មកប្រព្រឹត្តពិធីលាងជើង ជូនជីដូន ជីតា អ្នកមានគុណ សុំខមាទោស និងសុំប្រទានពរជ័យពីលោកអ្នកមានគុណ។ រូបថត៖ ង្វៀនឡឹន ![]() ជនជាតិខ្មែរ លាងសម្អាតព្រះពុទ្ធបដិមាករ ដើម្បីត្រៀមទទួលបុណ្យចូលឆ្នាំថ្មី។ រូបថត៖ ង្វៀនឡឹន ![]() អាសនៈបូជាព្រះពុទ្ធ នៅផ្ទះជនជាតិខ្មែរ បានតុបតែងស្អាត នារដូវបុណ្យចូលឆ្នាំថ្មី។ រូបថត៖ ង្វៀនឡឹន ![]() សមណៈសិស្សរៀនអក្សារសាស្រ្តខ្មែរ នៅសាលាមធ្យមសិក្សាបាលី ខេត្តត្រាវិញ (Tra Vinh)។ រូបថត៖ ង្វៀនឡឹន បងប្អូនជនជាតិខ្មែរកំពុងស្តាប់ព្រះធម៌នៅវត្តអារាម។ រូបថត៖ ឯកសារកាសែតរូបភាពវៀតណាម |
បន្ទាប់ពីបញ្ចប់ពិធីរៀបការ យើងខ្ញុំបញ្ឆៀងចូលទស្សនាវត្ត ដែលនៅក្បែរផ្ទះមិត្ត ថាច់ រីកើង។ នាំយើងខ្ញុំធ្វើដំណើរបណ្តើរ លោកមា ថាច់ អ៊ុត និយាយបណ្តើរថា៖ ”ជីវិតជនជាតិខ្មែរម្នាក់ៗ ហាក់ដូចជាបានផ្សារភ្ជាប់នឹងវត្តអារាមណាមួយស្រេចទៅហើយ ក្នុងចិត្តរបស់ពួកកាត់ វត្តអារាមដូចជាទីប្រជុំបរិយាកាសពិសិដ្ឋមួយផ្សារភ្ជាប់នឹងក្រុមគ្រួសារ ក៏ដូចជាសហគមន៍មនុស្សនៅជុំវិញ។ ដូច្នេះ ទោះបីធ្វើដំណើរទៅឆ្ងាយ ពួកគាត់តែងតែនឹកដល់វត្តអារាម នៅឯស្រុកកំណើតខ្លួន និងត្រៀមរួមចំណែកជាកម្លាំង របស់របរ ដើម្បីកសាងវត្តពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អស្អាតឡើង”។
ពេលធ្វើដំណើរមកដល់វត្តដើរកម្សាន្តទស្សនាជុំវិញ យើងខ្ញុំឃើញលក្ខណៈស្ថាបត្យកម្មពិសេសរបស់ជនជាតិខ្មែរ គឺខ្លោងទ្វារ ព្រះវិហារ និងរបងព័ទជុំវិញវត្ត បានតុបតែងទៅដោយក្បាច់រចនា និងរូបចម្លាក់បង្ហាញពីប្រវត្តិព្រះពុទ្ធ។ ទន្ទឹមនោះ ក្នុងវត្តមានចេតិយដែលបានសាងសង់យ៉ាងច្រើននៅជុំវិញបរិវេណវត្ត តាមការស្វែងយល់របស់យើងខ្ញុំ ទើបដឹងថា នោះជាទីកន្លែងសម្រាប់ដាក់អដ្ឋិធាតុនៃក្រុមគ្រួសារ សាច់ញាតិ ក្នុងវង្សត្រកូលពេញចែកឋានទៅ។ ពីព្រោះតាមទស្សនៈទាន ក្នុងទំនៀមទម្លាប់នៃជនជាតិខ្មែរ ពេលទើបប្រសូត្រចេញ តែងបានព្រះសង្ឃធ្វើពិធីសុំសុខ ដល់ធំពេញវ័យបានព្រះសង្ឃបង្រៀនប្រៀនប្រដៅ រហូតដល់បាត់បង់ជីវិតទៅ ក៏គ្មានបំណងអ្វីក្រៅពីផ្ញើអដ្ឋិធាតុនឹងវត្តអារាម បាននៅជិតសម្មាសម្ពុទ្ធ។
ក្នុងការរៀបរាប់បរិយាយរបស់លោកមា ថាច់ អ៊ុក ប្រការពិសេសមួយ គឺបុរសខ្មែរ ដែលមានអាយុធំពេញវ័យ សុទ្ធតែត្រូវឆ្លងកាត់ពេលវេលាបួសរៀននៅឯវត្ត។ ទើបជនជាតិខ្មែរស្ទើទាំងអស់ តែងឱ្យកូនទៅវត្តសាងផ្នួស ចាប់ពីមានអាយុប្រហែល១២ ឬ១៣ឆ្នាំ។ សាងផ្នួសមិនត្រឹមតែ ជាសកម្មភាពមានលក្ខណៈសាសនាសុទ្ធសាធ ម្យ៉ាងបុរសខ្មែរសុទ្ធតែមានគំនិតយល់ឃើញថា ការបួសនៅវត្ត គឺដើម្បីរៀនអក្សរ សីលធម៌ ក្លាយជាមនុស្សមានប្រយោជន៍ដល់សង្គម។ នោះក៏ជារបៀបមួយសន្សំបុណ្យកុសលជូនគ្រួសារខ្លួន និងជារបៀបបង្ហាញពីការតបស្នងសងគុណដល់ឪពុកម្តាយ។ បន្ទាប់ពីបួសរៀននៅវត្ត បុរសជនជាតិខ្មែរ អាចជ្រើសផ្លូវបួសអស់មួយជីវិត ឬសឹកចាកសិក្ខាបទត្រឡប់មកជីវភាពគ្រួសារធ្វើកិច្ចការផ្សេងៗដែលខ្លួនពេញចិត្ត។
ទៅកម្សាន្តវត្តនារដូវបុណ្យទាន
ក្នុងប៉ុន្មានថ្ងៃនៅខេត្តត្រាវិញ (Tra Vinh) យើងខ្ញុំនៅបានដឹងថា តាមរយៈរឿងព្រេង ទេវកថា ស្តីពីពិធីបុណ្យប្រជាប្រិយ នៃបងប្អូនជនជាតិខ្មែរនៅភូមិភាគខាងត្បូងវៀតណាម បានបង្ហាញឡើងនូវមេរៀនខ្លឹមសារអំពីរបៀបរស់នៅ បែបទ្រឹស្តីព្រះពុទ្ធ។
វត្តអារាមចំពោះបងប្អូនជនជាតិខ្មែរប្រមាណ ១,៣លាននាក់ នៅភូមិភាគខាងត្បូងវៀតណាម មិនត្រឹមជាមជ្ឈមណ្ឌលសកម្មភាពសាសនា នៅទាំងបានចាត់ទុកជា “មជ្ឈមណ្ឌលវប្បធម៌ - សង្គម” និងជា “ផ្ទះរួម” នៃបងប្អូនជនជាតិខ្មែរ។ (ប្រភព៖ សមាគមពុទ្ធសាសនាវៀតណាម) |
ក្នុងមួយឆ្នាំ សហគមន៍ជនជាតិខ្មែរនៅភូមិភាគខាងត្បូងវៀតណាម មានពិធីបុណ្យទានប្រហែលជាងដប់ពិធី ក្នុងនោះមានពិធីបុណ្យសំខាន់បី៖ ពិធីបុណ្យសែនដូនតាឬភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំថ្មី បុណ្យថ្វាយព្រះខែ - អកអំបុក។ បុណ្យចូលឆ្នាំថ្មី ជាបុណ្យប្រពៃណីនៃជនជាតិខ្មែរ នៅភូមិភាគខាងត្បូងវៀតណាម បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមេសា ជារៀងរាល់ឆ្នាំ។ នេះជាឱកាសសម្រាប់ពុទ្ធបរិស័ទខ្មែរ បង្ហាញពីទឹកចិត្តដឹងគុណូបការរបស់ខ្លួន ចំពោះព្រះពុទ្ធ ឪពុកម្តាយ និងបុព្វការីជន។
មុនចូលឆ្នាំថ្មី ជនជាតិខ្មែរទិញប្រដាប់ប្រដាសម្រាប់គ្រួសារ ប៉ុន្តែមិនភ្លេចកិច្ចការសំខាន់ គឺប្រើកម្លាំងនិងទឹកប្រាក់ ថ្វាយប្រគេនសម្រាប់ព្រះសង្ឃជួសជុលតុបតែងវត្តអារាមនៅតាមភូមិស្រុកនីមួយៗ ដែលមានក្រុមគ្រួសារកំពុងរស់នៅ។ នារាត្រីអស់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី បន្ទាប់ពីធ្វើពិធីអុជធូបនមស្ការក្នុងផ្ទះរួច រាល់ពិធីការទទួលបុណ្យចូលឆ្នាំថ្មីសំខាន់ៗ សុទ្ធតែបានប្រព្រឹត្តទៅនៅក្នុងវត្ត លំអោនចិត្តគោរពចំពោះព្រះពុទ្ធនិងបុព្វការីជន ដើម្បីសុំប្រទានពរជ័យមកលើគ្រួសារ ឆ្នាំថ្មីសុខសាន្ត។
|
បុណ្យចូលឆ្នាំថ្មី របស់ជនជាតិខ្មែរតែងប្រព្រឹត្តទៅក្នុងអំឡុងពេលបីថ្ងៃ។ ថ្ងៃដំបូងធ្វើពិធីកិច្ចសាសនា សូត្រមន្តចម្រើនព្រះបរិត្ត និងសម្តែងធម្មទេសនា អំណរបុណ្យចូលឆ្នាំថ្មី។ ថ្ងៃទី២ ពុទ្ធបរិស័ទប្រគេនចង្ហាន់ដល់ព្រះសង្ឃ និងពួនភ្នំខ្សាច់។ សូត្រធម៌បង្សុកូលតាមចេតិយបញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធ ហើយសុំសេចក្តីសុខជួនដល់អ្នកដែលមានជីវិត។ ថ្ងៃទី៣ ប្រព្រឹត្តទៅពិធីស្រង់ទឹកព្រះស្រង់ទឹកព្រះចៅអធិការវត្ត និងលាងដៃជើងជូនអ្នកមានគុណ។
ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណី វត្តអារាមរបស់ជនជាតិខ្មែរ ហាក់ដូចជាមានភាពអូអរលេចធ្លោឡើងវិញ។ ព្រះពុទ្ធបដិមាករ ព្រះវិហារ ខ្លោងទ្វារ បានលាបទៅដោយពណ៌មាស បរិវេណវត្តតុបតែងស្អាតបាត។ ក្រុមមនុស្សនីមួយៗជាមួយនឹងសម្លៀកបំពាក់ឆើតឆាយ ទឹកមុខស្រស់រីករាយ ដៃកាន់ធូបទៀន និង គ្រឿងបរិក្ខារធ្វើដំណើរទៅវត្ត។
តាមទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិខ្មែរ អ្នកស្លាប់ក្នុងគ្រួសារសុទ្ធតែបានបូជាព្រះអគ្គី និងផ្ញើអដ្ឋិធាតុនៅក្នុងវត្ត។ ដូច្នេះហើយ ក្នុងអំឡុងពេលបីថ្ងៃបុណ្យចូលឆ្នាំថ្មី ពួកគាត់មានទស្សនទានមួយ “យើងពិសាអ្វី គឺជីដូនជីតាលោកពិសារបស់ហ្នឹង”។ គ្រឿងបរិក្ខារសែនថ្វាយ ដែលមិនអាចរំលងបាន គឺនំអន្សមជ្រូក ផ្លែឈើនៅនឹងចម្ការ សំពត់សមួយផ្ទាំង ដើម្បីឆាកបង្សុកូលជូនទៅដល់ជីដូនជីតា ទុកឱ្យគាត់បានប្រើប្រាស់។ ឆ្លងបីថ្ងៃបុណ្យចូលឆ្នាំថ្មីនៅវត្ត មនុស្សគ្រប់គ្នាទើបត្រឡប់មកផ្ទះ ប្រព្រឹត្តពិធីលាងដៃជើងជូនឪពុកម្តាយ ជីដូនជីតា ដើម្បីខមាទោស និងសុំពរជ័យអំពីលោកអ្នកមានគុណ។
អាចនិយាយថា ឆ្លងកាត់ច្រើនសតវត្សរ៍ ពុទ្ធសាសនាគណៈមហានិកាយបានរួមចំណែកបង្កើតបានលក្ខណៈវប្បធម៌ពិសេស របស់ជនជាតិខ្មែរនិយាយដោយឡែក និងវប្បធម៌សហគមន៍ជនជាតិវៀតណាមនិយាយរួម៕
នៅតំបន់ភូមិភាគខាងត្បូងវៀតណាម សព្វថ្ងៃមានវត្តអារាមតូចធំប្រហែលជាង៦០០ ជាមួយនឹងព្រះសង្ឃជាង១០.០០០ព្រះអង្គ ក្នុងនោះមានវត្តអារាមបានកសាងមុននេះរាប់រយសតវត្សរ៍ បានទទួលស្គាល់ជាបេតិកភណ្ឌជាតិ បេតិកភណ្ឌស្ថាបត្យកម្មសិល្បៈថ្នាក់ជាតិដូចជា៖ វត្តអង្គ វត្តកំពង់ វត្តកំពង់ជ្រៃ វត្តមហាធប់ជាដើម។
(ប្រភព៖ សមាគមពុទ្ធសាសនាវៀតណាម) |
អត្ថបទ៖ ង៉ឹនហា - រីកើង